១. សញ្ញាណ​
​ប្រទេស​កម្ពុជា ជា​ប្រទេស​ស្ថិតនៅក្នុង​តំបន់​ត្រូពិច​មាន​អាកាសធាតុ​ក្ដៅ​សើម ជា​លក្ខខណ្ឌ សមប្រកប​ដល់​រុក្ខជាតិ​ដុះ​លូតលាស់ ។ លក្ខខណ្ឌ​នេះ មាន​អំណោយផល​ដ៏​ប្រពៃ​សម្រាប់ ការចិញ្ចឹម​ឃ្មុំ​ស្រុក ឬ​ហៅថា​ព្រួត (Apis cerana) ដើម្បី​ទាញយក​ផល ជា​ទឹកឃ្មុំ​.. ជាពិសេស ចិញ្ចឹម​ឃ្មុំ​មាន​ប្រសិទ្ធភាព​ជួយ​បង្កាត់​ពូជ​ខ្វែង ដល់​ដំណាំ​ជួយ​បង្កើន ទិន្នផល​ដំណាំ​រហូត ដល់ ២០% ។​

​ដើម្បី​ចិញ្ចឹម​ឃ្មុំ​ស្រុក (​ព្រួត​) ឲ្យ​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់ ចាំបាច់​ត្រូវការ​យល់ដឹង និង​ការអនុវត្តន៍​ល្អ​នូវ​ជំហាន​ខាងក្រោមៈ​

២. ការចិញ្ចឹម​ឃ្មុំ​ក្នុង​គ្រួសារ​ជនបទ​
២.១. បច្ចេកទេស​ចិញ្ចឹម​
​ ​-​ចាំបាច់​ត្រូវ​សិក្សា​ច្បាស់លាស់​អំពី​ទ្រឹស្ដី​នៃ​ការចិញ្ចឹម និង​ការអនុវត្ត​ផ្ទាល់​ឲ្យ​បាន ច្រើន​
​ ​-​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នកបច្ចេកទេស​នៅពេល​ការចិញ្ចឹម​ជួប​ឧបសគ្គ​

២.២ ជ្រើសរើស​ពូជ​ន៍​ឃ្មុំ​មក​ចិញ្ចឹម​
​ ​-​ពូជ​ឃ្មុំ​អា​ចាប់​ក្នុង​ធម្មជាតិ ឬ​ទិញ​ពី​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​
​ ​-​សំបុក​ត្រូវមាន​យ៉ាងតិច ៣​បង្គង​(៣​ផ្លិត​) មានកូន​ឃ្មុំ​ច្រើន​គ្រប​ជិត​ទាំងសងខាង ផ្លិត​
​ ​-​លើ​ផ្លិត​ត្រូវមាន​ពង ដង្កូវ​ឃ្មុំ ដុក​ដឿ​ដែល​បិទ​គម្រប​ស្មើ​ល្អ​
​ ​-​បង្គង​មាន​ពណ៌​លឿង​មានទឹក និង​លម្អង​ច្រើន​
​ ​-​ស្ដេច​ឃ្មុំ​ធំ វែង រហ័សរហួន មិន​ពិការ​
​ ​-​ទូទាំង​សំបុក​ឃ្មុំ​ធ្វើការ​ខ្លាំង គ្មាន​ជំងឺ​

៣. ត្រៀម​សំបុក​ឃ្មុំ​សម្រាប់​រដូវ​ប្រមូល​ផល​
​ដើម្បី​ប្រមូល​ផល​បាន​ទិន្នផល​ខ្ពស់ សំបុក​ឃ្មុំ​ត្រូវមាន​ឃ្មុំ កម្មករ​ច្រើន (​ប្រមាណ​២០០​ក្រាម​/​ផ្លិត​) ស្ដេច​ល្អ​គ្មាន​ជំងឺ គ្មាន​ការចែក​សំបុក​ធម្មជាតិ ។ ដូច្នេះ​ត្រូវៈ​
​ ​-​ជំរុញ​ឲ្យ​ឃ្មុំ​សង់​ផ្លិត​ថ្មី ដើម្បី​បន្ថែម​កន្លែង​ផ្ទុក​ពង និង​ផ្ទុក​ទឹកឃ្មុំ​
​ ​-​មុន​រដូវ​ផ្កា​រីក​ត្រូវ​ឲ្យ​ចំណី​៣ ទៅ​៤​ដង (​ទឹក​ស្ករ​អត្រា​១:១) ដើម្បី​រំញោច​ឲ្យ​ស្ដេច ពង​ច្រើន និង​ឃ្មុំ​កម្មករ​ធ្វើការ​ខ្លាំង​
​ ​-​ដក​ផ្លិត​ខ្លះ​ពី​សំបុក​ដែលមាន​ផ្លិត​ច្រើន ឃ្មុំ​ខ្លាំង គ្មាន​ជំងឺ មក​បន្ថែម​ឲ្យ​សំបុក​ខ្សោយ​

៤. ការបង្កើត​ស្ដេច​ល្អ​សម្រាប់​ហ្វូង​ឃ្មុំ​
​ដើម្បី​បាន​ស្ដេច​ឃ្មុំ​ល្អ ត្រូវបង្កើត​ស្ដេច​ពី​សំបុក​ដែលមាន​ទិន្នផល​ខ្ពស់ ខ្លាំង មានកូន​ច្រើន គ្មាន​ជំងឺ ស្លូត មិនសូវ​ឬ​គ្មាន​ច​រិ​ក​លក្ខណៈ​ចែក​សំបុក​ធម្មជាតិ ។​

