Home ព័ត៌មានអន្តរជាតិ អូស្ត្រាលី អង...

អូស្ត្រាលី អង់គ្លេស អាម៉េរិក​និង​កាណាដា រិះគន់​ការចាប់ខ្លួន​ទាំង​ហ្វូង​នៅ​ហុងកុង​

​ប្រែ​សម្រួលៈ​វាសនា​/​កង់​បេរ៉ា​៖​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី អាម៉េរិក អង់គ្លេស​និង​កាណាដា បានចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​កាលពី​ថ្ងៃអាទិត្យ ដោយ​សម្តែង​«​ការព្រួយបារម្ភ​ធ្ងន់ធ្ងរ​»​អំពី​ការចាប់ខ្លួន​​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​អ្នកគាំទ្រ​៥៥​នាក់​នៅ​ហុងកុង​កាលពី​សប្តាហ៍​មុន​។​

​វា​ជា​ការចាប់ខ្លួន​មនុស្ស​ច្រើន​បំផុត​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​មួយ​ដែល​ចិន​ដាក់​ប្រើ​នៅក្នុង​ដែនដី​ពាក់កណ្តាល​ស្វ័យភាព​នេះ​កាលពី​៦​ខែ​មុន​។​

​រដ្ឋមន្ត្រី​ទាំង​៤​នាក់​បាន​និយាយថា «​វា​ច្បាស់​ណាស់​ថា ច្បាប់​សន្តិសុខ​ជាតិ​នេះ កំពុង​ប្រើ​ដើម្បី​កំចាត់​ជន​ប្រឆាំង​និង​ប្រឆាំង​នឹង​ទស្សនៈ​នយោបាយ​»​។​

​តែ​រដ្ឋាភិបាល​ហុងកុង​និង​ចិន​ប៉េកាំង​និយាយថា ការប្រើ​ច្បាប់​នេះ​ដើម្បី​ស្តារ​សណ្តាប់ធ្នាប់​នៅក្នុង​ទីក្រុង​មួយ​ដែល​ត្រូវបាន​ធ្វើ​អោយ​កក្រើក​រញ្ជួយ​ដោយ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អស់​ពេល​រាប់​ខែ​កាល​​ពី​ឆ្នាំ​មុន​។​

​ភាគច្រើន​នៃ​អ្នក​ត្រូវបាន​ចាប់ខ្លួន​កាលពី​សប្តាហ៍​មុន បាន​ចូលរួម​ក្នុង​ការបោះឆ្នោត​ត្រៀម​មិន​ផ្លូវការ​មួយ​សំរាប់​អង្គនីតិបញ្ញត្តិ​ហុងកុង ដែល​ក្រោយមក​ត្រូវបាន​ពន្យារពេល​។​អាជ្ញាធរ​ចោទប្រកាន់ថា​​ការបោះឆ្នោត​ត្រៀម​នេះ​ជា​ផ្នែក​នៃ​ផែនការ​ទុច្ចរិត​មួយ​ដើម្បី​ធ្វើអោយ​រដ្ឋាភិបាល​ជាប់គាំង និង​បង្ខំ​អោយ​មេដឹកនាំ​ទីក្រុង​នេះ​លាឈប់​។​

​ទោះជា​យ៉ាងណា​ជន​ទាំង​៥៥​នាក់​មិន​ទាន់​ត្រូវបាន​ចោទប្រកាន់​ទេ ហើយ​លើកលែងតែ​៣​នាក់​ពួកគេ​ត្រូវបាន​ដោះលែង​ដោយ​ការធានា​ខ្លួន​នៅ​ក្រៅ​ឃុំ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ថែម​៕

​អតីត​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​ហុងកុង​ធ្វើ​សន្និសីទកាសែត​ក្រោយ​ត្រូវ​បាន​ដោះលែង​កាលពី​ថ្ងៃ​សុក្រ​ទី​៨​មករា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular