ប្រែសម្រួលៈវាសនា/សេអ៊ូល៖មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានអំពាវនាវអោយអភិវឌ្ឍសព្វាវុធនុយគ្លេអ៊ែរកាន់តែទំនើបឡើងនិងបាននិយាយថា សហរដ្ឋអាម៉េរិកគឺជា«សត្រូវធំបំផុតរបស់យើង» នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃសៅរ៍។
គីម ជុងអ៊ុន ប្តេជ្ញាពង្រឹងសមត្ថភាពនុយគ្លេអ៊ែរដើម្បីទប់កម្លាំងអមិត្ត
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋKCNA គោលនយោបាយអរិភាពរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងមិនផ្លាស់ប្តូរទេ មិនថានរណាកាន់កាប់កៅអីសេតវិមាន តែការទម្លាក់ចោលគោលនយោបាយទាំងនោះនឹងជាកូនសោរគន្លឺះចំពោះទំនាក់ទំនងកូរ៉េខាងជើង-អាម៉េរិក។
លោកគីម បាននិយាយថា « សកម្មភាពនយោបាយក្រៅប្រទេសរបស់យើងនឹងផ្តោតហើយកែតម្រង់ឡើងវិញលើការបង្ក្រាបអាម៉េរិក ដែលជាសត្រូវធំរបស់យើងនិងជាឧបសគ្គធំចំពោះការអភិវឌ្ឍន៍នវានុវត្តន៍របស់យើង។មិនថានរណាចូលកាន់អំណាចនៅអាម៉េរិកទេ ធម្មជាតិពិតរបស់អាម៉េរិកនិងគោលនយោបាយមូលដ្ឋានរបស់វាចំពោះកូរ៉េខាងជើង មិនដែលផ្លាស់ប្តូរទេ។ដូច្នេះត្រូវពង្រីកការទាក់ទងជាមួយកម្លាំងឯករាជ្យប្រឆាំងចក្រពត្តិនិយម»។
លោកបានបន្តថា កូរ៉េខាងជើងនឹងមិនប្រើខុសសព្វាវុធនុយគ្លេអ៊ែររបស់ខ្លួនឡើយ ហើយប្រទេសនេះនឹងពង្រីកឃ្លាំងសព្វាវុធនុយគ្លេអ៊ែររបស់ខ្លួន រួមទាំងសមត្ថភាពវាយប្រហារបង្ការទុកជាមុននិងវាយប្រហារសងសឹក ជាមួយនឹងក្បាលគ្រាប់ទំហំផ្សេងៗគ្នា។
លោកក៏បានអំពាវនាវអោយផលិតគ្រឿងបរិក្ខា រួមមានសព្វាវុធលឿនជាងសម្លេង កាំជ្រួចផ្លោងឆ្លងទ្វីបដំណើរការដោយឥន្ធនៈរឹង(ICBMs) ផ្កាយរណបឈ្លបការណ៍ និងដ្រូន។
កូរ៉េខាងជើងក៏ត្រៀមធ្វើការសាកល្បងនិងផលិតសព្វាវុធថ្មីៗ រួមមានរ៉ុក្កែតក្បាលគ្រាប់ច្រើន និងក្បាលគ្រាប់លឿនជាសម្លេងសំរាប់រ៉ុក្កែតផ្លោង ខណៈការសិក្សាស្រាវជ្រាវបង្កើតនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរបានឈានដល់ដំណាក់កាលជិតចប់ នេះបើតាមគីម ជុងអ៊ុន៕