Home ព័ត៌មានសំខាន់ៗ ព្រឹត្តិការណ៍...

ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​ខែកញ្ញា ឆ្នាំ​២០២០

ដោយ​៖ ម៉េង​ឆៃ​/​ភ្នំពេញ​៖ ក្នុង​ខែកញ្ញា ឆ្នាំ​២០២០ មាន​ព្រឹត្តិការណ៍​ជាតិ​លេចធ្លោ​ជាច្រើន ក្នុងនោះ មាន​ជាអាទិ៍ មរណភាព​របស់​អតីត​មេ​គុក​ទួលស្លែង លោក កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង បានទទួល​រង្វាន់​នៃ​ស្មារតី​ចងចាំ ពិភពលោក ការសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​កាត់ដេរ នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២១ ឡើងដល់ ១៩២​ដុល្លារ​អាមេរិក ក្នុង ១​ខែ និង​អ្នកជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ទាំងអស់ ជាដើម​។​

១-​មរណភាព​របស់​អតីត​មេ​គុក​ទួលស្លែង​៖
​កាលពី​យប់​រំលងអធ្រាត្រ ថ្ងៃទី​១ ឆ្លង​ចូល​ថ្ងៃទី​២ ខែកញ្ញា លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច អតីត​ប្រធាន​គុក​ទួលស្លែង ក្នុង​របប​ខ្មែរក្រហម បានទទួល​មរណភាព ក្នុង​វ័យ ៧៨​ឆ្នាំ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ លោក កាំ​ង​ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច បានទទួល​មរណភាព ដោយសារ​ជំងឺ​សួត​ធ្ងន់ធ្ងរ ក្រោយ​បញ្ជូន​ពី​ពន្ធនាគារ​ខេត្តកណ្តាល ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរ​ពេទ្យរុស្ស៊ី កាលពី​យប់​ថ្ងៃទី​៣១ ខែសីហា​។ សព​របស់លោក កាំ​ង ហ្កេ​ក​អ៊ា​វ មិន​ត្រូវបាន​តម្កល់​ធ្វើបុណ្យ​អ្វី​ទេ គឺ​ត្រូវ​ក្រុមគ្រួសារ រៀបចំ​ពិធី​បូជា​ភ្លាមៗ​នៅ​វត្ត​ចាក់ អង្រែ​ក្រោម ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២​កញ្ញា​។​

២-​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​បានទទួល​រង្វាន់​នៃ​ស្មារតី​ចងចាំ ពិភពលោក​៖
​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានប្រកាសថា សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ទួលស្លែង បានទទួល​រង្វាន់​នៃ​ស្មារតី​ចងចាំ​ពិភពលោក ឆ្នាំ​២០២០ របស់​អង្គការ​យូណេស្កូ​។ ជា​ដំណឹង ដែល​ប្រកាសឡើង តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​អតីត​មេ​គុក​ទួលស្លែង លោក កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច បានទទួល​មរណភាព កាលពី​ថ្ងៃទី​២​កញ្ញា​។​

៣-​សាលារៀន​រដ្ឋ និង​ឯកជន​បើកទ្វារ​ឲ្យ​សិស្ស​ចូលរៀន​ឡើងវិញ​៖
​កាលពី​ថ្ងៃ​ចន្ទ ទី​៧ ខែកញ្ញា ឆ្នាំ​២០២០ សាលារៀន បាន​បើកទ្វារ បង្រៀន​ផ្ទាល់​ឡើងវិញ ហើយ តាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយបាន​អនុវត្តន៍​នូវ​វិធានការ ចាំបាច់​មួយចំនួន ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីត​១៩​។ សាលារៀន ទាំង​សាលា​រដ្ឋ និង​ទាំង​សាលា​ឯកជន បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន កាលពី​ខែមីនា ដើម្បី​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

៤-​ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​ឆ្នាំ​២០២១ ឡើងដល់ ១៩២​ដុល្លារ​៖
​ទោះបី​ជាមាន​វិបត្តិ​កូ​វីត​១៩​យ៉ាងណាក៏ដោយ ប៉ុន្តែ​កម្ពុជា នៅតែ​អាច​ដំឡើង​ប្រាក់​ឈ្នួល អប្បបរមា​ដល់ក​ម្មក​រ​និយោជិត ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​។ តាមរយៈ​កិច្ចប្រជុំ​ចុងក្រោយ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ កាត់ដេរ នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២១ នឹង​ឡើងដល់ ១៩២​ដុល្លារ​អាមេរិក ក្នុង ១​ខែ​។ បូករួម​ទាំង ប្រាក់​អត្ថប្រយោជន៍​នានា ជា​មធ្យម កម្មករ​កាត់ដេរ​ម្នាក់ នឹង​ទទួលបាន​ប្រាក់ខែ​ចន្លោះ​ពី ២០៩​ដុល្លារ រហូតដល់ ២២០​ដុល្លារ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ តទៅ​។​

៥-​អ្នកជំងឺ​កូ​វីដ​១៩ ចុងក្រោយ​គេ នៅ​កម្ពុជា ត្រូវបាន​ព្យាបាល​ជាសះស្បើយ​៖
​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ក្រសួងសុខាភិបាល បានប្រកាសថា អ្នកជំងឺ​កូ​វីដ​១៩ ចុងក្រោយ​គេ​បង្អស់ នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ហើយ​។ អ្នកជា​សះស្បើយ​ចុងក្រោយ​គេ​នេះ ជា​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី អាយុ ១៨​ឆ្នាំ នៅ​ស្នាក់ នៅ​ខេត្ត​ព្រះសីហនុ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី បន្ត​ជើងហោះហើរ នៅ​ប្រទេស​ម៉ាឡេស៊ី មកដល់​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​។ នេះ​ជា​ករណី ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ១០០% លើក​ទី​២ នៅ​កម្ពុជា​។ កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ កម្ពុជា​បាន​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១០០% លើក​ទី​១ ម្តង​រួចទៅហើយ ដែល​នៅពេលនោះ ប្រទេស​កម្ពុជា បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១២២​នាក់​ប៉ុណ្ណោះ​។ គិត​មកដល់​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៧៤​នាក់ និង​បាន​ព្យាបាល​ជាសះស្បើយ​ទាំង ២៧៤​នាក់​។ នៅ​កម្ពុជា មិនមាន​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ ឡើយ​។​

៦-​កម្ពុជា ជួប​គ្រោះទឹកជំនន់ បង្កដោយ​ទឹកភ្លៀង​៖
​ក្នុង​ពាក់កណ្តាល​ខែកញ្ញា នៅ​ទី​ទំនាប ក្បែរ​តំបន់ភ្នំ និង​ជាប់​ផ្លូវទឹក​មួយចំនួន​បាន​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះ ខូចខាត​ផលដំណាំ ពិសេស​ដំណាំ​ស្រូវ ព្រមទាំង​ស្លាប់​មនុស្ស​ជាច្រើន​នាក់​៕​/PC

លោក កាំង ហ្កេចអ៊ាវ

លោក កាំង ហ្កេចអ៊ាវ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular