ប្រែសម្រួលៈវាសនា/បាងកក(បាងកកប៉ុស្តិ៍)៖រដ្ឋាភិបាលថៃនៅថ្ងៃសៅរ៍នេះបានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីចំនួន២១២នាក់បន្ថែមទៀត ក្នុងនេះ១៨៧នាក់ឆ្លងនៅក្នុងស្រុក និង១៩នាក់ជាអ្នកដំណើរចូលមកពីក្រៅប្រទេស ។ចំនួននេះធ្វើអោយថៃមានអ្នកឆ្លងជំងឺនេះសរុបកើនដល់១០.០៥៣នាក់។
ថៃកាលពីថ្ងៃសុក្របានអះអាងថាមនុស្សឆ្លងកូវីដ១៩ថ្មីមានចំនួន២០៥នាក់ ក្នុងនោះ១៣១នាក់ជាការឆ្លងក្នុងស្រុក។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ថៃ លោក ថាវីស៊ីល វីសានុយ៉ូធីន បាននិយាយថា ក្នុងចំណោមអ្នកឆ្លងក្នុងស្រុកថ្មី១៨៧នាក់ ខេត្តសាមុត ប្រាកាន មានអ្នកឆ្លងថ្មីច្រើនជាងគេគឺ១២៤នាក់ ខេត្តសាមុត សាខន៤៦នាក់ បន្ទាប់មកក្រុងបាងកកមាន២៧នាក់ និងឈុន ប៊ូរី រកឃើញអ្នកឆ្លង២៦នាក់។
លោក ថាវីស៊ីល វីសានុយ៉ូធីន ក្នុងពេលជាមួយគ្នាបានអំពាវនាវអោយប្រជាជនថៃនាំគ្នាដោនឡូត(download)ប្រើកម្មវិធីតាមដានចលនាមនុស្ស Mor Chanaដើម្បីជួយអាជ្ញាធរក្នុងការគ្រប់គ្រងវីរុសកូរ៉ូណា។
គិតមកត្រឹមថ្ងៃសៅរ៍ ប្រជាជនថៃសរុប១,៦៨លាននាក់បានដោនឡូតប្រើកម្មវិធីនេះលើស្មាតហ្វូនរបស់គេ។ការដោនឡូតប្រើកម្មវិធី(app)នេះជាកាតព្វកិច្ចតំរូវនៅខេត្តឆ្លងខ្លាំងចំនួន៥។
ក្នុងចំណោមការឆ្លងជាងមួយម៉ឺននាក់នេះ ៥.៥៤៦នាក់បានជា រួមមាន២៩១នាក់បានជានៅ២៤ម៉ោងកន្លងទៅ និង៤.៤៤០នាក់ទៀតកំពុងនៅក្នុងមន្ទីរពេទ្យឬ មន្ទីរពេទ្យបណ្តោះអាសន្ន។អ្នកស្លាប់ដោយកូវីដ១៩នៅថៃ នៅ៦៧នាក់ដដែល។
នៅទូទាំងពិភពលោក កូវីដ១៩បានបន្ថែមអ្នកឆ្លង៨២៦.៣៦៥នាក់ទៀតនៅ២៤ម៉ោងមកនេះ រហូតដល់ចំនួន៨៩,៣៥លាននាក់ នៅពេលចំនួនស្លាប់សរុបកើនដល់១,៩២លាននាក់បន្ទាប់ពីមានអ្នកស្លាប់ថ្មី១៤.៧៨៨នាក់ទៀត។
អាម៉េរិកមានអ្នកឆ្លង២២,៤៥លាននាក់ ក្រោយកើនថែម៣០១.៦៥៥នាក់ និងអ្នកជំងឺកូវីដ១៩ស្លាប់ជាមធ្យម៤.០០០នាក់ក្នុងមួយថ្ងៃ។ឥណ្ឌាជាប់ចំណាត់ថ្នាក់ទី២ ជាមួយនឹងអ្នកឆ្លងសរុប១០,៤៣លាននាក់៕
បុគ្គលិកពេទ្យធ្វើតេស្តិ៍រកកូវីដ១៩លើកម្មករចំណាកស្រុកនៅខេត្ត ផាធូម ថានី កាលពីថ្ងៃសុក្រ