ឥណ្ឌូនេស៊ី​ចាប់​បាន​សញ្ញា​ប្រអប់​ខ្មៅ​យន្តហោះ​ដែល​ធ្លាក់ ស្រង់​បាន​បំណែក​សាក​សព​និង​កំទេច​យន្តហោះ​

  1. ​ប្រែ​សម្រួលៈវាសនា​/​ហ្សា​ការតា​៖​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃអាទិត្យ ចាប់​បាន​សញ្ញា​ចេញពី​សមុទ្រ ដែល​អាច​ជា​ប្រអប់​ខ្មៅ​នៃ​យន្តហោះ​ដែល​បាត់​ជាមួយនឹង​មនុស្ស​ជាង​៦០​នាក់ ។​បំណែក​សាកសព​មនុស្ស​និង​កំទេច​​យន្តហោះ​ក៏​ត្រូវបាន​ស្រង់​ចេញពី​សមុទ្រ​ផងដែរ​។​

​យន្តហោះ Boeing 737-500​របស់​ក្រុមហ៊ុន Sriwijaya Air​បាន​បាត់​ចេញពី​រ៉ា​ដា​បន្ទាប់​ពី​ចេញដំណើរ​សំដៅ​ទៅ​កាន់​ទីក្រុង​ប៉ុន​ទៀណា​កបាន​៥​នាទី កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។​

​វា​ជា​គ្រោះថ្នាក់​អាកាសចរណ៍​ធំ​បំផុត​នៅ​ឥណ្ឌូនេស៊ី ចាប់តាំងពី​ការធ្លាក់​យន្តហោះ​Boeing 737 Max​របស់​ក្រុមហ៊ុន​Lion Air នៅ​ឆ្នាំ​២០១៨​ដែល​បាន​សម្លាប់​មនុស្ស​ក្នុង​យន្តហោះ​ទាំង​១៨៩​នាក់​។​យន្តហោះ​​នេះ​ក៏​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ ក្រោយ​ចេញដំណើរ​បាន​បន្តិច​។​

​ប្រធាន​ក្រុម​ស្វែងរក​និង​សង្គ្រោះ​ឥណ្ឌូនេស៊ី​បាន​និយាយថា​«​យើង​ចាប់​បាន​សញ្ញា​នៅ​២​ចំណុច​។​វា​អាច​ជា​ប្រអប់​ខ្មៅ​»​។​

​ចំណែក​មន្ត្រី​ទ័ពជើងទឹក​ម្នាក់​បាន​និយាយថា គេ​បាន​រកឃើញ​បំណែក​តួ​យន្តហោះ​ប្រវែង​ប្រហែល​១​ម៉ែត្រ កង់​២ និង​បំណែក​សាកសព​មនុស្ស​។​

​គេ​ថា​យន្តហោះ​នេះ​ផ្ទុក​សមាជិក​យន្តហោះ​១២​នាក់ និង​អ្នកដំណើរ​៥០​នាក់ រួម​មាន​ក្មេង​៧​នាក់ និង​កូនង៉ែត​៣​នាក់​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី ចូកូ វី​ដូ​ដូ បាន​សម្តែង​«​ការចូលរួម​រំលែក​ទុក្ខ​»​និង​អំពាវនាវ​អោយ​សាធារណជន​បន់ស្រន់​អោយ​រក​ឃើញ​អ្នក​ដែល​បាត់​ខ្លួន​នៅ​ពេល​ការស្វែងរក​ផ្តោតលើ​តំបន់​ចន្លោះ​​កោះ​ឡា​គី និង​កោះ ឡាន​កាង​នៅ​ឯនាយ​ឆ្នេរ​ក្រុង​ហ្សា​ការតា​។​

​សមុទ្រ​ត្រង់​តំបន់​នេះ​មាន​ជំរៅ​២០​ទៅ​២៣​ម៉ែត្រ​។​

​នៅពេល​ការ​ស្វែង​កំពុង​ប្រព្រឹត្តទៅ វា​នៅ​មិនទាន់​មាន​តំរុយ​ថា​អ្វី​ជាដើម​ហេតុ​នាំ​អោយ​យន្តហោះ​នេះ​ធ្លាក់​ភ្លាមៗ​ដូច្នេះ​ទេ​៕

​ក្រុម​ស្វែងរក​និង​សង្គ្រោះ​និង​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី កំពុង​ស្វែករក​អ្នក​បាត់​ខ្លួន​និង​យន្តហោះ​ដែល​ធ្លាក់​នៅក្នុង​សមុទ្រ​ឯនាយ​ឆ្នេរ​ក្រុង​ហ្សា​ការតា​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular