ក្នុងឱកាសដ៏មានអត្ថន័យនៃការប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងនិងសូម ចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនជនរួមជាតិលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សនិស្សិតទាំងអស់ គ្រប់ភូមិសិក្សាដែលបាននិងកំពុងសស្រាក់សស្រាំរៀបចំខ្លួន ដើម្បីអបអរសាទរពិធីនេះនៅទូទាំងព្រះរា ជាណាចក្រកម្ពុជារបស់យើង ។
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែល ទើបនឹងដល់អាយុត្រូវចូលសាលារៀននិងជាថ្ងៃត្រឡប់មកកាន់សាលា រៀនវិញ ក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗជាសិស្សានុសិស្ស និស្សិត និងជាកុលបុត្រ កុលធីតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា បន្ទាប់ពីបានឆ្លងកាត់និងទទួលនូវបទពិសោធន៍ នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងមកនេះទោះបីក្នុងរូបភាពខុសៗគ្នាយ៉ាងណាក៏ដោយ ។
ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាលសប្បុរស ជនគណៈគ្រប់គ្រងសាលារៀន ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការគាំទ្រ និងផ្តល់នូវការរៀនសូត្រដល់សិស្សានុសិស្ស និស្សិតតាម គ្រប់រូបភាពក្នុងអំឡុងពេលនៃការប្រយុទ្ធនឹង ជំងឺកូវីដ-១៩។
ថ្វីត្បិតឆ្នាំនេះព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ និងមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ដ៏មានសារៈសំខាន់នេះក្រោមទស្សនាទានថ្មីគឺគន្លងជីវិតថ្មីក្នុង វិស័យអប់រំ។
-ក្មួយៗសិស្សានុសិស្ស និស្សិត ជនរួមជាតិជាទីស្នេហា!
ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពឆ្លើយតបនឹងការបង្ការនិងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ដោយផ្តោតលើ៖១.ការអនុវត្តវិធានការសុវត្ថិភាពសុខភាពសម្រាប់បុគ្គលិកអប់រំនិងសិស្សានុសិស្ស ។២.ការរៀបចំហេដ្ឋារចនាសម្ព័ន្ធអនាម័យបង្គន់អនាម័យ និងទឹកស្អាតនៅតាមសាលារៀន។៣.ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក និងការផ្តល់សេវារៀនសូត្រពីចម្ងាយនិង៤.ការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជា បីដំណាក់កាល។ វិធានការទាំងអស់នេះបានធានាឱ្យសិស្សានុសិស្ស និស្សិតនៅគ្រប់ភូមិសិក្សានៅតែបន្តទទួលបានសេវាអប់រំតាមរូបភាព“ការអប់រំតាមបែបចម្រុះ”មានន័យ ថាសិស្សរៀននៅក្នុងថ្នាក់ផងរៀនពីចម្ងាយផងនិងធ្វើស្វ័យសិក្សាផងជាពិសេសក្រសួងអប់រំយុវជននិងកីឡាបានខិតខំជំរុញការអប់រំតាមបែបឌីជីថល ឬការសិក្សាពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិកនិងការអប់រំពីចម្ងាយតាមបែបប្រពៃណីដោយប្រើប្រាស់សន្លឹកកិច្ចការនិងមេរៀនសង្ខេបដោយបានសហការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ដូចជាការរៀបចំផលិតនិងផ្សព្វផ្សាយវីដេអូបង្រៀនការបង្កើតប្រព័ន្ធទូរទស្សន៍តេជោធីវី“ទទក២” និងការផ្សព្វផ្សាយវីដេអូបង្រៀនតាមបណ្តាញផ្សព្វផ្សាយផ្លូវការដទៃទៀត។
ក្រសួងអប់រំយុវជននិងកីឡាក៏បានអនុវត្តវិធានការផ្អាកដំណើរការគ្រឹះស្ថានសិក្សាជាបណ្តោះអាសន្ននៅកន្លែងណាដែលមានហានិភ័យនៃការឆ្លងកូវីដ ១៩និងអនុញ្ញាតឱ្យ បើកឡើងវិញជាដំណាក់កាលៗដែលប្រការនេះអាចធានាបានទាំងសុវត្ថិភាពសុខភាពរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងធានាបាននូវការរៀនសូត្ររបស់សិស្សានុ សិស្ស និស្សិត រហូតដល់ឆ្នាំសិក្សា២០១៩-២០២០ ត្រូវបានប្រកាសបិទបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងឱកាសនេះដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមលើកឡើងនូវចំណុចមួយចំនួនដូចតទៅ៖
ទី១. រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់អាទិភាពទី១លើវិស័យអប់រំនិងសុខាភិបាលបន្ទាប់ពីកម្ពុជាទទួលផលពីដំណក់ប្រេងដំបូងស្របពេលនៃខួបលើកទី២២ឆ្នាំនៃនយោបាយ ឈ្នះ-ឈ្នះរបស់សម្តេចតេជោក្នុងការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជានិងនាំមកនូវសុខសន្តិភាពពេញលេញនិងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទាំងមូលនៅក្នុងរយៈពេល២២ឆ្នាំមកនេះ។
ទី២.សូមបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ដោយអនុវត្តតាមអភិក្រម“៣ការពារ ៣កុំ” ជាពិសេសការចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩ក្នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា ការរក្សាគម្លាត១.៥ម៉ែត្រ និងសុវត្ថិភាពចំណីអាហារ។
ទី៣.ក្រសួងអប់រំយុវជននិងកីឡាត្រូវបន្តដឹកនាំនិងអនុវត្តនូវទស្សនាទានថ្មី“គន្លងជីវិតថ្មីក្នុងវិស័យអប់រំ”ដោយគិតគូរអំពីជម្រើសឱ្យបានច្រើនក្នុងការផ្តល់សេវាអប់រំជាពិសេសដំណើរការបង្រៀននិងរៀនដែលមានភាពទន់ភ្លន់និងធ្វើវិមជ្ឈការនៃសេវាអប់រំអាស្រ័យទៅតាមទីតាំងភូមិសាស្ត្រស្ថានភាពនៃហានិភ័យឆ្លងរីករាលដាលកូវីដ-១៩និងស្ថាន ភាពអប់រំ ។ ក្រសួងអប់រំយុវជននិងកីឡាត្រូវបន្តជំរុញ “ការអប់រំឌីជីថល” ឱ្យទាន់សភាពការណ៍ជាតិតំបន់ និងសកលលោក។
ទី៤.ក្រសួងអប់រំយុវជននិងកីឡាត្រូវរៀបចំនិងអនុវត្តកម្មវិធីសិក្សាបំព្រួញដោយកំណត់ជាមុខវិជ្ជាកាតព្វកិច្ច និងមុខវិជ្ជាជម្រើសមេរៀនសិក្សាក្នុងថ្នាក់រៀននិងមេរៀនស្វ័យ សិក្សាដើម្បីធានាថាការរៀនសូត្ររបស់សិស្សានុសិស្សបានពេញលេញផ្តោតលើចំណុចសំខាន់ៗនិងស៊ីជម្រៅជាពិសេសមេរៀនសម្រាប់ថ្នាក់ទី៩ និងទី១២និងការកំណត់ មេរៀនសម្រាប់ការប្រឡងសញ្ញាបត្រ។
ទី៥. ក្រសួងអប់រំយុវជននិងកីឡាត្រូវធ្វើការពិនិត្យឡើងវិញឱ្យស្របនឹងបរិបទថ្មីៗដែលតម្រូវឱ្យមានភាពរស់រវើកនិងកាន់តែធានាបាននូវភាពស័ក្តិសិទ្ធិនៃការដឹកនាំនិងគ្រប់ គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់រួមបញ្ចូលទាំងការគ្រប់គ្រងគ្រូបង្រៀនការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យអប់រំនិងហិរញ្ញប្បទានសហប្រតិបត្តិការការអនុវត្ត វិមជ្ឈការនិងវិសហមជ្ឈការក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពនិងវិជ្ជាជីវៈជាប្រចាំដល់អ្នកគ្រប់គ្រង នាយកសាលា និងគ្រូបង្រៀន។
ទី៦.ក្រសួងអប់រំយុវជននិងកីឡាត្រូវផ្តោតលើការឆ្លើយតបទៅនឹងទីផ្សារការងារដោយអនុវត្តវិធីសាស្ត្របង្រៀនតាមបែបការរិះរកនិងអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗក្នុងសតវត្ស ទី២១ដែលជាវិធីសាស្ត្រតាមបែបចម្រុះដោយសិស្សត្រូវអនុវត្តក្នុងថ្នាក់រៀន និងការធ្វើស្វ័យសិក្សានិងការផ្តោតលើការអប់រំវិទ្យាសាស្ត្រ បចេ្ចកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ដែលជាជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល និង សេដ្ឋកិច្ចឌីជីថលជាពិសេសសិស្សមានបំណិនសតវត្សទី២១ ។ ក្រសួងអប់រំយុវជននិងកីឡាត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍវិ ជ្ជាជីវៈជាប្រចាំរួមទាំងវគ្គវិក្រឹតការតាមគ្រប់រូបភាពដើម្បីលើកកម្ពស់គុណវុឌ្ឍិនិងសមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិត ជាពិសេសការបង្រៀននិងរៀនតាមបែបបច្ចេកវិទ្យា ទំនើប។ក្រសួងត្រូវបន្តកែលម្អនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដល់សាលារៀន បន្ទប់រៀន បន្ទប់ ពិសោធន៍ បន្ទប់កុំព្យូទ័រ និងបន្ទប់សាស្ត្រាចារ្យទៅតាមលទ្ធភាពនិងស្ថាន ភាពជាក់ស្តែងរបស់ សាលារៀន សម្រាប់បម្រើដល់ការបង្រៀននិងរៀនបែបថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងបរិបទកូវីដ-១៩។
ទី៧.គ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួនទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ-រូបវ័ន្តទាំងសេវាបង្រៀននិងរៀនដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅ ជាសាលាកុមារមេត្រីកម្រិតអភិវឌ្ឍន៍ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនដែលមានប្រសិទ្ធភាព។ គ្រឹះស្ថានសិក្សា ត្រូវបន្តកសាងបរិស្ថានសាលារៀនស្អាតសាលារៀន បៃតងមានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាងនិងសួនធម្មជាតិ ។ ល ។ ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំនិងបណ្តុះគំនិតស្អាតស្អំ ឥរិយាបថល្អនិងគ្មានការញាំ ញីផ្លូវចិត្តផ្លូវកាយ ។ ជាមួយគ្នានេះគ្រឹះស្ថានសិក្សាត្រូវត្រៀមលក្ខណៈតាមគ្រប់រូបភាពដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលាករណីមានប្រធានស័ក្ដិ កើតឡើង ដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្ត្រាក់និងការរាតត្បាតនៃជំងឺនានា ។
ទី៨.លោកគ្រូអ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឳពុក ម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នក ស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិតព្រមទាំងត្រូវខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀនរួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ គរុកោស ល្យថ្មីៗមកបង្ហាត់បង្រៀនដល់សិស្ស និស្សិតឱ្យមាន ចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត ។
ទី៩. ក្មួយៗសិស្សានុសិស្ស និស្សិត យុវជន យុវនារីទាំងអស់សូមបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួននិងចូលរួមឱ្យបានសស្រាក់សស្រាំក្នុង “អំពើល្អ”ដើម្បីការ រីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល។ ជាមួយគ្នានេះដែរសូមក្មួយៗចងចាំជានិច្ចថាបើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឳពុកម្តាយ និងសង្គម ជាតិយើង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន។
ទី១០.មាតាបិតាអ្នកអាណាព្យាបាលគ្រប់រូបសូមនាំកូននាំចៅមកចុះឈ្មោះចូលរៀននិងបន្តផ្តល់គាំទ្រការលើកទឹកចិត្តនិងការបង្រៀនបន្ថែមដល់កូនដល់ចៅតាមគ្រប់រូបភាព។
ទី១១. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូបត្រូវយកចិត្តទុកដាក់ និងចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងការគាំទ្រផ្សេងទៀតតាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមសហការរបស់ក្រសួងសុខាភិបាលក្នុងការធានានូវសុវត្ថិភាពសុខ ភាពការអប់រំអំពីអនាម័យនិងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ឱ្យបានម៉ឺងម៉ាត់ធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យមានឆ្លងជំងឺកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា។
ទី១២.គ្រប់ស្ថានីយ៍វិទ្យុទូរទស្សន៍របស់រដ្ឋ និងឯកជននិងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែបានឈានទៅដល់គ្រប់ ទីកន្លែង គ្រប់ពេលវេលាស្របទៅនឹងទស្ស នាទាននៃការអប់រំពេញមួយជីវិត ។
ជាថ្មីម្ដងទៀតទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គសូមអរគុណចំពោះបងប្អូនជនរួមជាតិ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជនអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលតែងតែបានរួមចំណែក កសាង និងអភិវឌ្ឍវិស័យ អប់រំនៅកម្ពុជាឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រ និងផ្ដល់នូវកិច្ចសហការល្អតទៅទៀតដើម្បីបុព្វហេតុនៃ ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
នៅទីបញ្ចប់ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គនិងសូម ជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និស្សិតនិងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសសូមប្រកបដោយ ពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