Twitter ហាមឃាត់​គណនី​របស់​លោក​ត្រាំ​ជា​រៀងរហូត ដោយ​សម្អាង​លើ​ហានិភ័យ​ញុះញង់​ឱ្យមាន​អំពើ​ហិង្សា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន​បណ្តាញ​សង្គម​ទ្វី​ត​ធឺ​(Twitter )​បាន​បិទ​គណនី​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​សុក្រ​ទី​៨​មករា​ដោយ​លើកឡើង​ពី​ហានិភ័យ​នៃ​ការ​ញុះញង់​​ឱ្យមាន​អំពើ​ហិង្សា​បន្ថែមទៀត​។​

​វេទិកា​បណ្តាញ​សង្គម​មួយ​នេះ​បាន​រង​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​ចាត់វិធានការ​បន្ថែមទៀត​ប្រឆាំងនឹង​លោក​ត្រាំ បន្ទាប់​ពី​ការបះបោរ​បង្ហូរឈាម​កា​លពី​ថ្ងៃ​ពុធ​នៅឯ​វិមាន​កា​ពី​តូ​ល​សហរដ្ឋ​អាម៉េរិក​។ ដំបូង​ឡើយ Twitter បាន​ផ្អាក​គណនី​របស់​លោក​ត្រាំ​រយៈពេល ១២ ម៉ោង បន្ទាប់ពី​លោក​បាន​បង្ហោះ​វីដេអូ ដែល​អះអាង​ម្តង​ហើយ​ម្តងទៀត​អំពី​ការលួចបន្លំ​សន្លឹកឆ្នោត និង សរសើរ​អ្នកធ្វើ​កុបកម្ម​ដែល​​សម្រុកចូល​វិមាន​សភា​។​

​ចំណាត់ការ​របស់ Twitter បាន​ដកហូត​ចេញ​ពី​លោក​ត្រាំ​នូវ​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល ដែល​គាត់​បាន​ប្រើ​ដើម្បី​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ប្រជាជន​អាម៉េរិក​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​។ ​គាត់​បាន​ប្រើប្រាស់​បណ្តាញ​សង្គម Twitter ដើម្បី​ប្រកាស​ពី​ការផ្លាស់ប្តូរ​គោលនយោបាយ បបួល​គូប្រជែង​ឈ្លោះ​គ្នា ប្រមាថ​គូសត្រូវ សរសើរ​សម្ព័ន្ធមិត្ត​និង​រូបគាត់ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជា​មួយ​​ចេតនា​ញុះញង់​ឱ្យមាន​អំពើ​ហិង្សា និង ប្រឆាំង​គោលដៅ​នានា​ទាំង​កំហឹង​ដោយ​សរសេរ​ជា​អក្សរ​ធំ​។​

​សេត​វិមាន​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​បំភ្លឺ​ទេ​។ គណនី​ផ្លូវការ​សម្រាប់​ប្រធានាធិបតី​អាម៉េរិក “@potus” នៅតែ​បន្ត​មាន​ដដែល​ទេ​៕

​គណនី Twitter របស់​លោក​ត្រាំ​ត្រូវ​បាន​ហាមឃាត់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular