ដោយៈ សុផល/សៀមរាបៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៨ ខែមករា នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើ វឌ្ឍនភាព សាងសង់ផ្លូវទាំង ៣៨ ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបដោយមានការ ចូលរួមពី សំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់មន្ត្រីបច្ចេកទេស ក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ស្ដាប់ការធ្វើបទបង្ហាញ បញ្ហា និងសំណូមពរ របស់ក្រុមទទួលបន្ទុកនីមួយៗ សំដៅស្វែងរកដំណោះស្រាយ ក៏ដូចជាផ្ដល់អនុសាសន៍ នានា ដើម្បីធានាឱ្យការសាងសង់ផ្លូវ ទាំង ៣៨ ខ្សែនេះ មានគុណភាពខ្ពស់ស្របតាម បទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក។
ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថាៈ « យើងទាំងអស់គ្នា ជិះទូកតែមួយរួមគ្នា គឺទូករាជរដ្ឋា ភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចនេះយើងត្រូវសហការគ្នា ឱ្យបានរឹងមាំ មានឆន្ទៈខ្ពស់ និងមុតស្រួច ដោយធ្វើអ្វីៗ ធ្វើម្ដងឱ្យហើយ ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានគុណភាព ខ្ពស់»។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានប្រកាសសមាសភាព ថ្នាក់ដឹកនាំក្រសួង ក្នុងមុខតំណែង ជាអនុរដ្ឋលេខាធិការ ចំនួនបួនរូប ដែលទើបទទួលការតែងតាំង ពីព្រះមហាក្សត្រ ដែលថ្នាក់ដឹកនាំ ទាំងបួនរូបនោះ គឺជាអតីតមន្ត្រីរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន មានចំណេះដឹង បទពិសោធន៍ និងស្នាដៃខ្ពស់ក្នុងការងារ សាធារណការ ដើម្បីរួមគ្នាអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវទាំង ៣៨ ខ្សែ ក្នុងក្រុងសៀមរាប ឲ្យកាន់តែមានគុណភាពខ្ពស់ និងសម្រេចតាមផែនការដែលបាន គ្រោងទុក។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ យ៉ាងក្រៃលែងចំពោះអង្គភាព ទាំងអស់ ដែលបានខិតខំបំពេញ ការងាររបស់ខ្លួន ដោយយកចិត្តទុកដាក់ និងមានទំនួល ខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដាំផ្ញើ ឱ្យភាគីពាក់ព័ន្ធទាំងអស់ សហការ និងពិភាក្សាគ្នា រិះរកបច្ចេកទេសល្អៗ សាងសង់សង់ផ្លូវទាំង ៣៨ ខ្សែនេះ ឱ្យកាន់តែមានគុណភាពខ្ពស់ ហើយក្នុងករណី ការសាងសង់កន្លងមក មិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសត្រូវកែ សម្រួលឱ្យត្រូវ តាមបទដ្ឋានបច្ចេកទេស ឡើងវិញ៕/V-PC