ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ ការប្រកួតបាល់ទាត់លីកកំពូលតំបន់អឺរ៉ុបចុងសប្តាហ៍បានចូលមកដល់ទៀតហើយ ដោយមានការប្រកួតលីកធំៗក្នុងប្រទេសដូចជាបារាំង អេស្ប៉ាញ អាល្លឺម៉ង់ និង អ៊ីតាលី ប៉ុន្តែនៅអង់គ្លេសចុងសប្តាហ៍នេះពុំមានការប្រកួតលីកទេ គឺជំនួសវិញដោយការប្រកួតដណ្តើមពានរង្វាន់ FA Cup ជុំទី៣។
ក្រុមដែលរំពឹងទទួលបាន៣ពិន្ទុចុងសប្តាហ៍នេះមានដូចជា Atl. Madrid, Barcelona, Real Madrid, Hoffenheim, Leverkusen, AC Milan, Juventus, Atalanta, PSG, Lyon និង Marseille។
ហើយគូសង្ឃឹមឈ្នះនៅ FA Cup មានដូចជា Everton, Leicester, Arsenal, Man Utd, Chelsea និង Man City។
ថ្ងៃនេះយើងសូមលើកយក៣គូនៅលីកកំពូលអេស្ប៉ាញមកវិភាគជូនដូចខាងក្រោម ៖
– La Liga : Atl. Madrid vs Bilbao ៖ Atl. Madrid ជាក្រុមល្អដូចផ្កានៅរដូវកាលនេះក្នុងលីកកំពូល La Laga របស់អេស្ប៉ាញ ដោយឥឡូវឈរនៅកំពូលតារាង ត្បិតនៅសល់ពីរបីប្រកួតនៅក្នុងដៃ និងទុកឱ្យ Real Madrid និង Barcelona ដេញតាមពីក្រោយទាំងត្រដាបត្រដួស។
រដូវកាល ២០២០-២០២១ គឺជាឱកាសដែលក្រុមរបស់លោកឌីហ្គោ ស៊ីម៉ូណេ បង្កើតប្រវត្តិសាស្ត្រដូចរដូវកាល ២០១៣-១៤ ពេលពួកគេដណ្តើមយកជ័យជម្នះលើក្រុមយក្សទាំងពីររបស់អេស្ប៉ាញដើម្បីលើកពាន La Liga។ មកទល់ពេលនេះពួកគេទើបចាញ់១ប្រកួតគត់ ហើយចាញ់គូប្រជែងស្តេចស Real Madrid ទៀត។ ១៥ប្រកួតមកនេះពួកគេរបូតតែ៦គ្រាប់គត់ ខណៈដែលក្រុមដទៃទៀតក្នុងលីកកំពូលអេស្ប៉ាញសុទ្ធតែរបូតលើសពី១០គ្រាប់ឡើង។
ចំណែក Bilbao កំពុងធ្លាក់ចុះទម្រង់លេងនៅប៉ុន្មានប្រកួតចុងក្រោយ ជាពិសេសកំពុងអន់នៅក្រៅទឹកដី និង មានប្រវត្តិមិនល្អនៅទឹកដីរបស់ Atl. Madrid ទៀត។ ដោយហេតុនេះហើយ Atl. Madrid រំពឹងទទួលជ័យជម្នះយ៉ាងតិចក៏២គ្រាប់ដែរ។
– La Liga : Granada vs Barcelona ៖ ក្រុមអ្នកមានបុណ្យ Barcelona ឆ្នាំនេះធ្លាក់ចុះទម្រង់លេងចម្លែកមិនធ្លាប់មានពីមុនមក ដោយឈរនៅលេខ៥គិតមកទល់ឥឡូវ ខណៈសព្វមួយដងឱ្យតែឈានដល់ពាក់កណ្តាលរដូវដូច្នេះ ពួកគេកំពុងឈរលើកំពូលតារាងដាច់ពិន្ទុយ៉ាងច្រើន។
កូនក្រុមរបស់លោករ៉ូណាល់ ខូមែន មិនអាចបន្តជ្រុះពិន្ទុតាមផ្លូវរហូតដល់ចុងរដូវកាលបានទេ ពួកគេត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីដើរលើវិថីឈ្នះៗវិញ។ ដើម្បីធ្វើដូច្នេះបាន ពួកគេត្រូវលេងឱ្យល្អឥតខ្ចោះដើម្បីស្តារពិន្ទុដែលបានបាត់បង់។
ចុងសប្តាហ៍នេះពួកគេលេងទល់នឹងក្រុម Granada ដែលកំពុងធ្លាក់ចុះទម្រង់លេងយ៉ាងគំហ៊ុក។ ពួកគេរបូតគ្រាប់បាល់ច្រើនសន្ធឹក និង មានប្រវត្តិខ្សោយបំផុតពេលប៉ះក្រុមអ្នកមានបុណ្យ។
ដោយពិចារណាលើកត្តានេះ Barcelona រំពឹងទទួលបានជ័យជម្នះយ៉ាងអន់ណាស់ក៏១គ្រាប់ដែរ។
– La Liga : Osasuna vs Real Madrid ៖ Osasuna ស្ថិតក្នុងចំណោមក្រុមយ៉ាប់បំផុតនៅ La Liga និងឈរនៅលេខ២រាប់ពីបាតតារាង និងឈ្នះ៣ដងប៉ុណ្ណោះតាំងពីបើករដូវកាលមក។
ទន្ទឹមនេះ ស្តេចស Real Madrid គឺជាក្រុមការពារតំណែងជើងឯកនិងឈរនៅលេខ២តាមប្រកៀកប្រកិតលេខ១ Atl. Madrid ដែលលើសខ្លួនតែ២ពិន្ទុប៉ុណ្ណោះ។ ដូច្នេះឱកាសសម្រាប់ស្តេចសដណ្តើមយក៣ពិន្ទុចុងសប្តាហ៍នេះគឺមានខ្ពស់បំផុត ពេលពួកគេប៉ះជាមួយក្រុមដែលកំពុងអន់ស្រាប់។
ដោយហេតុថា Real Madrid មានប្រវត្តិល្អជាមួយ Osasuna ពួកគេរំពឹងឈ្នះយ៉ាងតិចក៏ ២ គ្រាប់ដែរ៕
តារាងការប្រកួតលីកអឺរ៉ុបចុងសប្តាហ៍ ៖