អណ្តើក​និង​កន្ធាយ​សត្វ​ដែលមាន​តម្លៃ​នៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ

ដោយៈ ជា សីហៈ​/ ភ្នំពេញៈ អង្គការ​មួយ Wonders of the Mekong បាន​ផ្សព្វផ្សាយ​នៅ​អត្ថបទ​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ ដោយ​អត្ថបទ​នេះ​បាន​អះអាងថា សត្វ​អណ្តើក​និង​ស​ន្ធា​យ​គឺជា​សត្វ​ដែលមាន​តម្លៃ​នៅក្នុង​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​ខ្មែរ ។

យោងតាម​ភស្តុតាង​ផ្នែក​ខាង​បុរាណវិទ្យា ក្នុងសម័យ​អង្គរ​គឺមាន​ចម្លាក់​អណ្តើក​ជាច្រើន​នៅតាម ជញ្ជាំង​ប្រាសាទ​នានា និង​មានការ​កប់​រូបសំណាក​សត្វ​អណ្តើក​ធ្វើ​ពី​ថ្មភក់​នៅ​បាត​ក្រោម​ប្រាសាទ​ផងដែរ​។ នេះ​-​ស​-​បញ្ជាក់ថា​ទឹកដី​រុងរឿង​មួយ​នេះ​មាន​វត្តមាន​របស់​សត្វ​អណ្តើក ហើយ​ស្ថិតក្នុង​អំណាច​នៃ​ការការពារ​របស់​សត្វ​អច្ឆរិយៈ​នេះ​ជា​រៀងរហូត​។​

​យោងតាម​លោក​បណ្ឌិត ជា សុជាតិ បុរាណ​វិទូ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នកដឹកនាំ​កិច្ចការ​កំណាយ​ស្រាវជ្រាវ​ផ្ទាល់​នៅលើ​ទួលប្រាសាទ​កណ្តាល​ស្រះស្រង់​ចន្លោះ​ខែមេសា និង​ខែមិថុនា ឆ្នាំ​២០២០ បាន​បង្ហាញថា កំណាយ​នេះ​បាន​ប្រទះឃើញ​រូប​អណ្តើក​ធ្វើ​ពី​ថ្មភក់​មាន​គម្រប​បិទ​ជិត​ចំនួន​២​។ រូបសំណាក​អណ្ដើក​មួយ​ធំ និង​មួយទៀត​តូច ត្រូវបាន​គេ​បញ្ចុះ​មុននឹង​ចាប់ផ្តើម​សាងសង់​ប្រាសាទ​។

​នៅក្នុង​របាយការណ៍រ​បស់ អង្គការ​មួយ Wonders of the Mekong លោក​បាន​រៀបរាប់ថា គេ​តែងតែ​ដាក់​គ្រឿង​រណ្តាប់​ផ្សេងៗ​នៅក្នុង​ស្នូកអណ្តើក ប៉ុន្តែ​នៅក្នុង​ស្នូកអណ្តើក​ទាំងពីរ​នេះ​មិនមាន​គ្រឿង​រណ្តាប់​សម្រាប់​ដាក់​បញ្ចុះ​ទេ​។ គ្រឿង​រណ្តាប់​ទាំងអស់នេះ​ទំនងជា​ត្រូវបាន​គេ​យកចេញ​នៅក្នុង​ដំណាក់កាល​រុះរើ និង​កែប្រែ​សំណង់​ប្រាសាទ​កណ្តាល​ស្រះស្រង់ (​មិនទាន់​អាច​កំណត់​ពេលវេលា​ជាក់លាក់​)​។ រូប​សត្វ​អណ្ដើក​ត្រូវបាន​គេ​បញ្ចុះ​ជាទូទៅ​នៅ​កណ្ដាល​បាត​ប្រាង្គ​ប្រាសាទធំ ជួនកាល​នៅ​ទិសខាងកើត​ប្រាសាទ​។ លោក​លើកឡើង​បន្ថែមទៀតថា រូប​សត្វ​អណ្តើក​នេះ​ធ្វើឡើង​នៅ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វ​រ្ម​ន័​ទី​៧ (​គ​.​ស​.១១៨១ ដល់​១២១៨)​។ មិន​ខុសពី​ការបង្ហាញ​ខាងលើ អណ្តើក​គឺជា​សត្វ​ពិសិដ្ឋ​ដែល​ត្រូវបាន​គេ​បញ្ចុះ​នៅមុន​ការសាងសង់​ប្រាសាទ ដើម្បី​ធ្វើជា​ទម្រ​ប្រាសាទ​។ ក្នុងន័យ​ធ្វើអោយ​ប្រាសាទ​ដែល​នឹង​សាងសង់ឡើង​នេះ​ស្ថិតនៅ​ឈ​ត្រង់ និង​ស្ថិតនៅ​គង់វង្ស​បានយូរ​អង្វែង ។

​បន្ថែម​ពីលើ​រូប​សត្វ​អណ្តើក​ធ្វើ​ពី​ថ្មភក់​ទាំងពីរ​ខាងលើនេះ ក្រុមការងារ​កំណាយ​បាន​រកឃើញ​សំណល់​បុរាណវិទ្យា​ជាច្រើន​ប្រភេទ​ដែលមាន​ដូចជា​៖ គ្រាប់​ខ្វាត ឧបករណ៍​ដែល​ធ្វើ​ពី​លោហៈ (​ត្រីសូល៍ និង​បញ្ច​សូល៍​) រូប​សត្វ​នាគ​ធ្វើ​ពី​ថ្មភក់ បំណែក​ក្បាល​គ្រុឌ បំណែក​ថ្មភក់​តូចៗ​ជាច្រើន ធ្នឹម​ឈើ បង្គោល​សសរឈើ និង​ធ្យូង​។ ក្រោយ​បញ្ចប់​កំណាយ​បាត​ក្រោម​ប្រាសាទ​កណ្តាល​ស្រះស្រង់​នេះ ក្រុមការងារ​នឹង​រៀបចំ​ផ្គុំ​សំណង់​ប្រាសាទ​ស្រះស្រង់​នេះ​ឡើងវិញ អោយស្រប​ទៅតាម​កំណត់​ហេតុដែល​សរសេរ​ដោយ​ដៃ​របស់​អ្នក​អភិរក្ស​បារាំង​ឈ្មោះ ហង់​រី ម៉ា​ហ្សា​ល់ (Henri Marchal) មាន​ចំណងជើង​ថា Journal de fouilles ក្នុង​កំឡុង​នៃ​ការស្រាវជ្រាវ​របស់គាត់​នៅ​ចន្លោះ​ឆ្នាំ​១៩១៨ និង​១៩៣២​។

​សូមបញ្ជាក់​ផងដែរ​ថា ក្រោយ​បញ្ចប់​ការដ្ឋាន​កំណាយ​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២០ សត្វ​អណ្តើក​ទាំងពីរ​នេះ និង​របស់របរ​មួយចំនួនទៀត បាន​យកទៅ​រក្សាទុក​នៅក្នុង​សារៈមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ស្ថិតក្នុង​ខេត្តសៀមរាប ដើម្បី​ទុក​តាំង​បង្ហាញ​ដល់​សាធារណជន ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មានបំណង​ស្វែងយល់​ពី​វត្ថុ​បុរាណ សាសនា វត្ថុ​សិល្បៈ កុលាលភាជន៍​ដែល​កំណាយ​ស្រាវជ្រាវ​បាន​ពី​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​។

​ដោយសារតែ​អណ្តើក​ថ្មភក់​ទាំង​២ ត្រូវបាន​ប្រជាជន​ទូទៅ​គោរពបូជា​ចំពោះ​បារមី​នៅក្នុង​ប្រាសាទ​កណ្តាល​ស្រះស្រង់​នេះ ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ជាង​ធ្វើ​អណ្តើក​ថ្មី​ដោយ​ចម្លង​គម្រូ​ពី​អណ្តើ​កចាស់ ហើយ​យកមក​បញ្ចុះ​នៅ​កន្លែង​ដើម​ជំនួស​វិញ ដើម្បីឱ្យ​ទីតាំង​នេះ​នៅតែ​ស័ក្តិសិទ្ធិ​ដដែល​។

​ក្នុង​ការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ឬ ភស្តុតាង​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា សត្វ​អណ្តើក​-​កន្ធាយ គឺជា​ប្រភេទ​សត្វ​ល្មូ​ន​ដែលមាន​អាយុ​វែង សត្វ​ដែល​នាំ​សំណាង សត្វ​អច្ឆរិយៈ ដែល​យើងទាំងអស់គ្នា​គួរ​ចូលរួម​គោរព ថែរក្សា ការពារ​សត្វ​អណ្តើក​-​កន្ធាយ​ទាំងអស់នេះ​អោយ​រស់នៅ​គង់វង្ស​ក្នុង​ធម្មជាតិ​។ ចូលរួម​ការពារ​ប្រភេទ​សត្វ​អណ្តើក​-​កន្ធាយ​ដែល​ងាយ​រងគ្រោះ ស្មើនឹង​ការលើកតម្កើង​វប្បធម៌​ជាតិខ្មែរ​។

​ជាមួយនឹង​របាយការណ៍​នេះ អង្គការ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​បំណង​ព្រលែង​សត្វ​អណ្តើក និង​កន្ធាយ ដើម្បី​ចូលរួមចំណែក​ក្នុង​ការងារ​អភិរក្ស​ក្តី និង​/​ឬ បួងសួង​សូម​សេចក្តីសុខ​ក្តី សូមមេត្តា​លែង​ពួកវា ទៅក្នុង​ជម្រក​ធម្មជាតិ​ដូចជា​ទន្លេ បឹងបួរ ត្រពាំង ដើម្បី​ពួកវា​អាច​រស់នៅ បង្ក​កំណើត​កូនចៅ បន្ត​វដ្ត​ជីវិត​របស់​ពួកវា​អោយ​ស្ថិតស្ថេរ​ក្នុង​ដែន​ជម្រក​ធម្មជាតិ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular