Home ព័ត៌មានសំខាន់ៗ អាកាសធាតុត្រជ...

អាកាសធាតុត្រជាក់ ចាប់ផ្តើម មកដល់ហើយ

ដោយៈ ប.ខុន/ភ្នំពេញៈ អាកាសធាតុត្រជាក់ ចាប់ផ្តើមធ្លាក់ចុះ ដល់កម្រិតក្រោម ២០ អង្សាសេ នៅទូទាំង ប្រទេស នារាត្រីថ្ងៃ ១០ ខែមករា នេះ ដោយនៅតំបន់ភ្នំ អាចចុះដល់ពី ១៣ ទៅ ១៥ អង្សាសេ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មី កម្ពុជាដឹង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ថាៈ ធាតុអាកាសត្រជាក់ បានចាប់ផ្តើមចុះ នៅទូទាំងប្រទេស នាយប់ថ្ងៃនេះ ដោយនៅតំបន់ភ្នំ អាចចុះដល់ ១៣ ទៅ ១៥ អង្សាសេ តែនៅភ្នំពេញ អាចចុះដល់រង្វង់ ២០ អង្សាសេ និងចុះទាបជាងនេះ គឺនៅថ្ងៃទី១៣ ខែមករា។

អ្នកនាំពាក្យដដែល បានឱ្យដឹងទៀតថាៈ តំបន់ខ្ពង់រាប ភាគឦសាន តំបន់ខ្ពង់រាប ភាគខាងជើង តំបន់ព្រៃភ្នំ វាលវែង និង វាលទំនាប ភាគពាយព្យ សីតុណ្ហភាពអប្បបរមា អាចចុះដល់ ១៣ អង្សាសេ។

នៅព្រឹកថ្ងៃទី១០ ខែមករា សីតុណ្ហភាព អប្បបរមា នៅខេត្តរតនគិរី បានចុះដល់ ១៥ អង្សាសេ និង ១៣ អង្សាសេ នៅប្រាសាទព្រះវិហារ។

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ដែលអាចនឹងចុះត្រជាក់ ដល់រង្វង់ ១២ អង្សាសេ ជាមួយខ្យល់មូសុងឦសាខ្លាំង និងរលកសមុទ្រខ្ពស់ៗ នៅអំឡុងពីថ្ងៃទី១២ ដល់ ១៦ ខែមករា ឆ្នាំ២០២១។

នៅក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី លឹម គានហោ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានសរសរថាៈ បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ លើស្ថានភាពអាកាសធាតុ បានបង្ហាញ ឲ្យឃើញថា ទ្រនុងសម្ពាធខ្ពស់ ពីភាគខាងជើង បាននិងកំពុងបន្តធ្លាក់ចុះ មកក្រោម (ត្បូង)គួបផ្សំជាមួយនឹងខ្យល់មូសុងឦសាន កាន់តែបង្កើនឥទ្ធិពលខ្លាំង

 សេចក្តីជូនដំណឹង បានសរសេរទៀតថាៈ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាធាតុ នៅព្រះរាជាណាចក្រ​កម្ពុជា នាដើមឆ្នាំ២០២១ នេះ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានស្ថានភាព ដូចជា នៅតំបន់ជួរភ្នំដងរែក និងតំន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាព អប្បបរមា មានក្នុងរង្វង់ពី ១៤  ទៅ ១៧ អង្សាសេ ពិសេសពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា នៅបណ្តាខេត្ត មួយចំនួន ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង) សីតុណ្ហភាព អប្បបរមា នឹងធ្លាក់ចុះមក នៅក្នុងរង្វង់ពី ១២ ទៅ​ ១៥ អង្សាសេ លាយឡំជាមួយខ្យល់ខ្លាំង។

នៅតំបន់វាលទំនាប សីតុណ្ហភាព អប្បបរមា មានក្នុងរង្វង់ពី ១៦ ទៅ​ ១៩ អង្សាសេ ពិសេស ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា នៅបណ្តាខេត្ត មួយចំនួន ដូចជា ខេត្តកំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបង និង ខេត្តពោធិ៍សាត់  សីតុណ្ហភាព អប្បបរមា នឹងធ្លាក់ចុះមកនៅ ក្នុងរង្វង់ពី ១៥ ទៅ ១៨ អង្សាសេ លាយឡំ​ជាមួយខ្យល់មធ្យម

នៅតំបន់មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា មានក្នុងរង្វង់ ពី ១៨ ទៅ ២១ ង្សាសេ ។នៅថ្ងៃទី១២ ខែមករា លើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ

លោក លឹម​ គានហោ បានបញ្ជាក់ នៅក្នុងសេចក្តីជូនដំណឹង នេះថាៈ អាស្រ័យ ដូចបានជម្រាបជូន ខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន ពិសេសវីរៈកងទ័ព ដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និង ខ្ពង់រាបភាគឦសាន សូមបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាព ចំពោះអាកាសធាតុ ចុះត្រជាក់ខ្លាំង នេះ  ប្រជានេសាទ និងអ្នកធ្វើដំណើរ តាមសមុទ្រទាំងអស់ សូមបង្កើការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ  ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្ត តាមដានយ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាប ជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុ មានការប្រែប្រួល ៕សរន /V

រូបថត:២ផែនទីធាតុអាកាសត្រជាក់

២.នៅភាគខាងជើងវៀតណាមត្រជាក់ដល់កកលើមែកឈើ

៣.មាន់ត្រូវបានកកនៅលើមែកឈើនាភាគខាងជើងវៀតណាម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular