ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បាននិយាយកាលពីថ្ងៃសុក្រថា លោកស្រីបាននិយាយជាមួយមេដឹកនាំយោធាកំពូលរបស់ប្រទេស អំពីការធានាថាប្រធានាធិបតីឆេវឆាវ ដូណាល់ ត្រាំ នឹងមិនអាចវាយប្រហារ ឬបញ្ជាការវាយប្រហារនុយគ្លេអ៊ែរនៅពេលក្នុងតំណែងចុងក្រោយប៉ុន្មានថ្ងៃរបស់លោក។
សមាជិកគណបក្សប្រជាធិបតេយ្យកំពូលនៅក្នុងសភារូបនេះ បាននិយាយថាលោកស្រីបាននិយាយជាមួយនាយសេនាធិការចម្រុះ ម៉ាក មីលលី ដើម្បីពិភាក្សាអំពីការបង្ការកុំអោយប្រធានាធិបតីអារម្មណ៍មិននឹងនរូបនេះបង្កអារិភាពយោធា ឬចូលទៅបើកលេខសម្ងាត់ដើម្បីវាយប្រហារដោយសព្វាវុធនុយគ្លេអ៊ែរ ឬបញ្ជាធ្វើការវាយប្រហារដូច្នេះ។
ការបញ្ចេញអោយដឹងអំពីការសន្ទនារវាងប្រធានសភានិងមេទ័ពអាម៉េរិកដើម្បីរារាំងអំណាចប្រធានាធិបតីដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនេះត្រូវបានបង្ហាញក្នុងលិខិតមួយផ្ញើជូនសហសេវិកប្រជាធិបតេយ្យរបស់លោកស្រី និងវារំលេចអោយឃើញភាពតានតឹងនយោបាយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនអំពីពេលវេលានៅក្នុងសេតវិមាននាប៉ុន្មានថ្ងៃចុងក្រោយរបស់ត្រាំ។
អ្នកនាំពាក្យរបស់លោកម៉ាក មីលលី បាននិយាយលោកស្រី ផេឡូស៊ី ពិតជាបានទូរស័ព្ទមកកាន់នាយសេនាធិការចម្រុះមែន និងថាលោកមីលលីបានឆ្លើយតបនឹងសំណួររបស់លោកស្រី ពាក់ព័ន្ធនឹងអំណាចបញ្ជាការវាយប្រហារនុយគ្លេអ៊ែរ។
ក្នុងលិខិតលោកស្រី ប្រធានសភាក៏បាននិយាយថាលោកស្រីត្រៀមធ្វើការចោទប្រកាន់ទម្លាក់តំំណែងប្រធានាធិបតីរបស់ត្រាំ បើគាត់មិនព្រមចុះចេញដោយស្ម័គ្រចិត្ត ឬអនុប្រធានាធិបតី ម៉ៃ ផេន មិនចាប់ផ្តើមដំណើរការអនុវត្តច្បាប់វិសោធនកម្មទី២៥ ដែលអនុញ្ញាតអោយរូបលោកនិងគណៈរដ្ឋមន្ត្រីបណ្តេញប្រធានាធិបតី៕
លោកស្រី ណាន់ស៊ី ផេឡូស៊ី ៖ បើប្រធានាធិបតីមិនចេញពីតំណែងភ្លាមនិងដោយស្ម័គ្រចិត្តទេ សភានឹងចាត់ការ