ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ ប្រធានាធិបតីដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថាលោកនឹងមិនចូលរួមពិធីសម្ពោធកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតីជាប់ឆ្នោតចូ បៃដិនទេ ដោយបដិសេធមិនបំពេញតួនាទីជាប្រពៃណីរបស់ប្រធានាធិបតីដែលត្រៀមចុះចេញនៅក្នុងការផ្ទេរអំណាចដោយសន្តិវិធី ។
លោកត្រាំ ដែលមិនបានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីហ្វូងអ្នកគាំទ្រដ៏ឃោរឃៅរបស់គាត់ឡោមព័ទ្ធវិមានកាពីតូលកាលពីថ្ងៃពុធនិងព្យាយាមបញ្ឈប់ការផ្ទេរអំណាចនោះនឹងក្លាយជាប្រធានាធិបតីក្នុងតំណែង ដែលមិនបានចូលរួមពិធីបើកសម្ពោធស្នងតំណែងពីគាត់ចាប់តាំងពីលោក អេនឌ្រូ ចនសុន។
លោកបៃដិននិយាយថា គាត់មិនមានបញ្ហាអ្វីទាំងអស់ជាមួយរឿងនោះ ដោយហៅវាថាជា “រឿងមួយក្នុងចំណោមរឿងរ៉ាវមួយចំនួនតូចដែលយើងមិនឯកភាពគ្នា”។
លោកបានបន្ថែមថា “វាជារឿងល្អដែលគាត់មិនបង្ហាញមុខ” ដោយហៅប្រធានាធិបតីនេះថាជា “ក្តីអាម៉ាស” ចំពោះប្រទេសជាតិនិងមិនស័ក្តិសមកាន់តំណែងបន្ត។
ជាប្រពៃណីប្រធានាធិបតីចូលនិងចេញពីតំណែងតែងជិះយានជំនិះទៅកាន់វិមានកាពីតូលអាម៉េរិករួមគ្នានៅថ្ងៃសម្ពោធកាន់តំណែងដើម្បីជាការបង្ហាញឱ្យឃើញនូវការផ្លាស់ប្តូរមេដឹកនាំយ៉ាងរលូន។
លោកបៃដិននឹងក្លាយជាប្រធានាធិបតីនាថ្ងៃរសៀលថ្ងៃទី ២០ ខែមករាដោយមិនខ្វល់ថាត្រាំមានផែនការអ្វីនោះឡើយ។ប៉ុន្តែអវត្តមានរបស់លោកត្រាំគឺតំណាងឱ្យសកម្មភាពចុងក្រោយមួយនៃការប្រឆាំងនឹងបទដ្ឋាននិងទំនៀមទម្លាប់របស់ទីក្រុងវ៉ាស៊ីនតោនដែលគាត់បានប្រមាថមើលងាយរយៈពេលបួនឆ្នាំមកនេះ៕
លោកត្រាំនឹងមិនចូលរួមពិធីឡើងកាន់តំណែងរបស់លោកបៃដិនទេ