ដោយៈសម្បត្តិ/ភ្នំពេញៈបុរសជាម្ចាស់ម៉ូតូដែលត្រូវរថយន្តតូចបុកអូសជាច្រើនម៉ែត្រធ្លាក់ប្រឡាយទឹកស្អុយកាលពីយប់ថ្ងៃទី៧ ខែមករា ត្រង់ចំណុចលើផ្លូវ៥០ម៉ែត្រភូមិអន្លង់គង់ថ្មីសង្កាត់ព្រៃសខណ្ឌដង្កោនោះត្រូវបានប្រជាពលរដ្ឋរកសាកសពឃើញហើយកាលពីព្រឹកថ្ងៃទី៨ ខែមករានិងបានប្រគល់ឱ្យក្រុមគ្រួសារ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចំណូរ ជីវិត មានអាយុវ៣៦ឆ្នាំ មានស្រុកកំណើតឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ជនរងគ្រោះជិះម៉ូតូហុងដាពណ៌ខ្មៅពាក់ផ្លាកលេខកណ្ដាល 1G-3398 បើកបរដោយឈ្មោះ សម្បត្តិ បូរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅឋិតក្នុងភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង( រងរបួសធ្ងន់) ។ ចំណែករថយន្ដបង្កម៉ាក តូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2AX-2687 បើកបរដោយឈ្មោះ សែន រតនា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមេការសំណង់ មានទីលំនៅឋិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។អ្នកបើកឡានត្រូវបានឃាត់ខ្លួនក្រោយកើតហេត។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថាដំបូងគេឃើញរថយន្តខាងលើបើកបរកក្នុងល្បឿនដូចហោះពីទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿងធ្វើដំណើរស្របទិសដៅគ្នាពីក្រោយពេញទំហឹងបណ្ដាលឲ្យអូសជាច្រើនម៉ែត្រធ្លាក់ផ្លូវចូលទៅក្នុងប្រឡាយទឹកស្អុយទាំងម៉ូតូនិងរថយន្តចូលទៅកៀបនិងធ្នឹមផ្ទះប្រជាពលរដ្ឋទៅមុខលែងរួច ។
ប្រភពដដែលបានបន្តទៀតថាបន្ទាប់មកក៏នាំគ្នាចូលទៅមើលឃើញបុរសម្នាក់ដេករបួសធ្ងន់ក៏បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់។ ប៉ុន្តែមានការសង្ស័យព្រោះនៅកន្លែងគ្រោះថ្នាក់បន្សល់ទុកមួកសុវត្ថិភាពពីរនិងស្បែកជើងពីរ។ដោយមានការសង្ស័យនៅព្រឹកថ្ងៃទី៨ខែមករាក៏នាំគេស្វែងរកទើបឃើញសាកសព៕សរន