Home ព័ត៌មានសំខាន់ៗ សារព័ត៌មាន​ចិ...

សារព័ត៌មាន​ចិន​វាយប្រហារ​រិះគន់​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​អំពី​រឿង​តៃវ៉ាន់​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​នាំគ្នា​ពន្លះ​វិធានការ​ចុងក្រោយ​របស់​រដ្ឋការ​ត្រាំ​ស្តីពី​តៃវ៉ាន់ ដោយបាន​ចោទប្រកាន់​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ ថា​«​ស្វះស្វែង​​បង្ក​ស្លាកស្នាម​លើ​ទំនាក់ទំនង​ចិន​-​អាម៉េរិក​»​។​

​អ្នកនិពន្ធ​ម្នាក់​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​ផ្លូវការ​របស់​ចិន​បាន​និយាយ​នៅក្នុង​បទ​អត្ថាធិប្បាយ​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា ការដកចេញ​ការ​រឹតត្បិត​ជា​យូរ​មក​ហើយ​ស្តីពី​ការទាក់ទង​របស់​រដ្ឋា​ភិ​​បាល​អាម៉េរិក​ជាមួយ​សម​ភាគី​តៃវ៉ាន់​វា​បង្ហាញ​ថា លោក​ផ​ម​ផេវ «​ចាប់អារម្មណ៍​តែ​ពន្យុះ​ការប្រឈមមុខ​មិន​ត្រឹមត្រូវ ដោយ​មិន​គិត​អំពី​សន្តិភាព​ពិភពលោក​»​។​

​បទ​អត្ថាធិប្បាយ​មួយទៀត​ក្នុង​ទូរទស្សន៍​ចិន​CGTN​បាន​ហៅ​ថា​ការប្រកាស​របស់​ផ​ម​ផេវ ថា​ជា​«​អំពើ​បំផ្លិចបំផ្លាញ​ដ៏​កំសាក​»​ដល់​រដ្ឋការ​អាម៉េរិក​បន្ទាប់​។​

​វា​និយាយថា​«​រដ្ឋការ​ត្រាំ នៅក្នុង​កិច្ចខិតខំ​ជា​បន្ត​របស់​ខ្លួន​ដើម្បី​ដុត​ផ្ទះ​ចោល​មុន​ចាក​ចេញពី​តំណែង បាន​ដើរ​ហួស​បន្ទាត់​ក្រហម​ដ៏​គ្រោះថ្នាក់​ជាមួយ​ចិន​នៅ​ប៉ុន្មាន​ថ្ងៃមុន​ប្រធានាធិបតី​ថ្មី ចូ បៃ​ដិន​​ចូលកាន់​តំណែង​»​។​

​បៃ​ដិន ត្រូវ​ចូលកាន់​តំណែង​បន្ត​នៅ​ថ្ងៃ​២០​មករា​។​

​នៅ​មិនទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​នៅឡើយ​ពី​រដ្ឋាភិបាល​ចិន​ចំពោះ​ការសំរេចចិត្ត​របស់​លោក​ផ​ម​ផេវ ដើម្បី​បញ្ចប់​ការ​រឹតត្បិត​របស់​ក្រសួងការបរទេស​អាម៉េរិក​សំរាប់​ការធ្វើទំនាក់ទំនង​រវាង​មន្ត្រី​អាម៉េរិក​​និង​តៃវ៉ាន់ ដែល​ចិន​អះអាងថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ហើយ​ហាម​មិនអោយ​ប្រទេស​ដទៃ​ទាក់ទង​ជាមួយ​។​

​ផ​មផេវ​បានប្រកាស​នៅក្នុងសេច​ក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅ​រ៍ថា​«​លែង​មាន​តទៅទៀត​ហើយ ថ្ងៃនេះ​ខ្ញុំ​ប្រកាសថា ខ្ញុំ​ដក​ការ​រឹតត្បិត​ដែល​ដាក់​ដោយ​ខ្លួនឯង​ទាំងអស់​»​។​

​សូមបញ្ជាក់​ថា តៃវ៉ាន់​ជា​បញ្ហា​រសើប​មួយ​សំរាប់​បក្ស​កុំម្មុយនីស្ត​ចិន​។​ក្រោម​គោលនយោបាយ​ចិន​តែមួយ អាម៉េរិក​ទទួលស្គាល់​ចិន​ប៉េកាំង​ជា​រដ្ឋាភិបាល​របស់​ចិន​និង​មិន​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​​កោះ​តៃវ៉ាន់​ទេ​។​ទោះជា​យ៉ាងណា ខ្លួន​រក្សា​ការទាក់ទង​មិន​ផ្លូវការ រួម​មាន​ស្ថានទូត​តាម​ការជាក់ស្តែង​មួយ​នៅ​ក្រុង​តៃប៉ិះ និង​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ដល់​កងកម្លាំង​យោធា​រប​ស់កោះ​សេរីនិយម​នេះ​។​

​ការប្រកាស​របស់​លោក​ផ​មផេវ​បានកើតឡើង​២​ថ្ងៃ​បន្ទាប់ពី​លោក​បាន​និយាយថា លោក​នឹង​បញ្ជូន លោកស្រី ខេ​ល​លី ក្រា​ហ្វ ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ទៅកាន់​តៃវ៉ាន់​ដើម្បី​ជំ​​នួប​នៅ​សប្តាហ៍​នេះ​។​លោកស្រី​គ្រោង​នឹង​ទៅ​ដល់​តៃវ៉ាន់​នៅ​ថ្ងៃ​ពុធ​។​

​ដំណើរ​របស់​ក្រា​ហ្វ​កើត​ឡើង​ក្រោយ​ដំណើរ​របស់​រដ្ឋមន្ត្រី​សុខាភិបាល​អាម៉េរិក​ទៅ​កាន់​កោះ​នេះ​កាលពី​ខែសីហា​ក្នុងនាម​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​អាម៉េរិក​ដំបូង​គេ​ដែល​បាន​ទៅ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​ចាប់​​តាំងពី​ឆ្នាំ​២០១៤​។​

​ចិន ប្រឆាំង​ទំនាក់ទំនង​បរទេស​របស់​តៃវ៉ាន់ និង​បាន​រិះគន់​ការទាក់ទង​ដូច្នេះ​។​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បង្កើន​ការ​ល្បាត​តាម​អាកាស​នៅ​ជិតៗ​កោះ​តៃវ៉ាន់​និង​បាន​ប្រើ​ឥទ្ធិពល​ការទូត​របស់​ខ្លួន​ដើម្បី​​ប្លុក​តៃវ៉ាន់​មិន​អោយ​ចូលរួម​វេទិកា​អន្តរជាតិ​នានា​។​

​ហ៊ូ ស៊ី​ជីន អ្នកនិពន្ធ​នៃ​កាសែត​ចិន​Global Times បាន​សរសេរ​បង្ហោះ​ថា បើ​ការប្រកាស​របស់​ផ​មផេវ​ជាការ​ចាប់ផ្តើមថ្មី​នៃ​គោលនយោបាយ​តៃវ៉ាន់រ​បស់​អាម៉េរិក នោះ​វា​ក៏​នឹង​ជា​ការកត់សំគាល់​ការ​​ចាប់ផ្តើម​ការរាប់​ថយ​ក្រោយ​សំរាប់​រដ្ឋាភិបាល​តៃវ៉ាន់​ផងដែរ​។​សារ​បង្ហោះ​របស់​ហ៊ូ ក្រោយមក​ត្រូវបាន​លុបចោល​វិញ តែ​ហេតុ​ផល​របស់​វា​មិន​ច្បាស់​៕

​ផ​ម​ផេវ បាន​និយាយថា អាម៉េរិក​បន្ត​ទំនាក់ទំនង​ជាមួយ​ដៃគូ​មិន​ផ្លូវការ​នៅ​ជុំវិញ​ពិភពលោក និង​ថា​តៃវ៉ាន់​មិន​ត្រូវបាន​លើកលែង​ទេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular