ដោយ: មុនីរ័ត្ន / ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានបញ្ជាក់ប្រាប់រស្មីកម្ពុជាឲ្យដឹងថា ពាក់ព័ន្ធករណីមាន់ងាប់ជាច្រើនក្បាលជាបន្តបន្ទាប់ស្ថិតនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មន្ត្រីជំនាញកំពុងតែធ្វើការតាមដាន និងបានយកសំណាកមកធ្វើការវិភាគថា តើងាប់ដោយសារប្រភេទជំងឺអ្វី?
លោករដ្ឋមន្ត្រីបាននបញ្ជាក់ថា “ពិតជាមានករណីមាន់ងាប់មែន យើងកំពុងតែធ្វើការតាមដាន ឥឡូវនេះយើងកំពុងតែយកសំណាកមកធ្វើការវិភាគ តើប្រភេទជំងឺអ្វីបានជាមាន់ងាប់?”។
បើតាមម្ចាស់កសិដ្ឋានចិញ្ចឹមមាន់លោក ហូ ណាំ បានបញ្ជាក់ថា “៣ថ្ងៃ មាន់១៣០០ក្បាលឈឺងាប់គ្មានសល់”។
សត្វមាន់ជាច្រើនក្បាលបានងាប់ជាបន្តបន្ទាប់ក្នុងកសិដ្ឋានស្ថិតនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។ ហើយបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ ព្រួយបារមម្ភខ្លាចមានជំងឺផ្តាសាយបក្សី។
រីឯលោកឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបញ្ជាក់ថា លោកចុះទៅពិនិត្យដល់ទីកន្លែងហើយ បានយកវត្ថុសំណាកទៅធ្វើការវិភាគនៅភ្នំពេញ គឺមិនមានបញ្ហាអ្វីប៉ះពាល់ដល់ការឆ្លងជំងឺផ្តសាយបក្សីអ្វីទេ គឺមាន់ងាប់ដោយសារជំងឺធម្មតា។
លោកបន្តថា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ឈ្មោះ ហូ ណាំ ជាមន្ត្រីរមន្ទីរសុខាភិបាលខេត្តបាត់ដំបង រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ចិញ្ចឹមមាន់ ទាកាប៉ាជាលក្ខណៈគ្រួសារ។ ករណីមាន់ងាប់នេះកើតឡើងតាំងពីថ្ងទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ តែម្ចាស់កសិដ្ឋានមិនបានរាយការណ៍មកជំនាញបសុព្យាបាលស្រុក និងខេត្តឲ្យចុះទៅជួយអន្តរាគមន៍បាញ់ថ្នាំការពារទេ។
លោកបានបញ្ជាក់ថា ចំពោះមាន់ដែលងាប់មិនមែន ៣ពាន់ក្បាលទេ គឺងាប់តែ ១.៣០០ក្បាលប៉ុណ្ណោះហើយជំនាញប្រាប់ឲ្យយកទៅកប់ចោលមិនឲ្យយកទៅលក់ឲ្យអ្នកទិញយកទៅហូបទេ ព្រមទាំងខាងជំនាញបានយកវត្ថុសំណាកផ្ញើទៅធ្វើកោសល្យវិច្ច័យនៅភ្នំពេញរួចហើយព្រមទាំងជួយបាញ់ថ្នាំការពារនៅជុំវិញបរិវេណកសិដ្ឋាននេះផងដែរ៕