ដោយៈ ម៉េងឆៃ / ភ្នំពេញៈ នៅក្នុងសប្តាហ៍ ដើមខែមករា ឆ្នាំ២០២១ មានព្រឹត្តិការណ៍ជាតិសំខាន់ៗ ជាច្រើន បានកើតឡើង រួមមានៈ កម្ពុជា បញ្ជូនម៉ាស និងបរិក្ខារពេទ្យ ទៅប្រទេសនេប៉ាល់ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងជំងឺកូវីដ ១៩ រម្លឹកខួបជ័យជម្នះ ៧ មករា រួមទាំងការបន្តរកឃើញពលករខ្មែរ ឆ្លងដែនមកពីថៃ ឆ្លងកូវីដ១៩ ជាដើម។
កាលពីថ្ងៃទី៤ ខែមករា រាជរដ្ឋាភិបាល បានសម្រេចដឹកជញ្ជូនម៉ាស ជាង ២ លាន និងបរិក្ខារពេទ្យ ចំនួន ១២ មុខបន្ថែមផ្សេងទៀត តាមជើងយន្តហោះពិសេស ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់។ អំណោយ ជាម៉ាស និងបរិក្ខារពេទ្យ ដែលប្រទេសកម្ពុជា ប្រគល់ជូនប្រទេសនេប៉ាល់នេះ ជាអំណោយផ្នែក សុខាភិបាល លើកទី៤ ហើយ ដែលប្រទេសកម្ពុជា ប្រគល់ជូនភាគីបរទេសជាមិត្ត ដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងជំងឺកូវីដ បន្ទាប់ពីបានប្រគល់ ជូនប្រទេសឡាវ មីយ៉ាន់ម៉ា និងប្រទេសទីម័រឡេស្ត កាលពីខែវិច្ឆិកា និងខែធ្នូ កន្លងមកនេះ។
កាលពីព្រឹកថ្ងៃទី៤ ខែមករា ក្រសួងសុខាភិបាល បានប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ ១៩ថ្មី ម្នាក់ទៀត ដែលជាស្ត្រីពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ ចូលតាមច្រកព្រំដែន ខេត្តប៉ៃលិន។ គិតមកដល់ ព្រឹកថ្ងៃទី៤ ខែមករា ពលករខ្មែរ ដែលបានឆ្លងដែន មកពីប្រទេសថៃ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៧ នាក់ហើយ។ ដោយឡែក នៅទូទាំងប្រទេស គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៨២ នាក់។ ក្នុងនោះ មានអ្នកជាសះស្បើយ ៣៦២ នាក់ និង ២០ នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។
កាលពីថ្ងៃទី៥ ខែមករា គឺជាខួបអាពាហ៍ពិពាហ៍ ៤៥ ឆ្នាំ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាភរិយា។ នៅថ្ងៃនេះ តាមរយៈសំណេរ នៅលើហ្វេសប៊ុក សម្ដេចនាយករដ្ឋមន្ត្រី បានរំលឹកពី ជីវិតអាពាហ៍ពិពាហ៍ជូរចត់ និងដំណើរ នៃការតស៊ូជាច្រើន នៅក្នុងសម័យសង្គ្រាម និងដំណើរការវិវត្តន៍ថ្មីៗ នៃជីវិតអាពាហ៍ពិពាហ៍ រហូតមកទល់ពេល បច្ចុប្បន្ននេះ។
កាលពីថ្ងៃទី៥ ខែមករា រដ្ឋសភា បានប្រកាសបិទបញ្ចប់ សម័យប្រជុំ លើកទី៥ នីតិកាលទី៦។ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា ពេញមួយឆ្នាំ២០២០ កន្លងទៅនេះ រដ្ឋសភាបានពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន៣៦។
មណ្ឌលចត្ដាឡីស័ក នៅរាជធានីភ្នំពេញ ដែលអាចផ្ទុកចំនួនមនុស្ស បានជាង ៥០០ នាក់ ត្រូវបានបើកសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៦ ខែមករានេះ។ មណ្ឌលចត្ដាឡីស័ក នៅព្រែកព្នៅ នឹងត្រូវប្រើប្រាស់ សម្រាប់អ្នកមកពីក្រៅប្រទេស ដែលគ្មានលទ្ធភាពជួល សណ្ឋាគារ សម្រាប់ធ្វើចត្តាឡីស័ក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែមករា ចំខួបលើកទី៤២ឆ្នាំ ទិវាជ័យជម្នះ ៧ មករា បានបង្ហាញនូវការប្តេជ្ញាចិត្ត យ៉ាងម៉ឺងម៉ាត់ ជាថ្មីម្តងទៀត ដើម្បីអនុវត្តន៍ នូវភារកិច្ចរបស់ខ្លួន ក្នុងនាមជាថ្នាក់ដឹកនាំ កំពូលរបស់ប្រទេសកម្ពុជា ការពារសន្តិភាព សុវត្ថិភាព សុខុមាលភាពប្រជាជន និងការអភិវឌ្ឍ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ចាត់ទុកថា ថ្ងៃ ៧ មករា ជាឫសគល់សំខាន់ នៃការអភិវឌ្ឍន៍កម្ពុជា រហូតមកដល់បច្ចុប្បន្ន។
