Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពលរដ្ឋ​រស់នៅ​...

ពលរដ្ឋ​រស់នៅ​លើដី ចំណី​ស្ទឹង​សៀមរាប ៤០០​គ្រួសារ ទទួលយក​ការដោះស្រាយ របស់​រដ្ឋបាល ខេត្តសៀមរាប​

ដោយៈ​បាយ័ន / សៀមរាបៈ ប្រជាពលរដ្ឋ​ចំនួន ៤០០ គ្រួសារ ដែល​រស់នៅ​លើដី ចំណី​ស្ទឹង​សៀមរាប ត្រើយ​ខាងកើត ចាប់ពី​ស្ពាន​នាគ រហូតដល់​ស្ពាន​អង្គរ បាន​ស្ម័គ្រចិត្ត ទទួលយក​នូវ​ការដោះស្រាយ និង​ការរៀបចំ​ទីតាំង​ដី ប្រគល់ជូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ នៅតាម​ដី​មាត់​ស្ទឹង ទាំងនោះ តាម​ការរៀបចំ របស់​រដ្ឋបាល ខេត្តសៀមរាប​។ នេះ​ជា​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​ខេត្តសៀមរាប នា​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ នេះ​។​

​ក្នុង​សេចក្តីជូនដំណឹង របស់​រដ្ឋបាល ខេត្តសៀមរាប បានបញ្ជាក់​ថាៈ រដ្ឋបាលខេត្ត បាន​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ដើម្បី​សម្របសម្រួល និង​ដោះស្រាយ លើ​ការងារ រុះរើ​សំណង់ នៅតាម​ដី​ចំណី​ស្ទឹង​សៀមរាប​នេះ និង​ការរៀបចំ ទីតាំង​ដី​ប្រគល់ជូន ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ នៅតាម​ដី​មាត់​ស្ទឹង​ទាំងនេះ ស្ថិតនៅ​ភូមិ​រុន​តា​ឯក ឃុំ​ឃុន​រាន ស្រុក​បន្ទាយស្រី​។ ជាក់ស្ដែង បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ ប្រមាណ ៤០០ គ្រួសារ ក៏បាន​ស្ម័គ្រចិត្ត ទទួលយក​នូវ ការដោះស្រាយ​នេះ ដោយបាន​ចាប់ឆ្នោត ទទួលយក​ក្បាលដី ដែល​បានរៀបចំ ដោយ​ក្រុមការងារ នៅសល់តែ​ប្រមាណ ១០ គ្រួសារ​ប៉ុណ្ណោះ ដែល​ក្រុមការងារ កំពុង​សម្របសម្រួល និង​ដោះស្រាយ បន្ថែមទៀត​។​

