Home ព័ត៌មានអន្តរជាតិ អាជ្ញាធរ​ឥណ្ឌ...

អាជ្ញាធរ​ឥណ្ឌូនេស៊ី រកឃើញ​ទីតាំង​នៃ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ដែល​ធ្លាក់​

​ប្រែ​សម្រួលៈ​វាសនា​/​ហ្សា​ការតា​៖​ទីតាំង​ប៉ាន់ស្មាន​របស់​ប្រអប់​ខ្មៅ​ទាំង​២​របស់​យន្តហោះ​Boeing 737​ដែល​ធ្លាក់​កាលពី​ថ្ងៃ​សៅរ៍​នោះ​ត្រូវបាន​គេ​ដឹង នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​គណៈកម្មាធិការ​សុវត្ថិ​​ភាព​គមនាគមន៍​ជាតិ​កាលពី​ថ្ងៃអាទិត្យ​។​

​ចំណែក​មេទ័ព​លោក ហា​ឌី ចា​ចាន់តូ បាន​និយាយថា «​សង្ឃឹមថា​នឹង​អាច​ស្រង់​យក​ប្រអប់​កត់ត្រា​ទិន្នន័យ​ហោះហើរ​នេះ​ក្នុងពេល​ឆាប់ៗ​»​។​

​មុន​នេះ​ក្រុមមន្ត្រី​ដែល​ស្វែងរក​យន្តហោះ​បាត់​ខ្លួន​ជាមួយ​នឹង​មនុស្ស​៦២​នាក់​នេះ​បាន​និយាយថា ពួកគេ​ចាប់​បាន​សញ្ញា​ចេញពី​សមុទ្រ​ដែល​ទំនង​ជា​ចេញពី​ប្រអប់​ខ្មៅ​របស់​យន្តហោះ​។​

​ប្រធាន​ទីភ្នាក់ងារ​ស្វែងរក​និង​ជួយ​សង្គ្រោះ​លោក​បា​ហ្គូស ពូ​រូ​ហ៊ី​តុ បាន​ប្រាប់​ទូរទស្សន៍ MetroTV​ថា​«​យើង​ទទួលបាន​សញ្ញា​គ្រា​អាសន្ន​២ ដែល​នឹង​ជួយ​យើង​ក្នុង​ការស្វែងរក​ប្រអប់​ខ្មៅ​។​យើង​បាន​កំណត់​​ទីតាំង ហើយ​នឹង​បញ្ជូន​អ្នក​មុជទឹក​ទៅ​ភ្លាម​»​។​

​កងទ័ពអាកាស​ឥណ្ឌូនេស៊ី ក៏​បាន​ឃើញ​ប្រេង​អណ្តែត​នៅ​លើ​សមុទ្រ​ខាងត្បូង​កោះ​ឡា​គី ដែល​ប្រហែល​ជា​របស់​យន្តហោះ​ដែល​ធ្លាក់​។​

​ក្នុងចំណោម​របស់រប​រ​ដែល​ក្រុម​ស្វែងរក​និង​ជួយសង្គ្រោះ រួម​ជាមួយ​កងទ័ពជើងទឹក​ប្រមូល​ស្រង់​បាន​ពី​ទឹកសមុទ្រ​ចា​វ៉ា​កាលពី​ថ្ងៃអាទិត្យ រួមមាន កង់​យន្តហោះ បន្ទះ​លោហ​នៃ​តួ​យន្តហោះ សម្លៀក​បំពាក់​​និង​បំណែក​សាកសព​មនុស្ស​។​

កំទេចកំទី​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Sriwijaya Air និង​សាកសព​អ្នកដំណើរ​ត្រូវបាន​ស្រង់​ចេញពី​ទឹក​

​សូមបញ្ជាក់​ថា​យន្តហោះ Boeing 737-500​បាន​បាត់​ចេញពី​រ៉ា​ដា​នៅ​លើ​សមុទ្រ​ចា​វ៉ា​ក្រោយ​ចេញដំណើរ​ពី​ទីក្រុង​ហ្សា​ការតា​បាន​តែ​៥​នាទី​។​មនុស្ស​៦២​នាក់​នៅក្នុង​យន្តហោះ​រួមមាន​សមាជិក​នាវិក​១២​នាក់​និង​អ្នកដំណើរ​៥០​នាក់​មិន​ទាន់​ត្រូវបាន​រកឃើញ​នៅ​មាន​ជីវិត​ម្នាក់​ណា​នៅឡើយ​ទេ ហើយ​សង្ស័យ​ថា​ស្លាប់​ទាំងអស់​។​

​ប្រធានាធិបតី ចូកូ វី​ដូ​ដូ កាលពី​ថ្ងៃអាទិត្យ​បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ពី​គ្រោះថ្នាក់​យន្តហោះ​នេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular