ដោយៈ ជា សីហៈ/ភ្នំពេញៈ សត្វទោចថ្ពាល់លឿង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក ប៉ុន្តែវានៅតែបន្តមានវត្តមាននៅកម្ពុជានៅក្នុងចំនួនបង្គួរ ។ អង្គការ WCS បានអះអាងថា ចំនួនសត្វប្រភេទនេះកំពុងមានការថយចុះយ៉ាងខ្លាំង ដោយសារបណ្តាលមកពីការបាត់បង់ទីជម្រកនិងការប្រមាញ់យកទៅលក់ដូរធ្វើជាសត្វចិញ្ចឹម។
ប្រភពដដែលបានបន្តថា សត្វទោចប្រភេទនេះ មានវត្តមានតែនៅក្នុងភាគខាងកើតនៃប្រទេសកម្ពុជា និងភាគខាងត្បូងនៃប្រទេសវៀតណាមប៉ុណ្ណោះ។ ចំណែកឯនៅភាគខាងជើងនៃដែនជម្រកសត្វព្រៃស្រែពកវិញ គេប្រទះឃើញមានប្រភេទប្រហាក់ប្រហែលគ្នានេះដែរ តែមិនមែនជាប្រភេទទោចថ្ពាល់លឿងទេ។
ប្រទេសកម្ពុជាទំនងជាមានវត្តមានសត្វទោចថ្ពាល់លឿងច្រើន ហើយដែនជម្រកសត្វព្រៃកែវសីមាមានវត្តមានប្រភេទនេះច្រើនជាងគេបំផុត តាមការប៉ាន់ស្មានមានប្រហែល ៦៦៩ក្រុម។
យោងតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះ បានរកឃើញថា ដែនជម្រកសត្វព្រៃភ្នំព្រេច មានវត្តមានសត្វទោចថ្ពាល់លឿងនេះច្រើនលំដាប់ទីពីរបន្ទាប់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី៕-R