ដោយៈ ដេប៉ូ / ភ្នំពេញៈ នៅថ្ងៃទី ៨ ខែមករាឆ្នាំ ២០២១ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្ដីពីការបើកបវេសនកាល ឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ បានបញ្ជាក់ថាៈ គ្រឹះស្ថានសិក្សាសាធារណៈ នឹងចាប់ផ្តើមអនុវត្ត បវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១១ ស្របតាមខ្លឹមសារលិខិតលេខ ១១០៩.ស ណ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្រសួងអប់រំ បានបន្តឱ្យដឹងថាៈ ក្នុងដំណើរការ ឆ្នាំសិក្សាថ្មីនេះ ក្រសួងបានជំរុញឱ្យគ្រឹះស្ថាន សិក្សាសាធារណៈទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ លើការអនុវត្តវិធានការ សុវត្ថិភាពសុខភាពសិក្សា តាមរយៈការអនុវត្ត គោលការណ៍ប្រតិបត្តិស្តង់ដា (SOY) សម្រាប់ដំណើរការ សាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ និងគោលការណ៍ ប្រតិបត្តិស្តង់ដា(SOP) ស្តីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា សកម្មភាពសិល្បៈ និង សេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូដ-១៩។
ជាមួយគ្នានេះ ក្រសួងបានចេញសេចក្តីណែនាំ ស្តីពីការអនុវត្ត កម្មវិធីសិក្សាបង្រួញ និងកាលវិភាគសិក្សា សម្រាប់គ្រឹះស្ថានមត្តេយ្យសិក្សា មត្តេយ្យសិក្សា សហគមន៍ គ្រឹះស្ថានបឋមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សា សាធារណៈ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដោយផ្តោតលើការរៀបចំ សិស្សក្នុងថ្នាក់ ការបែងចែកកម្មវិធីសិក្សា និងមេរៀនសិក្សា និងការអនុវត្តកម្មវិធី សិក្សាបង្រួញ។
ក្រសួងអប់រំ បានបន្តឱ្យដឹងដែរថាៈ ដើម្បីធានាដំណើរការ គ្រឹះស្ថានសិក្សាសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិ ភាពក្នុងបរិបទកូវីដ.១៩ ព្រមទាំងចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងអំឡុងពេល ការអនុវត្តវិធានការសុវត្ថិភាពសិក្សា ក្នុងបវេសនកាល ឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ ក្រសួងអប់រំ បានអំពាវនាវឱ្យដល់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សាធារណជន មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ជ្រាបជាព័ត៌មាន និងអនុវត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់៕/V
ក្រសួងអប់រំ ចេញសេចក្តីប្រកាស ពីការបើកបវេសនកាល ឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