​ប្រើប្រាស់​កំពែង​ស្ដេច​ដែល​បង្កើត​ដោយ​ធម្មជាតិ​ពី​សំបុក​ខ្លាំង ដាក់ជំនួស​ស្ដេច​ក្នុង​សំបុក ខ្សោយ​។​

​បង្កើត​ស្ដេច​សិប្បនិម្មិត​: ផ្ដាច់​ស្ដេច​ពី​សំបុក​ពូជ ដើម្បី​ជំ​នុ​ញ​ឲ្យ​ឃ្មុំ​បង្កើត​ស្ដេច​បន្ទាន់ ។ ២​ថ្ងៃ​ក្រោយមក​បិះ​ផ្ដាច់​ចោល​បណ្ដា​កំពែង​ស្ដេច​លើ​ផ្លិត​ទុក​តែ​កំពែង​ណា​ដែល​នៅ​ខាងក្រោម​ផ្លិត ហើយ​វែង​ត្រង់​ល្អ ។​

​បង្កើត​ស្ដេច​ពី​ពង​: ផ្ដាច់​ស្ដេច​ពី​សំបុក​សម្រាប់ធ្វើ​ពូជ​ចេញ ចាំ​រយៈពេល​២៤​ម៉ោង​ក្រោយ ទើប​ដាក់ចូល​សំបុក​ឃ្មុំ​នូវ​បង្គង​ដែល​បាន​ភ្ជាប់​កំពែង​ស្ដេច​ដែល​បាន​ឆ្កិះ​ភ្ជាប់​នូវ​ដង្កូវ​ឃ្មុំ អាយុ​១​ថ្ងៃក្រោយ​ញាស់ ។ ក្រោយពី​៩ ទៅ​១០​ថ្ងៃ​ត្រូវ​ជ្រើសរើស​ស្ដេច​ទៅប្រើ​ប្រាស់ ។ ១០​ទៅ​១៥​ថ្ងៃក្រោយ​ស្ដេច​នឹង​ចាប់ផ្ដើម​ពង ។ គួរ​ដូរ​ស្ដេច​ថ្មី​ក្នុង​រយៈពេល​៦​ទៅ​៩​ខែម្ដង ។​

៥. ការ​បំបែកសំបុក​
– បំបែកសំបុក​នៅនឹងកន្លែង​: បំបែក​ចំនួន​បង្គងឃ្មុំ​ជា​ពីរ​ផ្នែក​ដោយ​ដាក់​ចូលក្នុង​ធុង​ពីរ​ផ្សេង គ្នា​។ ដំបូង​ទិស បណ្ដោយ​ធុង​ត្រូវដាក់​ស្របគ្នា ក្រោយមក​បន្តិច​ម្ដងៗ​លើក សំបុក​ឃ្លាត​ពីគ្នា ហើយ​បង្វិល​ទិស​ឲ្យ​ផ្ទុយ​ពីគ្នា ។ ពេល​ផ្ដាច់ បង្គង​ពីគ្នា ត្រូវ​លៃ​ស្មើគ្នា​នូវ​កូន​ឃ្មុំ ពង​ឃ្មុំ និង​ចំណី​គួរ​បន្ថែម​ស្ដេច​សម្រាប់​សំបុក​ដែល​គ្មាន​ស្ដេច ។​
– បំបែកសំបុក​ផ្លាស់​ទី​: ផ្ដាច់​សំបុក​ដូចខាងលើ​តែ​ត្រូវយក​ធុង​មួយ​ដាក់​ឲ្យ​ឆ្ងាយ​ពី​ធុង​មួយ ទៀត យ៉ាងតិច​១,៥ គ​.​ម ។ ដាក់​ស្ដេច​សិប្បនិម្មិត​ចូល ។​

៦. ជ្រើស​ទីតាំង​សម្រាប់​ដាក់​ចិញ្ចឹម​ឃ្មុំ​
– ដាក់​ក្បែរ​ប្រភព​ទឹកដម​ផ្កា និង​លំអង​ទី​ស្ងប់ស្ងាត់ មាន​ម្លប់​ត្រជាក់ ឆ្ងាយ​ពី​បឹង​ធំៗ និង​ត្រូវ ប្រយ័ត្ន​សត្រូវ​ឃ្មុំ​ដូចជា គីង​គក់ ស្រមោច ជីងចក់​…​។​

៧. ការពារ​ឃ្មុំ​ហើរ​ចាកចោល​សំបុក​
– ដោះស្រាយ​ទាន់ពេល​នូវ​បញ្ហា​ខាងក្រោមៈ
​ខ្វះ​ចំណី ជំងឺ និង​សត្រូវ​យាយី ផ្លិត​ឃ្មុំ​ចាស់​ពេក​ទីតាំង​ដាក់​ឃ្មុំ​មិនល្អ ដូច​ជាទី​ក្ដៅ មាន​សម្លេង អ៊ូអរ មាន​មនុស្ស​ដើរកាត់​ច្រើន​…៕​ ប្រភព​: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