Home ព័ត៌មានជាតិ នយោបាយ ​គ​.​ជ​.​ប. ៖...

​គ​.​ជ​.​ប. ៖ ការប្រើ​ពាក្យស្លោក “​ប្រទេស​របស់​យើង បើ​អត់​សម្ព័ន្ធ (LDP)​ទេ គឺ​រលាយ​ហើយ​” ​មាន​ខ្លឹមសារ​ប្រហាក់ប្រហែលគ្នា​នឹង​រដ្ឋធម្មនុញ្ញ​នៃ​របប ប៉ុល ពត​

ដោយៈ​ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.)​បាន​ឆ្លើយតប​ទៅនឹង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP)​ថា​ការប្រើ​ពាក្យស្លោក​“​ប្រទេស​របស់​យើង​បើ​អត់​សម្ព័ន្ធ​(LDP)​ទេ​គឺ​រលាយ​ហើយ​”​គឺមាន​ខ្លឹមសារ​ប្រហាក់ប្រហែលគ្នា​នឹង​ខ្លឹមសារ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​របប ប៉ុល ពត សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​។ ខ្មែរ​គ្រប់រូប​ធ្លាប់​ភ្លក្ស​រសជាតិ​នេះហើយ ពុំ​អាច​បំភ្លេច​បានទេ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់ គ​.​ជ​.​ប​. នៅ​ថ្ងៃទី​៨ ខែមករា​នេះ​។​

​គ​.​ជ​.​ប​. បានកត់សម្គាល់​យ៉ាងសំខាន់​មួយទៀត គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​អួតអាង​យក​របាយការណ៍​កម្រាស់​ជាង ១៨០០​ទំព័រ​ដែល​វាយប្រហារ​ជាតិ​សាសន៍​ខ្លួនឯង​ទៅ​អួត​ប្រាប់​បរទេស​និង​អន្តរជាតិ​ឱ្យឃើញថា​មានតែ​គណបក្ស​អញ​ទេ​ដែល​ល្អឥតខ្ចោះ រីឯ​គណបក្ស និង​ស្ថាប័ន​ផ្សេងៗ​ទៀត សុទ្ធតែ​អាក្រក់​ទាំងអស់​។ គណបក្ស​នេះ​ស្មាន​ខុស​ថា បរទេស​នានា​គេ​នឹង​ឱ្យ​តម្លៃ​ខ្លួន​ខ្ពស់ តែ​ភ្លេច​គិតថា បរទេស​ទាំង​នោះគេ​នឹង​ពេបជ្រាយ​ពីក្រោយ​ខ្នង ដោយ​វាយតម្លៃ​យ៉ាងច្បាស់​ថា “​ជាតិ​សាសន៍​គ្នា​វា វា​គង់​ស្អប់​គ្នា​វា​ដល់​ឆ្អឹង តើ​មាន​ហេតុផល​អ្វី​វា​មក​ស្រឡាញ់​ជាតិ​សាសន៍​ដទៃ​នោះ​?” គ្រប់​បរទេស គឺ​គេ​គិត​ដូច្នេះ​។​

​គ​.​ជ​.​ប​. បាន​សង្កេត និង​កត់សម្គាល់ឃើញ​នូវ​គ្រោះថ្នាក់​ដ៏​ធំ​មួយ ដែល​ប៉ះពាល់​ដល់​ជោគវាសនា​អនាគត​របស់​យុវជន​ផ្ទាល់ ដែល​ដើរ​តាម​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ពីព្រោះ​គណបក្ស​នេះ បាន​អប់រំ​បង្រៀន និង​ផ្ដល់នូវ​ចិត្តគំនិត អាកប្បកិរិយា សម្ដីសំដៅ ចំនួន​បី​សម្រាប់​សកម្មជន​របស់​គេ គឺ​៖
១. និយាយ​អ្វី ក៏​មិន​ស្ដាប់ ,២. ឱ្យធ្វើ​អ្វី ក៏​មិន​ធ្វើ និង​ទី​៣. មានឱកាស​គឺ​ប្រឆាំង​តបត​។ ចិត្តគំនិត និង​អាកប្បកិរិយា សម្ដី​ទាំង ៣​ប្រភេទ​នេះ​នឹង​នាំ​ដល់​យុវជន​ឱ្យ​ស្អប់ខ្ពើម​យកជាតិ​សាសន៍​ខ្លួនឯង​ជាស​ត្រូវជា​លទ្ធផល​យុវជន​ទាំងនោះ​នឹង​ទទួល​មកវិញ​សុទ្ធតែ​សត្រូវ​ជុំ​ទិស​។​
​គ​.​ជ​.​ប​. ក៏បាន​សម្តែង​ការសោកស្ដាយ​ដោយសារ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​បដិសេធ​មិន​ទទួលស្គាល់​លទ្ធផល នៃ​ការចុះឈ្មោះ​បោះឆ្នោត ថែមទាំង​មានការ​តិះដៀល ស្អប់ខ្ពើម​ស្ថាប័ន​ជាតិ​សាសន៍​ខ្លួនឯង រួមមាន គ​.​ជ​.​ប​. ដែលជា​អាជ្ញាកណ្ដាល ហើយ​បដិសេធ​ដល់​ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជា​ស្ថាប័ន​កំពូល​សម្រេច​លើ​បណ្ដឹង​ចុងក្រោយ​បិទផ្លូវ​តវ៉ា​ថែមទៀត​។
​គ​.​ជ​.​ប​. បាន​បន្តថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ជោគជ័យ​។ គ​.​ជ​.​ប​. ត្រេកអរ​យ៉ាងខ្លាំង​ចំពោះ​ភាគី​ពាក់ព័ន្ធ​ដែល​បាន​សាទរ​ចំពោះ​លទ្ធផល​ដ៏​ល្អប្រសើរ​នេះ​។ ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​ជោគជ័យ​។​គ​.​ជ​.​ប​.​ត្រេកអរ​យ៉ាងខ្លាំង​ចំពោះ​ភាគី​ពាក់ព័ន្ធ​ដែល​បាន​សាទរ​ចំពោះ​លទ្ធផល​ដ៏​ល្អប្រសើរ​នេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular