Home ព័ត៌មានសំខាន់ៗ ក្រសួងកសិកម្ម...

ក្រសួងកសិកម្ម​អំពាវនាវដល់ពលរដ្ឋ​ឱ្យ​រាយការណ៍​ប្រសិនបើ​ឃើញ​ករណី​នាំចូល​ត្រី​ពី​ប្រទេសជិតខាង​

ដោយ​: ពៅ​និមល / ភ្នំពេញ​: បន្ទាប់ពី​ប្រកាស​ផ្អាក​កុំឱ្យ​មានការ​នាំចូល​ត្រី​ពី​ប្រទេសជិតខាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋឲ្យ​រាយការណ៍​មក​ក្រសួង ប្រសិនបើ​ឃើញ​ឈ្មួញ​នៅតែ​បន្ត​នាំ​ត្រី​ចូល​ទៀត។

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ល្ងាច​ថ្ងៃទី​៨ ខែមករា​កន្លងទៅ បាន​លើកឡើងថា នៅពេល​ថ្មីៗ នេះ​មាន​ក្រុមអាជីវករ​នាំចេញ​-​នាំចូល​ផល​ផលិតផល​ជលផល​មួយចំនួន​មានការ​មិន​ពេញចិត្ត ចំពោះ​ចំណាត់ការ​នៃ​ការផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការ​នាំចូល​ផលិតផល​ជលផល ដែល​អាច​ផលិត​បាន​ក្នុងស្រុក​នាពេល​កន្លងមក​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួមមាន​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា និង​តំណាង​អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល ជលផល និង​បាន​ព្រមព្រៀងគ្នា​អនុវត្ត​នូវ​វិធានការ​មួយចំនួន ដូចជា​៖​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​ត្រូវ​រៀបចំ​ផ្តល់ជូន​នូវ​ព័ត៌មាន​ដែល ទាក់ទង​ទៅនឹង​ប្រភេទ បរិមាណ​ផល ផលិតផល​វារីវប្បកម្ម​ដែល​ត្រូវ​ដល់ពេល​ប្រមូល​ផល​នៅ តាម​ខែ​នីមួយៗ ដល់​អា​ជីករ​ប្រមូល​ទិញ នាំចេញ នាំចូល​ផល ផលិតផល​ជលផល ដើម្បី​ចុះ​ប្រមូល​ទិញ​ផល ផលិតផល​ជលផល​ដែល​ផលិត បាន​ក្នុងស្រុក​ទាំងនោះ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ តំណាង​អា​ជីករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល បាន​យល់ព្រម​ផ្អាក​នូវ​ការស្នើសុំ​នាំចូល​ប្រភេទ​ត្រី​ដែល​វា​រី​វប្បករ​ផលិត​បាន​ច្រើន​ដូចជា​៖ ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង ត្រី​ឆ្តោ ព្រមទាំង ប្រភេទ​ត្រី​មួយចំនួនទៀត​ដែល​អាច​ចិញ្ចឹម​បាន​ក្នុងស្រុក តាម​ការជូនដំណឹងរ​បស់​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​។ តំណាង​អា​ជីករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល បាន​ឯកភាព​ក្នុងការ​បង្កើត​នូវ​សមាគម និង​បណ្តុំ​អ្នកប្រមូល​ទិញ​ផល ផលិតផល​ជល​នៅតាម​តំបន់ ដើម្បី​ប្រមូល​ទិញ​ផល ផលិតផល​ជលផល​ដែល​ផលិត​បាន​ក្នុងស្រុក ដោយឡែក ការនាំ​ឆ្លងកាត់​ផល ផលិតផល​ជលផល តំណាង​អា​ជីករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល ធានាថា នឹងមាន​ការចុះបញ្ជី​ទទួលស្គាល់​នៅ​ដើមទី និង​ចុង​ទី​ពី​មន្ត្រីជលផល​មាន​សមត្ថកិច្ច និង​ធានាថា​មិនមាន​ការទម្លាក់​ចែកចាយ​ផល ផលិតផល​ជលផល​ឆ្លងកាត់​នេះ​ចូលទៅក្នុង​ទីផ្សារ​ក្នុងស្រុក​ឡើយ​។​

​តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​ត្រូវខិតខំ ជំរុញ​ចំនួន​កសិករ​ធ្វើ​វារីវប្បកម្ម​ឱ្យបាន​ច្រើន ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ ដើម្បី​បំពេញ​តំរូវការ​ក្នុងស្រុក និង​អាច​នាំទៅ​ក្រៅប្រទេស​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular