ដោយៈ ទេព មង្គល / ស្ទឹងត្រែងៈ អ្នកស្រុកសៀមប៉ាង ជាង ២០០ គ្រួសារ កំពុងរស់នៅតាមជួរមាត់ទន្លេសេកុងនោះ បានស្ម័គ្រចិត្ត រុះរើលំនៅរបស់ខ្លួន ចាកចេញពីតំបន់នោះ ជាបន្តបន្ទាប់គ្នា ដើម្បីរួមចំណែកជាមួយអាជ្ញាធរដែនដី អភិវឌ្ឍន៍ទីរួមស្រុក ឲ្យមានសោភ័ណភាព សំដៅទាក់ទាញអ្នកទេសចរ។
អ្នកស្រុកទាំងនោះ បានប្រាប់អ្នកសារព័ត៌មាន រស្មីកម្ពុជាឱ្យដឹងថាៈ ក្រោយទទួលបានសំណូមពរ ពីអាជ្ញាធរស្រុករួចមក អ្នកស្រុកទាំងអស់ បានយល់ព្រម នាំគ្នារុះរើផ្ទះសម្បែង ចាកចេញពីតំបន់ ជួរមាត់ទន្លសេកុងនេះ ព្រោះនៅខែវស្សា ម្តងៗទឹក ទន្លេឡើងមកខ្លាំង និងហូរច្រោះបាក់ដី បង្ករឲ្យកើតមានហានីភ័យ និងរងផលប៉ះពាល់ ដល់ផ្ទះសម្បែងថែមទៀត ។ ពួកគាត់គាំទ្រនូវគោលការណ៍ របស់អាជ្ញាធរស្រុក ដែលចង់បានតំបន់ ជួរមាត់ទន្លេនេះ អភិវឌ្ឍន៍ ព្រោះបើនាំគ្នាបង្ខំ រស់នៅតទៅទៀត ក៍គ្មានសុវត្ថិភាពដែរ ដោយសារដីច្រាំងទន្លេ ចេះតែបាក់ទៅបន្តិចម្តងៗ និងបង្ករឲ្យខូចដល់ផ្លូវថ្នល់ ថែមទៀតផង ។
លោក សំ ប៊ុនធិន អភិបាលរងស្រុកសៀមប៉ាង បានមានប្រសាសន៍ថាៈ បញ្ហាប្រឈមនេះ ពិតជាបង្ករការគ្រោះថ្នាក់ ខ្លាំងណាស់ ដល់ប្រជាពលរដ្ឋ ដែលអាស្រ័យលំនៅដ្ឋាន នៅតាមជួរមាត់ទន្លេនេះ ។ លោកបានបន្តថាៈ នៅពេលដែលប្រជាពលរដ្ឋ និងបងប្អូន អាជីវករ ព្រមផ្លាស់ប្តូរលំនៅហើយនោះ អាជ្ញាធរស្រុក នឹងរៀបចំទីតាំង តាមជួរមាត់ទន្លេសេកុងនេះ ឲ្យប្រែក្លាយទៅជាសួនច្បារ កន្លែងអង្គុយលំហែ កន្លែងហាត់ប្រាណ ជាដើម ដើម្បីឲ្យមាន សោភ័ណភាពស្អាត និងលើកមុខមាត់របស់ស្រុក ក៏ដូចជាទាក់ទាញអ្នកទេសចរ ផងដែរ ។
សូមបញ្ជាក់ថាៈ ការផ្លាស់ប្តូរលំនៅនេះ ចំពោះប្រជាពលរដ្ឋ និងអាជីវករ ដែលមានលំនៅដ្ឋាន តាមជួរមាត់ទន្លេសេកុងនេះ គឺក្រុមការងារ បានដោះស្រាយ ផលប៉ះពាល់ ដោយបានស្រង់បញ្ជីឈ្មោះ រួចរាល់ហើយនោះ អាជ្ញាធរស្រុក នឹងផ្តល់ដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារ ទទួលបានក្បាលដី ស្មើនឹង ២៥ ម៉ែត្រ ជម្រៅ ៤៥ ម៉ែត្រ សម្រាប់សាងសង់លំនៅដ្ឋាន និងមានរៀបចំទីផ្សារ ឲ្យលក់ដូរត្រឹមត្រូវ៕/V
អ្នកស្រុកសៀមប៉ាង ជាង ២០០ គ្រួសារ រុះរើលំនៅ ដើម្បីឱ្យអាជ្ញាធរ អភិវឌ្ឍន៍ទីប្រជុំជនស្រុក
អ្នកស្រុកសៀមប៉ាង ជាង ២០០ គ្រួសារ រុះរើលំនៅ ដើម្បីឱ្យអាជ្ញាធរ អភិវឌ្ឍន៍ទីប្រជុំជនស្រុក
អ្នកស្រុកសៀមប៉ាង ជាង ២០០ គ្រួសារ រុះរើលំនៅ ដើម្បីឱ្យអាជ្ញាធរ អភិវឌ្ឍន៍ទីប្រជុំជនស្រុក
អ្នកស្រុកសៀមប៉ាង ជាង ២០០ គ្រួសារ រុះរើលំនៅ ដើម្បីឱ្យអាជ្ញាធរ អភិវឌ្ឍន៍ទីប្រជុំជនស្រុក