ដោយៈ សុខុម / ស្ទឹងត្រែងៈ បុរសម្នាក់ បានស្លាប់ នៅកន្លែងកើតហេតុ និងស្ត្រីបុរស ពីរនាក់ បានរងរបួសធ្ងន់ស្រាល ដោយសារមន្ត្រីស្ថានីយ៍ជញ្ជីង បើករថយន្ត បុកពីក្រោយម៉ូតូរ៉ឺម៉ក លក់ទំនិញចល័ត ខ្ទាតទៅខាងស្ដាំដៃ រីឯរថយន្តរបស់ មន្ត្រីស្ថានីយ៍ជញ្ជីង បានរេចង្កូត ទយគូថរថយន្ត ទៅចំណែកផ្លូវម្ខាងទៀត ប៉ះទង្គិចគ្នាយ៉ាងខ្លាំង ជាមួយរថយន្តយីឌុប ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា។
គ្រោះថ្នាក់ចរាចរណ៍ បុកបន្តគ្នា ដ៏រន្ធត់នេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ ៧ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោងជិត ៧ ល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។
លោកវរសេនីយ៍ទោ ឈឿន ម៉េង នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានប្រាប់រស្មីកម្ពុជា ឱ្យដឹង ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍នេះថា អ្នកបើកបរ ឈ្មោះ ជិម សារិន ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មន្ត្រីបំរើកាងារ នៅស្ថានីយ៍ថ្លឹងរថយន្ត រាជានុកូល (អូរពងមាន់ ខេត្តស្ទឹងត្រែង) បានបើករថយន្ត ម៉ាក Rang rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ AK6925 ទិសដៅពីខាងជើង ទៅខាងត្បូង បានបុកពីក្រោយម៉ូតូរ៉ឺម៉ក ម៉ាកហុងដា សេរុស ពណ៌ ស គ្មានស្លាកលេខ បណ្ដាលឱ្យម៉ូតូរ៉ឺម៉ក ខ្ទាតទៅខាងស្ដាំដៃ ធ្វើឱ្យអ្នកបើកបរម៉ូតូរ៉ឺម៉ក ឈ្មោះ ហាស យ៉ត ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរចល័ត តាមម៉ូតូរ៉ឺម៉ក មានលំនៅ នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានស្លាប់ នៅនឹងកន្លែងកើតហេតុ និងស្ត្រីម្នាក់ ដែលរួមដំណើរជាមួយម៉ូតូរ៉ឺម៉ក មិនទាន់ស្គាល់ឈ្មោះ បានរងរបួសធ្ងន់។
លោកបានបន្តថាៈ ក្រោយពេលបុកជាមួយម៉ូតូរ៉ឺម៉ករួច រថយន្ត Rang rover របស់ មន្ត្រីស្ថានីយ៍ជញ្ជីង បានរេចង្កូត ទយគូថរថយន្ត ទៅចំណែកផ្លូវម្ខាងទៀត ប៉ះទង្គិចគ្នាយ៉ាងខ្លាំង ជាមួយរថយន្តយីឌុប ចង្កូតស្តាំ ពាក់ស្លាកលេខ PRV 0033 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យ រថយន្ត Rang rover ខូចខាត កាន់តែធ្ងន់ធ្ងរថែមទៀត។ បន្ទាប់ពីកើតហេតុភ្លាម អ្នកបើកបរ រថយន្តយីឌុប មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ ដោយបន្សល់ទុក រថយន្តចោល នៅកន្លែងកើតហេតុ។ ចំណែកភាគី រថយន្ត Rang rover ក្រៅពីមន្ត្រីស្ថានីយ៍ជញ្ជីង នៅមានបុរសម្នាក់ ដែលរួមដំណើរជាមួយគ្នា បានរងរបួសស្រាល ហើយពួកគេ បាននាំគ្នាគេចខ្លួន ចេញពីកន្លែងកើតហេតុ។
យោងតាមការសន្និដ្ឋាន នៅកន្លែងកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានអះអាងថា មូលហេតុដែលបណ្ដាល ឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង មកពីរថយន្ត Rang rover បើកបរ ក្នុងល្បឿនលឿន៕/V