ដោយៈ សរិទ្ធ / ព្រះសីហនុៈ នៅវេលាម៉ោងជិត ៣ ទៀបភ្លឺ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅចន្លោះ គីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា មានគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត និងរថយន្ត ចំនួន ៣ គ្រឿង បុកប៉ះគ្នា បណ្តាលឲ្យមនុស្ស ចំនួន៥នាក់ រងរបួសធ្ងន់ និងស្រាល ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ រថយន្តទាំង ៣ បើកបរក្នុងទិសដៅស្របគ្នា ព្រះសីហនុ-ភ្នំពេញ ក្នុងនោះ រថយន្តទី១ ជារថយន្តកុងតឺន័រ ពាក់ផ្លាកលេខ ភ្នំពេញ 3F-0194 អ្នកបើកបរ ឈ្មោះ លាង ផល្លី ភេទប្រុស អាយុ ៣០ ឆ្នាំ មានលំនៅ ភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត (រងរបួសស្រាល)។ រថយន្តទី២ ម៉ាកហ៊ីណូ ពាក់ផ្លាកលេខ ភ្នំពេញ 3A-1307 អ្នកបើកបរ ឈ្មោះ កង ង៉ែត ភេទប្រុស អាយុ ៦០ ឆ្នាំ មានលំនៅ ស្ថិតក្នុងភូមិគីរីវន្ត ឃុំត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (រងរបួសស្រាល)។ រថយន្តទី៣ ម៉ាក HUMER ពាក់ផ្លាកលេខ ភ្នំពេញ 2BS-0015 អ្នកបើកបរ ឈ្មោះ ថាំង គួហួយ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ចិន (រងរបួសធ្ងន់) និងមានអ្នករួមដំណើរ ក្នុងរថយន្តទី៣នេះ ជាជនជាតិចិនប្រុស ស្រី ចំនួន ២ នាក់ទៀត (មិនស្គាល់ឈ្មោះ) រងរបួសធ្ងន់។
ក្រោយហេតុការណ៍នេះ សមត្ថកិច្ចចម្រុះ បានចេញអន្តរាគមន៍ បញ្ជូនជនរងគ្រោះ ទាំង ៥ នាក់ ទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែក ស្រុកស្រែអំបិល ខេត្តកោះកុង។ ចំណែករថយន្តទាំងបីគ្រឿង បានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកំពង់សីលា៕/V