ដោយៈតារារិទ្ធ/ភ្នំពេញ៖ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនបានជូនដំណឹងបន្ទាន់ដល់ពលរដ្ឋកម្ពុជាដែលមានបំណងទៅកាន់ប្រទេសជប៉ុនអំពីវិធានការព្រំដែនថ្មីរបស់រដ្ឋាភិបាលជប៉ុន បន្ទាប់ពីរបានប្រកាសដាក់ទីក្រុងតូក្យ ខេត្ត Kanagawa, Saitama, និង Chibaក្នុងភាពអាសន្នជាលើកទីពីរនៅថ្ងៃទី ៧ ខែមករាហើយបាន់ចូលជាធរមាននៅថ្ងៃទី៨ ខែមករារដ្ឋាភិបាលជប៉ុននៅយប់ថ្ងៃទី៨ ខែមករាបានចេញវិធាន ការព្រំដែនថ្មីពាក់ព័ន្ធនឹងកម្ពុជាមានដូចខាងក្រោម៖
១. ប្រជាពលរដ្ឋខ្មែរដែលចូលទៅប្រទេសជប៉ុនតាមរយៈ “ច្រកចូលសម្រាប់ការស្នាក់នៅ (Residence Track) ធានាដោយក្រុមហ៊ុនឬអង្គភាពនានាត្រូវមានលិខិតបញ្ជាក់ អវិជ្ជមានកូវីដ១៩ ក្នុងរង្វង់៧២ម៉ោងមុនចេញដំណើរ ហើយត្រូវធ្វើតេស្តម្ដងទៀតពេលមកដល់ជប៉ុន។ក្រុមហ៊ុនឬអង្គភាពធានាត្រូវបំពេញ “កិច្ចសន្យា”ថាត្រូវអនុវត្តវិធានការ ទាំងនេះ ។ ចំណាយលើការធ្វើតេស្តរកកូវីដ១៩ ពេលមកដល់ជប៉ុនជាបន្ទុករបស់រដ្ឋាភិបាលជប៉ុន ។
២. ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិស្នាក់នៅត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩ ក្នុងរង្វង់៧២ម៉ោងមុនចេញដំណើរ ហើយត្រូវធ្វើតេស្តម្ដងទៀតពេលមកដល់ជប៉ុន ។ ក្នុងករណីមិនមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩នេះទេអ្នកដំណើរត្រូវស្នាក់នៅទីតាំងកំណត់ដោយប្រធានស្ថានីយ៍ចត្តាឡីស័កជប៉ុន ។ អ្នកដំណើរត្រូវធ្វើតេស្តម្ដងទៀតនៅ ថ្ងៃទី៣ ។ បើអវិជ្ជមានត្រូវទៅធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះបន្ថែមឲ្យគ្រប់១៤ថ្ងៃ ហើយត្រូវទាញយកកម្មវិធីទូរស័ព្ទ “Covid-19 Contact-Confirming Application – COCOA” ដើម្បីតាមដានការបំលាស់ទីរបស់អ្នកដំណើរ ។
៣.វិធានការខាងលើត្រូវអនុវត្តតាមកាលបរិច្ឆេទដូចខាងក្រោម ៖
– ធ្វើតេស្តសម្រាប់អ្នកដំណើរទាំងអស់ដែលមកដល់ជប៉ុន ពីម៉ោង ០០:០០ ថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២១ ។
– ត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩ ក្នុងរង្វង់៧២ម៉ោងមុនចេញដំណើរសម្រាប់អ្នកដំណើរដែលមកដល់ជប៉ុនពីម៉ោង ០០:០០ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។
– វិធានការទាំងនេះនឹងត្រូវអនុវត្តរហូតដល់មានការលើកលែងស្ថានភាពអាសន្ន (តាមគម្រោង ការប្រកាសភាពអាសន្ននៅត្រូវលើកលែងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១) ៕