ដោយៈ សុខុម / ស្ទឹងត្រែងៈ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង មួយកន្លែង បានជំរុញឲ្យកសិករ នាំគ្នាចិញ្ចឹមបង្កងលក់ ដើម្បីតម្រូវការទីផ្សារ អាហារប្រចាំថ្ងៃ អោយកាន់តែច្រើន។ ម្យ៉ាងទៀត មុខរបរមួយនេះ បានជួយបង្កើនប្រាក់ចំណូល ដល់ក្រុមគ្រួសារ ឲ្យកាន់តែប្រសើរឡើង។
លោក សុទ្ធ ភិរម្យ អាយុ ៣៩ ឆ្នាំ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានរៀបរាប់ឲ្យដឹងថាៈ ដោយឆ្លងកាត់ការងារ រកស៊ីច្រើនមុខ ពីខេត្តមួយ ទៅខេត្តមួយ និងធ្លាប់បានបម្រើការងារ នៅជាមួយក្រុមហ៊ុនចិញ្ចឹមបង្កងលក់ដ៏ធំ ក្នុងប្រទេសកម្ពុជា មួយកន្លែង ព្រមទាំងការសិក្សាស្រាវជ្រាវ តាមឯកសារមួយចំនួន និងមើលពីវិធីសាស្ត្រ ចិញ្ចឹមបង្កង តាមរយៈ យូធូប (youtube) បន្ថែម ធ្វើឲ្យលោក មានគំនិតបង្កើតអាជីវកម្ម កសិដ្ឋានចិញ្ចឹមបង្កង លក់ដោយខ្លួនឯង។
ជួបជាមួយរស្មីកម្ពុជា លោក សុទ្ធ ភិរម្យ បានបន្តទៀតថាៈ មុខរបរមួយនេះ ងាយស្រួល ឬពិបាក ក៏ថាបាន។ បើសិនជាដាក់ចិត្ត ចាប់យកមុខរបរមួយនេះហើយ យើងត្រូវតស៊ូព្យាយាម ស្វែងយល់ពីបច្ចេកទេស ឲ្យបានច្បាស់ ជាមុនសិន ដូចជាការរៀបចំជាប្រព័ន្ធអាង តាមបច្ចេកទេស ឲ្យបានត្រឹមត្រូវ និងប្រើប្រាស់ អុកស៊ីសែន កំហាត់ទឹកជាដើម។ ជាសំខាន់ ធ្លាប់បានសិក្សា លើបច្ចេកទេស ក្នុងការចិញ្ចឹមបង្កង ជាមុន ឬក៏ជួបសាកសួរ អ្នកធ្លាប់មានបទពិសោធន៍ ដោយផ្ទាល់ ដើម្បីចៀសវាងនាំឲ្យខាតបង់។
លោកបាននិយាយថាៈ បង្កងដែលលោក ចាប់អារម្មណ៍ គឺប្រភេទបង្កងអូស្ត្រាលី ក្នុងចំណោមបង្កង ច្រើនប្រភេទទៀត នៅលើទីផ្សារ សព្វថ្ងៃនេះ។ លោកបានអនុវត្តចិញ្ចឹមបង្កង អស់រយៈពេលជាង មួយឆ្នាំហើយ ហើយក្នុងនោះ អតិថិជន ក៏ចាប់ផ្ដើមស្គាល់ទំនាក់ទំនង ទិញពូជបង្កង ពីលោក តាមប្រព័ន្ធ ហ្វេសប៊ុក (facebook) និងខ្លះទៀត ចុះទៅទិញដោយផ្ទាល់។
ចំពោះការប្រមូលផលមួយ រដូវកាល ក្នុងរយៈពេល ៣ ខែកន្លះ គឺប្រមូលផលម្ដង។ លោកអាចលក់កូនបាន ដល់ទៅ ១០.០០០ គ្រាប់ បានទឹកប្រាក់ចន្លោះពី ៥.០០០ ទៅ ៨ ពាន់ដុល្លារ។ សម្រាប់ការលក់ចេញនៃកូនបង្កង ១ ម៉ឺនក្បាល តែត្រូវចំណាយដើមទុន អស់ ៣ ពាន់ដុល្លារ យ៉ាងតិច ហើយប្រមូលផលវិញបាន ៩.០០០ ដុល្លារ ចំពោះបង្កងសាច់។ បង្កងសាច់លក់ លើទីផ្សារចាប់ពី ២៥ ទៅ ៣០ ដុល្លារ ក្នុងមួយគីឡូក្រាម។ ប្រភេទលេខមួយ បានដល់ទៅ ៥០ ដុល្លារ ក្នុងមួយគីឡូ។ ចំពោះអ្នកទិញកូនបង្កង ទៅចិញ្ចឹមបន្ត លោកលក់ចេញមួយគូ តម្លៃ ៥ ដុល្លារ។
ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង ខាងលើនេះ បានអំពាវនាវដល់ កសិករ ងាកមកចាប់អារម្មណ៍ លើមុខរបរចិញ្ចឹមបង្កងលក់ បានទាំងលក់កូន ទាំងបង្កងសាច់ ដើម្បីបំពេញតម្រូវការទីផ្សារ បច្ចុប្បន្ន និងទទួលបានប្រាក់ចំណូល ដល់គ្រួសារប្រចាំថ្ងៃ៕/V