ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបង្ហាញមូលដ្ឋានមីស៊ីលក្រោមដីមួយនៅទីតាំងមិនបង្ហើបឱ្យដឹងក្នុងឈូងសមុទ្រពែក្សកាលពីថ្ងៃសុក្រទី៨មករា នៅគ្រាដែលមានភាពតានតឹងខ្ពស់រវាងរដ្ឋាភិបាលក្រុងតេអេរ៉ង់និងសហរដ្ឋអាម៉េរិក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីប្រមុខឆ្មាំបដិវត្តន៍លោកឧត្តមសេនីយ៍ទោហូសស៊ីន សាឡាមី ដោយនិយាយថា “មូលដ្ឋាននេះគឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានជាច្រើនដែលបំពាក់មីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ពជើងទឹករបស់ឆ្មាំបដិវត្តន៍”។
រថយន្តយោធាជាច្រើនគ្រឿងដែលបំពាក់ដោយអាវុធប្រឆាំងនឹងកប៉ាល់ត្រូវគេមើលឃើញតម្រង់ជួរនៅតាមជញ្ជាំងនៃផ្លូវរូងក្រោមដីនៃមូលដ្ឋានសម្ងាត់។
ឆ្នាំមុនកងឆ្មាំបដិវត្តន៍បាននិយាយថា អ៊ីរ៉ង់បានកសាងទីក្រុងមីស៊ីលក្រោមដីនៅតាមបណ្តោយឆ្នេរនៃឈូងសមុទ្រពែក្ស ដោយព្រមានអំពី “សុបិនអាក្រក់សម្រាប់សត្រូវរបស់អ៊ីរ៉ង់”។
ការលាតត្រដាងនេះកើតឡើងខណៈភាពតានតឹងកាន់តែកើនឡើងខ្លាំងរវាងអ៊ីរ៉ង់និងសហរដ្ឋអាម៉េរិក ស្របពេលមេដឹកនាំកំពូលលោកអាយ៉ាតូឡាស អាលី ខាមេនីកាលពីថ្ងៃសុក្របានប្រើប្រាស់ការអុកឡុកអគារកាពីតូលអាម៉េរិកពីសំណាក់អ្នកគាំទ្រលោកត្រាំ ដើម្បីចម្អកដល់ប្រទេសនេះ និង “តម្លៃរបស់អាម៉េរិក”។
លោកក៏បានអំពាវនាវឱ្យដកទណ្ឌកម្មរបស់អាម៉េរិកចេញពីអ៊ីរ៉ង់ផងដែរ៕
រថយន្តដឹកមីស៊ីលប្រឆាំងកប៉ាល់តម្រៀបជួរត្រៀបត្រានៅរូងក្រោមដីសម្ងាត់មួយនៅតំបន់ឈូងសមុទ្រពែក្ស