ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ នៅខេត្តព្រះសីហនុ សម្រាប់ការងារ ក្រាលកម្រាលសន្លឹក ថ្មក្រានីត អនុវត្ត ៩៣,៤២ ភាគរយ នៃគម្រោងហើយ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី៩ ខែមករានេះថាៈ ការងាររៀបចំកម្រាលក្រានីត គិតមកដល់ត្រឹមថ្ងៃទី៨ ខែ មករា សម្រេចបាន ៩៣,៤២ ភាគរយ ហើយ។
តាមរបាយការណ៍ នៃការស្ថាបនាផ្លូវ ៣៤ ខ្សែ នៅខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី៩ មករា សម្រេចបានលទ្ធផល ដូចជា ការងារចាក់បេតុងផ្លូវ សម្រេចបាន ១០០ ភាគរយ, ការងារដាក់លូតាមផ្លូវ សម្រេចបាន ១០០ ភាគរយ, ការងាររៀបចំប្រព័ន្ធលូរណប សម្រេចបាន ១០០ ភាគរយ , ការងាររៀបខឿនក្រានីត សម្រេចបាន ៩៣,៨៣ ភាគរយ, ការងាររៀបចំកម្រាល សន្លឹកថ្មក្រានីត សម្រេចបាន ៩៣,៤២ ភាគរយ, ការងារដំឡើងបង្គោលភ្លើង តាមដងផ្លូវសម្រេចបាន ៩៨,០៥ ភាគរយ, ការងារបំពាក់អំពូលភ្លើង តាមដងផ្លូវ សម្រេចបាន ៩១,២៥ ភាគរយ ការងារដាំដើមឈើ និងផ្កាក្រដាស សម្រេចបាន ៨៦,១៩ ភាគរយ។
រំលឹកឱ្យដឹងថាៈ ផ្លូវចំនួន ៣៤ ខ្សែ ដែលកំពុងបន្តសាងសង់ នៅក្នុងខេត្តព្រះសីហនុ មានប្រវែង សរុបជាង ៨០ គីឡូម៉ែត្រ ធ្វើការសាងសង់ ដោយក្រុមហ៊ុន ចំនួន ៨ រួមមាន ក្រុមហ៊ុនហេងសម្បត្តិ ក្រុមហ៊ុន SCE ក្រុមហ៊ុនសាជីវកម្ម ពិស្ណុការអន្តរជាតិ ក្រុមហ៊ុន K.B.H Construction Co.,LTD ក្រុមហ៊ុន VT Engineering Construction ក្រុមហ៊ុនរ៉ូយ៉ាលមេគង្គ ខនស្ត្រាក់សិន & ឌីវើឡុបមែន កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប និងកងវិស្វកម្ម លេខ ១៧៨ ស្ពាន ថ្នល់ នៃក្រសួងការពារជាតិ។
គម្រោងខាងលើនេះ បានបើកការដ្ឋាន ជាផ្លូវការ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាគម្រោងលើកឡើង ដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានលោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានតាំងពីឆ្នាំ២០១៨ ៕/V/សរន