ចាប់តាំងពីប្រទេសថៃ រកឃើញករណីជំងឺកូវីដ១៩ ជាលើកដំបូង មកដល់បច្ចុប្បន្ន យ៉ាងហោចណាស់ មានពលរដ្ឋខ្មែរ ១០៨នាក់ បានឆ្លងជំងឺកូវីដ នៅក្នុងប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់ ក្រសួងសុខាភិបាលថៃ។ គិតត្រឹមថ្ងៃទី៧ មករា ២០២១ ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា ក្រៅពីពលរដ្ឋខ្មែរ ក៏មានអ្នកឆ្លងជំងឺកូវីដ ១៩ ជាពលរដ្ឋព្រុយណេ ៦២៣ នាក់ ឥណ្ឌា ៨២ នាក់ សញ្ជាតិផ្សេងទៀត ជាង ១ពាន់នាក់ ខណៈថៃខ្លួនឯង មានជាង ៥ពាន់នាក់។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៨ ខែមករា បានប្រកាសថា ប្រទេសកម្ពុជា ទទួលរងនូវអាកាសធាតុ ចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមករា ជាពិសេសតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាប ភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងអាចធ្លាក់ចុះ មកនៅក្នុងរង្វង់ពី ១១អង្សាសេ ទៅ ១៣អង្សាសេ លាយឡំ ជាមួយខ្យល់ខ្លាំង។
ក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែមករា បានបើកសំណើដេញថ្លៃ ជាសាធារណៈ ឲ្យក្រុមហ៊ុនប្រមូលចំណូល ថ្លៃលក់សំបុត្រ ចូលទស្សនា ឧទ្យានជាតិព្រះសុរាម្រិត កុសមៈគរីរម្យ ខេត្តកំពង់ស្ពឺ និងតំបន់ រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង។ ជាលទ្ធផល ក្នុងចំណោមក្រុមហ៊ុន ដេញថ្លៃចំនួន ៤ មានក្រុមហ៊ុនមួយ បានជាប់នៅក្នុងការដេញថ្លៃនេះ។ កាលពីព្រឹកថ្ងៃទី៩ ខែមករា ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកឆ្លងជំងឺកូវីដ ១៩ថ្មីម្នាក់ទៀត ជាពលករខ្មែរ ឆ្លងដែនមកពីប្រទេសថៃ។ ដោយឡែក អ្នកជាសះស្បើយ ៣នាក់ ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា មាន ២នាក់ ជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ និងអ្នកជាសះស្បើយ ម្នាក់ទៀត ជាស្ត្រីជនជាតិខ្មែរ-អាមេរិកាំង អាយុ ៣៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើដំណើរមកពី សហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសចិន ( ត៉ៃវ៉ាន់ ) មកដល់កម្ពុជា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅទូទាំងប្រទេស មានអ្នកកើតជំងឺកូវីដ ១៩ សរុបចំនួន ៣៨៧នាក់។ ក្នុងនោះ ៣៦៤នាក់ ត្រូវបានព្យាបាល ជាសះស្បើយ និង ២២ នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។
ពាក់ព័ន្ធនឹងពលករខ្មែរ ឆ្លងដែនមកពីថៃ រហូតដល់ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ រកឃើញ ២២នាក់ បានឆ្លងជំងឺកូវីដ១៩។ តែក៏មាន ២នាក់ បានជាសះស្បើយវិញហើយ៕/V