​សេចក្តីជូនដំណឹង​នោះ ក៏បាន​បញ្ជាក់ដែរថាៈ បរិវេណ​ដី ដែល​បាន​ប្រគល់ជូន មាន​សណ្ឋាន​ភាគច្រើន ជា​កូន​ព្រៃរបោះ​តូចៗ និង​ដើមឈើ​ធំ តិចតួច​បំផុត​។ ដោយឡែក ចំពោះ​ការសំអាត​ទីធ្លា ក្នុង​បរិវេណ​ដី ក្រុមការងារ​ចំពោះ​កិច្ច​នេះ ត្រូវ​សហការ​ជាមួយ ម្ចាស់​ក្បាលដី​នីមួយៗ ដើម្បី​ដោះស្រាយ តាម​សំណូមពរ ជាក់ស្ដែង ព្រោះថា ដើមឈើ​មួយចំនួន អាច​នៅ​ផ្ដល់​ជា​ប្រយោជន៍ ឬ​ជា​ជម្រក ឬ​ជា​ម្លប់​ជាដើម​។ មកទល់ពេលនេះ ឃើញ​មាន​ម្ចាស់​ក្បាលដី មួយចំនួន​តូច បាន​ឈូស​សំអាត​ទីធ្លា ដោយ​ខ្លួនឯង ដោយសារ​គាត់ មានលទ្ធភាព​ដោះស្រាយ ដោយ​ខ្លួនឯង ដោយ​មិនបាន​រង់ចាំ សហការ​ជាមួយនឹង​ក្រុមការងារ​ឡើយ​។ ឯ​ក្រុមការងារ បាន​ជួយ​សម្របសម្រួល លើ​កិច្ចការងារ​ជាច្រើន ជូន​ដល់​បងប្អូន​ទាំងនោះ រួមមាន ការសម្របសម្រួល មធ្យោបាយ ក្នុងការ​រុះរើ និង​ការដឹកជញ្ជូន ទៅដល់​ទីតាំង ដែល​ត្រូវ​សាងសង់​ថ្មី​, ការសហការ​ជាមួយ កម្លាំង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប ក្នុងការ​សំអាត កូនឈើ​តូចៗ និង​ជួយ​ការសាងសង់ លំនៅឋាន ឬ​រោងស្នាក់នៅ បណ្ដោះអាសន្ន នៅ​ភូមិ​រុន​តា​ឯក ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី​, ការរៀបចំ​បណ្ដាញ​ផ្លូវថ្នល់ អគ្គិសនី ភ្លើង​បំភ្លឺ​សាធារណៈ និង​អណ្ដូងទឹក សម្រាប់​ប្រើប្រាស់ , ការផ្ដល់​នូវ​ជំនួយ​សង្គមកិច្ច សុខមាលភាព ជូន​ដល់​គ្រួសារ​ងាយ​រងគ្រោះ ស្ត្រី​ទើប​សម្រាលកូន និង​ជន​ចាស់ជរា ជាដើម , ការរៀបចំ​ផ្តល់​សៀវភៅ​ស្នាក់នៅ ការសម្របសម្រួល ដល់​ការផ្ទេរ និង​ចុះឈ្មោះ​ចូលរៀន នៅ​សាលា​ដែល​នៅក្បែរនោះ ជាដើម​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​បើក​ការដ្ឋាន សាងសង់​ផ្លូវ ៣៨ ខ្សែ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅនេះ​។ ក្រោយពី​បើក​ការដ្ឋាន​រួចមក ក្រុមការងារ​បច្ចេកទេស សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ បាន​ចុះ​សាងសង់​ផ្លូវ ទាំង ៣៨ ខ្សែ ហើយ​ក្នុង​គម្រោង សាងសង់​នេះ ក៏មាន​ការសាងសង់​ផ្លូវ មាត់​ស្ទឹង​សៀមរាប ត្រើយ​ខាងកើត ចាប់ពី​ស្ពាន​នាគ រហូតដល់​ស្ពាន​អង្គរ​៕/V​

ពលរដ្ឋ​រស់នៅ​លើដី ចំណី​ស្ទឹង​សៀមរាប ៤០០​គ្រួសារ ទទួលយក​ការដោះស្រាយ របស់​រដ្ឋបាល ខេត្តសៀមរាប​

ពលរដ្ឋ​រស់នៅ​លើដី ចំណី​ស្ទឹង​សៀមរាប ៤០០​គ្រួសារ ទទួលយក​ការដោះស្រាយ របស់​រដ្ឋបាល ខេត្តសៀមរាប​

ពលរដ្ឋ​រស់នៅ​លើដី ចំណី​ស្ទឹង​សៀមរាប ៤០០​គ្រួសារ ទទួលយក​ការដោះស្រាយ របស់​រដ្ឋបាល ខេត្តសៀមរាប​

ពលរដ្ឋ​រស់នៅ​លើដី ចំណី​ស្ទឹង​សៀមរាប ៤០០​គ្រួសារ ទទួលយក​ការដោះស្រាយ របស់​រដ្ឋបាល ខេត្តសៀមរាប​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular