ប្រែសម្រួលៈវាសនា/គូឡាឡាំពួរ៖មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់និងជិត៥០.០០០នាក់ត្រូវបានជម្លៀសនៅម៉ាឡេស៊ី ក្រោយពីភ្លៀងរដូវវស្សាធ្លាក់ស្រោចជោកជាំនៅតំបន់ឆ្នេរខាងកើតប្រទេសដែលអ្នកស្រុកពណ៌នាថាជាជំនន់អាក្រក់បំផុតនៅក្នុងរយៈពេលកន្លះសតវត្សរ៍មកនេះ។
អាជ្ញាធរកាលពីថ្ងៃសុក្របានបង្កើនប្រតិបត្តិការជួយសង្គ្រោះក្រោយពីអ្នកស្រុកត្អូញត្អែរថា ពួកគេត្រូវពឹងលើខ្លួនឯងដើម្បីការពារខ្លួននៅសប្តាហ៍នេះ។
ការធ្លាក់ភ្លៀងខ្លាំងបានបន្តវាយប្រហារតំបន់នេះកាលពីថ្ងៃសុក្រ នាំអោយប្រជាជនបោះបង់ចោលផ្ទះសម្បែងកាន់តែច្រើនរហូតដល់ជាង៤៧.០០០នាក់។
ភ្លៀងរដូវវស្សាតែងបង្កការជន់លិចនិងជម្លៀសមនុស្សជារៀងរាល់ឆ្នាំ តែពួកអ្នកស្រុកនិយាយថា ជំនន់នៅឆ្នាំនេះមានសភាពអាក្រក់ខ្លាំងបំផុតដែលពួកគេមិនដែលឃើញនៅប៉ុន្មានទសវត្សរ៍មកនេះ។
ផ្លូវជាច្រើនរួមទាំងផ្លូវជាតិដែលភ្ជាប់រដ្ឋភាគខាងកើត ត្រូវបានបិទដោយសារទឹកជន់លិចជាកង់ៗ។រងគ្រោះខ្លាំងជាគេគឺរដ្ឋ ប៉ាហាំង ដែលនាំអោយមានការជម្លៀសមនុស្សប្រមាណ២៧.០០០នាក់៕
ភ្លៀងរដូវវស្សា បង្កការលិចលង់តំបន់ឆ្នេរខាងកើតម៉ាឡេស៊ី និងបណ្តាលអោយជម្លៀសមនុស្សជិត៥០.០០០នាក់