Home ព័ត៌មានសំខាន់ៗ វៀតណាម​ព្រមាន...

វៀតណាម​ព្រមាន​ថា ការស៊ើបអង្កេត​របស់​អាម៉េរិក​លើ​ការធ្វើ​ជំនួញ​របស់​ខ្លួន​អាច​ប៉ះពាល់​ទំនាក់ទំនង​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​ការស៊ើបអង្កេត​របស់​អាម៉េរិក​ណា​មួយ​លើ​រូបិយ​បណ្ណ​និង​ពាណិជ្ជកម្ម​ឈើ​របស់​ខ្លួន​អាច​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​និង​កម្មករ​ព្រមទាំង​អ្នក​ប្រើប្រាស់​នៅក្នុង​ប្រទេស​ទាំង​ពីរ​ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​។​

​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ត្រាំ កាលពី​ចុងខែ​មុន​បាន​បញ្ចូល​ប្រទេស​វៀតណាម​ទៅក្នុង​បញ្ជី​អ្នក​ប្រើល្បិច​រូបិយ​បណ្ណ​ដើម្បី​កេងចំណេញ ជា​ចំណាត់ការ​មួយ​ដែល​ពួក​អ្នក​តាមដាន​និយាយថា​អាច​អោយ​​ក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក​វាយ​ពន្ធ​លើ​ទំនិញ​វៀតណាម​។​

​ក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក​ក៏​ចោទប្រកាន់​វៀតណាម​ថា​គេចវេស​ពន្ធ តាមរយៈ​ដូរ​ស្លាក​យីហោ​លើ​ផលិតផល​ឈើ​ចិន​។​

​តែ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួង​ពាណិជ្ជកម្ម​វៀតណាម​បាន​និយាយថា​« ការស៊ើបអង្កេត​អាច​នាំ​មក​ផល​មិន​ជា​ទី​ពេញចិត្ត ធ្វើអោយ​ខូចខាត​ទំនាក់ទំនង​ទ្វេភាគី និង​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​​លើ​ក្រុមហ៊ុន​រាប់ពាន់ កម្មករ​និង​អ្នកប្រើប្រាស់​រាប់លាន​នាក់​នៅ​វៀតណាម​និង​អាម៉េរិក​»​។​

​គេ​ថា រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក​ផាំ ប៊ិញ មិញ និង​សម​ភាគី​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ បាន​ពិភាក្សា​គ្នា​រឿង​នេះ​កាលពី​ថ្ងៃ​ពុធ​។​

​វៀតណាម​តែងតែ​និយាយថា គោលនយោបាយ​រូបិយ​បណ្ណ​របស់​ខ្លួន​គឺ​ត្រូវ​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ និង​រក្សា​អតិផរណា​អោយ​នៅក្រោម​ការគ្រប់គ្រង​បាន ហើយ​មិន​បាន​ស្វះស្វែង​រក​ប្រៀប​ជំនួញ​បែប​មិន​​យុត្តិធម៌​ណា​ទេ​។​

​អាម៉េរិក​ជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​វៀតណាម ស្មើនឹង​១​ភាគ​៤​នៃ​ការនាំចេញ​សរុប​របស់​ប្រទេស​នេះ​នៅ​ឆ្នាំ​២០២០​។​ទំនិញ​នាំចេញ​សំខាន់ៗ​របស់​ប្រទេស​នេះ​ទៅ​កាន់​អាម៉េរិក​រួមមាន សម្លៀក​បំពាក់ គ្រឿ​​ង​អេឡិចត្រូនិក និង​ផលិតផល​ឈើ​។​

​ក្នុង​កិច្ចពិភាក្សា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​វៀតណាម បាន​ស្នើ​អោយ​អាម៉េរិក​ស៊ើបអង្កេត​គ្រប់​ទិដ្ឋភាព​ទាំងអស់ ធ្វើឡើង​ដោយ​ត្រឹមត្រូវ​និង​តម្លាភាព ព្រមទាំង​ផលប៉ះពាល់​ដែល​​អាច​កើតមាន​ផងដែរ​។​

​សេចក្តីថ្លែងការណ៍​បានបញ្ចប់​ថា​« យើង​សង្ឃឹមថា​ភាគី​ទាំង​២​អាច​បិទ​បញ្ចប់​ករណី​នេះ​ដោយ​រលូន​ដោយ​គ្មាន​ការ​វាយ​ពន្ធ​លើ​ទំនិញ​វៀតណាម​»៕

​ក្នុងពេល​ជាមួយគ្នា ការស៊ើបអង្កេត​របស់​អាម៉េរិក​បានកំណត់​ជំហាន​ដំបូង​ថា ក្រុមហ៊ុន​នាំចេញ​សំបក​កង់​រថយន្ត​វៀតណាម​ភាគច្រើន​មិន​នាំ​ផលិតផល​ទៅ​លក់​ថោកៗ​បង្ខូច​ថ្លៃ​នៅ​អាម៉េរិក និង​មិន​ជា​​មុខសញ្ញា​នៃ​ការ​វាយ​ពន្ធ​ប្រឆាំង​ការលក់​បង្ខូច​ថ្លៃ​ទេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular