Home ព័ត៌មានអន្តរជាតិ ចិន​បង្ហាញឱ្យ...

ចិន​បង្ហាញឱ្យឃើញ​មួយ​ភ្លែត​នូវ​រូបរាង​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ H-20 (វីដេអូ)

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ វីដេអូ​ផ្សព្វផ្សាយ​នា​ពេល​ថ្មីៗ​នេះ​សម្រាប់​កងទ័ពអាកាស​រំដោះ​ប្រជាជន (PLAAF) បាន​បង្ហាញ​ឱ្យ​ឃើញ​មួយ​ភ្លែត​នូវ​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​ប្រភេទ H-20 របស់​ចិន​ដែល​នឹង​មកដល់​នា​ពេលខាងមុខ​នេះ​។​

​វីដេអូ​ផ្សព្វផ្សាយ ដែល​បង្ហោះ​ចូលក្នុង YouTube កាលពី​ថ្ងៃ​អង្គារ​ដោយ​គណនី​របស់​ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​ដំណាល​អំពី​រឿងនិទាន​របស់​អ្នកបើក​យន្តហោះ​ចម្បាំង​វ័យក្មេង​ចិន​ម្នាក់​ដែល​សុបិន​ចង់​​បាន​ភាពរុងរឿង​នៅលើ​មេឃ​។​

​ឈុត​ឆាក​ភាគច្រើន​នៃ​វីដេអូ​នេះ​គឺ​ផលិត​ដោយ​កុំព្យូទ័រ​ហើយ​ផ្តោត​សំខាន់​លើ​យន្តហោះ​ចម្បាំង​បំបាំងកាយ Chengdu J-20 ដែល​មាន​សមត្ថភាព​អាច​ប្រៀបផ្ទឹម​នឹង​យន្តហោះ​ចម្បាំង F-22 Raptor របស់​អាម៉េរិក ប៉ុន្តែ​ក៏​បាន​បង្ហាញ​វត្ត​មាន​យន្តហោះ​ចម្បាំង​ចិន​ផ្សេង​ទៀត​ដែរ ដូចជា J-10 ។

​ឈុត​ឆាក​គួរឱ្យ​កត់សម្គាល់​បំផុត​គឺ​សកម្មភាព​យោធា​លើកដំបូង​របស់ PLAAF ក្នុងអំឡុង​សង្គ្រាម​កូរ៉េ នៅពេល​ដែល​កងទ័ព​ប្រជាជន​ចិន​ស្ម័គ្រចិត្ត​ធ្វើសង្គ្រាម​ក្រោម​បញ្ជា​របស់​កូរ៉េខាងជើង និង​យន្តហោះ MiG-15s ទំនើប​របស់ PLAAF បាន​ប្រឈមមុខ​នឹង​យន្តហោះ​អាម៉េរិក​។​

​ប៉ុន្តែ​ចុងបញ្ចប់​នៃ​វីដេអូ ទស្សនិកជន​បាន​មើលឃើញ​បន្តិច​នូវ​ការ​លាត់​វាំងនន​បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​ប្រភេទ H-20​។ រូបភាព​ពេញលេញ​នៃ​យន្តហោះ​នេះ​មិន​ត្រូវ​បាន​បង្ហាញ​ទេ ហើយ​រូប​នេះ​ទៀត​សោត​ក៏​កែកុន​ដោយ​កុំព្យូទ័រ​ផងដែរ​៕

​រូបរាង​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​ប្រភេទ H-20 ត្រូវបាន​បង្ហាញ​មួយ​ភ្លែត​នៅក្នុង​វីដេអូ​ឃោសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular