ដោយៈ បាយ័ន / សៀមរាប: កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំ មន្ទីរកសិកម្ម ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីសំណងពីក្រុមហ៊ុន អាកាសយានដ្ឋាន អន្តជាតិ សៀមរាប-អង្គរ ដែលបានសាងសង់ផ្លូវ ល្បឿនលឿន ឆ្លងកាត់ព្រៃសហគមន៍ ព្រៃឈើ ចាន់សជើង។
លោក ង៉ាន់ ភិរុណ អភិបាលរង ខេត្តសៀមរាប ដែលមានវត្តមាន ជាអធិបតីក្នុងឱកាសនោះ បានបញ្ជាក់ថាៈ សហគមន៍ព្រៃឈើ ចាន់សជើង ស្ថិតនៅក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានទទួលសំណង ពីក្រុមហ៊ុនអាកាសយានដ្ឋាន អន្តជាតិ សៀមរាប-អង្គរ ដែលបានសាងសង់ផ្លូវ ល្បឿន លឿន ឆ្លងកាត់ព្រៃសហគមន៍។ ក្រុមហ៊ុនអាកាសយានដ្ឋាន អន្តជាតិសៀមរាប-អង្គរ សាងសង់ផ្លូវល្បឿនលឿន ឆ្លងកាត់ព្រៃសហគមន៍ ត្រូវគោរពតាមទំហំ និងទីតាំង ដែលបានឯកភាពគ្នា រវាងភាគីក្រុមហ៊ុន និងសហគមន៍ព្រៃឈើ ដែលបានចែងក្នុងកិច្ចសន្យា។
លោកបានបន្តថាៈ ថវិកាដែលបានមកពីប្រាក់សំណង ត្រូវប្រើប្រាស់ សម្រាប់ផលប្រយោជន៍រួម សម្រាប់ការអភិវឌ្ឍមូលដ្ឋាន និងការគ្រប់គ្រង សហគមន៍ព្រៃឈើ ចាន់សជើង។ ការប្រើប្រាស់ថវិកា ត្រូវមានការឯកភាពគ្នា រវាងគណៈកម្មការគ្រប់គ្រង សហគមន៍ព្រៃឈើ សមាជិកក្រុមប្រឹក្សា ឃុំចាន់ស និង រដ្ឋបាលព្រៃឈើ និងមានការយល់ព្រម ពីប្រជាពលរដ្ឋ ដែលជាសមាជិក សហគមន៍ព្រៃឈើ។ ការប្រើប្រាស់ថវិកា ត្រូវមានការកត់ត្រា មានបញ្ជីចំណាយ ច្បាស់លាស់ និងត្រូវរាយការណ៍ ជូនសមាជិកសហគមន៍ព្រៃឈើ ដោយអនុលោមតាមលក្ខន្តិកៈ របស់សមាគម។
លោកបានបន្តទៀតថាៈ ត្រូវប្រើប្រាស់ថវិកា ឱ្យបានសមស្រប និងមានតម្លាភាព។ ការប្រើប្រាស់ថវិកា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងចេតនាកែងបន្លំ ទុច្ចរិត និងរំលោភ លើសេចក្តីទុកចិត្ត ត្រូវទទួលទោស ចំពោះមុខច្បាប់ ជាធរមាន។ ត្រូវបង្កើតបរិយាកាស សាមគ្គីភាពផ្ទៃក្នុង រវាងគណៈកម្មការគ្រប់គ្រង សហគមន៍ ព្រៃឈើ និងប្រជាពលរដ្ឋ ជាសមាជិកសហគមន៍ព្រៃឈើ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន និងការគ្រប់គ្រងព្រៃឈើ សហគមន៍ ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកអភិបាលរង ក៏បាថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានចុះសិក្សា វាយតម្លៃធនធានព្រៃឈើ ការធ្វើសារពើភ័ណ្ឌ និងរៀបចំកិច្ចប្រជុំ ពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសម្របសម្រួល ជាមួយសហគមន៍ព្រៃឈើ ដើម្បីកំណត់ផលប៉ះពាល់នានា ដែលបានកើតមានឡើង នៅក្នុងគម្រោងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ និងការសាងសង់ ផ្លូវល្បឿនលឿន រហូតឈានដល់ការឯកភាពគ្នា រវាងភាគីពាក់ព័ន្ឋទាំងអស់ ក្នុងការប្រគល់ និងទទួលប្រាក់សំណង ដែលក្រុមហ៊ុន អាកាសយានដ្ឋានអន្តជាតិ សៀមរាប អង្គរ សង់ប៉ះពាល់ដល់ សហគមន៍ព្រៃឈើ ចាន់សជើង។
សូមបញ្ជាក់ថាៈ ប្រាក់សំណងលើផលប៉ះពាល់ ក្នុងសហគមន៍ព្រៃឈើ ចាន់សជើង មិនត្រូវបានបញ្ជាក់ អោយដឹងថា មានចំនួនប៉ុន្មាន? និងទំហំព្រៃឈើ មានចំនួនប៉ុន្មាន ហិកតាឡើយ៕/V
សហគមន៍ព្រៃឈើ ចាន់សជើង បានទទួលសំណង ប៉ុន្តែត្រូវប្រើប្រាស់ថវិកា ឱ្យមានតម្លាភាព
សហគមន៍ព្រៃឈើ ចាន់សជើង បានទទួលសំណង ប៉ុន្តែត្រូវប្រើប្រាស់ថវិកា ឱ្យមានតម្លាភាព
សហគមន៍ព្រៃឈើ ចាន់សជើង បានទទួលសំណង ប៉ុន្តែត្រូវប្រើប្រាស់ថវិកា ឱ្យមានតម្លាភាព