ប្រែសម្រួលៈវាសនា/ឈុន ប៊ូរី(បាងកកប៉ុស្តិ៍)៖មនុស្ស២១នាក់ រួមមានជនបរទេស១៦នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលឆ្មក់ចូលបង្ក្រាបនៅខុនដូមួយកន្លែងក្នុងទីក្រុងមាត់សមុទ្រ ប៉ាតាយ៉ា កាលពីដើមថ្ងៃសៅរ៍។
ក្រុមចំរុះ រួមមានប៉ូលិសក្រុងប៉ាតាយ៉ា ប៉ូលិសទេសចរណ៍និងមន្ត្រីសុខាភិបាល បានឆ្មក់ចូលខុនដូ Espana Condominium & Resortនៅម៉ោងប្រមាណ១រំលងអាធ្រាតឈានចូលថ្ងៃសៅរ៍ ក្រោយទទួលព័ត៌មានមកថា មានការលេងល្បែងខុសច្បាប់នៅទីនោះ។
ជនដែលត្រូវឃាត់ខ្លួន២១នាក់នេះ បានកំពុងលេងល្បែងនៅខាងក្នុងបន្ទប់ចំនួន២ក្នុងខុនដូនេះ ។ពួកគេរួមមានជនជាតិថៃ៥នាក់ ចិន១៤នាក់ សិង្ហបុរីម្នាក់ និងកម្ពុជាម្នាក់។
មន្ត្រីម្នាក់បាននិយាយថា ការឆ្មក់ចូលចាប់នេះជាផ្នែកនៃប្រតិបត្តិការទប់ស្កាត់ការផ្ទុះជំងឺកូវីដ១៩។អ្នកដែលត្រូវឃាត់ខ្លួនក្នុងប៉ុស្តិ៍ប៉ូលិសនឹងចាត់ការតាមផ្លូវច្បាប់ ហើយការស៊ើបអង្កេតមួយក៏ត្រូវបានធ្វើឡើងដើម្បីរកអ្នកពាក់ព័ន្ធនិងអ្នកបើកបនល្បែងនេះ។
ការស៊ើបអង្កេតជំហានដំបូងបង្ហាញថា ជនជាតិចិនដែលត្រូវចាប់ខ្លួន មាន៥នាក់ស្នាក់នៅហួសទិដ្ឋាកា និងជនជាតិកម្ពុជាចូលក្នុងប្រទេសថៃដោយខុសច្បាប់។
អ្នកលេងល្បែង មានទាំងថៃនិងបរទេស អង្គុយនៅជុំវិញតុល្បែងក្នុងខុនដូមួយនៅខេត្តឈុន ប៊ូរី ពេលប៉ូលិសចូលបង្ក្រាបកាលពីថ្ងៃសៅរ៍
សូមរំលឹកថា កាលពីចុងខែមុន ប៉ូលិសក៏បានឆ្មក់ចូលបនល្បែងខុសច្បាប់នៅក្រុងបាងកកនិងបានចាប់ឃាត់ខ្លួនអ្នកលេងល្បែងនិងបុគ្គលិកកាស៊ីណូចំនួន៩៤នាក់។ក្នុងចំណោមពួកគេ មានជនជាតិថៃ៧៧នាក់ មីយ៉ាន់ម៉ា៧នាក់ កម្ពុជា៦នាក់ ឡាវ៣នាក់និងវៀតណាមម្នាក់។
ជុំវិញការបង្ក្រាបបនល្បែងខុសច្បាប់នេះ នាយប៉ូលិស៧នាក់នៅប៉ុស្តិ៍មួយត្រូវបានផ្ទេរទៅកាន់កន្លែងថ្មីនិងប្រឈមការស៊ើបអង្កេត តែម្ចាស់បនល្បែងឬអ្នកនៅពីក្រោយមិនត្រូវចាប់ខ្លួនបាននៅឡើយទេ៕
អ្នកលេងល្បែងនៅបាងកកត្រូវបានចាប់ខ្លួនកាលពីចុងខែមុនក្នុងប្រតិបត្តិការទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ក្រោយមានការផ្ទុះកូវីដ១៩ជាចង្កោមនៅតាមវង់ល្បែងជាច្រើនក្នុងខេត្តរ៉ាយ៉ង