ដោយៈ ប.ជ័យ / កំពង់ធំៈ តុលាការខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនជនសង្ស័យ ពីរនាក់ ករណីរក្សាទុក ចែកចាយគ្រឿងញៀន ក្រោយពីកម្លាំងអាវុធហត្ថខេត្ត បានឃាត់ខ្លួន នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន កាលពីថ្ងៃទី៥ ខែមករា កន្លងទៅថ្មីៗនេះ និងបានបញ្ជូនមកតុលាការ នៅពេលបន្ទាប់គ្នានោះ ។
លោកវរសេនីយ៍ត្រី គង់ ឈុនលី នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានអោយដឹង កាលពីថ្ងៃទី៧ មករាថាៈ ក្រោមការបញ្ជា របស់លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ធំ និងមានការសម្របសម្រួល នីតិវិធីពីលោក សាយ វាសនា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ កម្លាំងជំនាញ បានចុះបង្ក្រាបករណីរក្សាទុក និង ជួញដូរ ចែកចាយគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់ នៅផ្ទះជួល មាត់ហាវ ស្ថិតនៅ ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន កាលពីថ្ងៃទី៥ ខែមករា កន្លងទៅថ្មីៗនេះ ។ ជនសង្ស័យពីរនាក់នោះ ១.ឈ្មោះ មឿត មាន ហៅ ម៉ៅ មាន អាយុ ១៨ ឆ្នាំ រស់នៅភូមិឆ្ពឹន ឃុំចំណារលើ ស្រុកស្ទោង និង២ -ឈ្មោះ ឡាច លាង អាយុ ២២ឆ្នាំ រស់នៅភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ច បានដកហូតវត្ថុតាងថ្នាំញៀន មានម្សៅក្រាម ពណ៌ ស ៥៩ កញ្ចប់ ស្មើនឹង ២,៧៥ គីឡូក្រាម, ម៉ាស៊ីនអ៊ុតថង់ ៤, ម៉ាស៊ីនផ្សាថង់ ថ្នាំញៀន ២, ជញ្ជីងថ្លឹងថ្នាំញៀន១, ម៉ូតូម៉ាកហុងដា ឃ្លិក ១ គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាក លេខ P P. ៧៤៩៩, ទូរស័ព្ទដៃ១គ្រឿង សំបកថងសម្រាប់កាត់ច្រក មួយចំនួនធំ និង សំបកថង់ថ្នាំញៀន ៥ កញ្ចប់។ ជនសង្ស័យ ទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចជំនាញ អាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនទៅដល់តុលាការ បានសួរនាំបន្ថែម ហើយចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួន ជាបណ្តោះអាសន្ន៕/V.mara