Home ព័ត៌មានអន្តរជាតិ លោក​ត្រាំ​ប្រ...

លោក​ត្រាំ​ប្រឈម​មុខ​នឹង​ការអំពាវនាវ​ថ្មីៗ​ឱ្យ​លោក​ចុះចេញ​ពី​តំណែង​ក្រោយ​អំពើ​ហិង្សា​នៅ​វិមាន​កា​ពី​តូ​ល​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖​លោក​ដូណាល់ ត្រាំ​បាន​ប្រឈម​មុខ​នឹង​ការអំពាវនាវ​ថ្មីៗ​ពី​សមាជិក​មួយចំនួន​នៃ​គណបក្ស​របស់​លោក​ឱ្យ​លាលែង​ពី​តំណែង​ជុំវិញ​ការ​លុកលុយ​ដ៏​ហិង្សា​​ទៅក្នុង​វិមាន​កា​ពី​តូ​ល ខណៈ​ការ​គំរាម​នេះ​បាន​នាំឱ្យ​មាន​កិច្ចប្រឹងប្រែង​ចោទប្រកាន់​ទម្លាក់​ងារ​ជា​ប្រវត្តិសាស្ត្រ​លើក​ទី​២ ក្នុង​រយៈពេល​១០ ថ្ងៃ​ចុងក្រោយ​របស់​លោក​នៅ​សេត​វិមាន​។​

​ព្រឹទ្ធ​សមាជិក​មកពី​គណបក្ស​សាធារណរដ្ឋ​លោក ផាត់ ធូ​មេ បាន​ប្រាប់​ទូរទស្សន៍ CNN ថា​ជាមួយនឹង​ការសម្ពោធ​កាន់តំណែង​ថ្ងៃទី ២០ ខែ​មករា​របស់​លោក ចូ បៃ​ដិន​ខិតចូល​មកដល់​យ៉ាង​រហ័ស ស្រប​ពេល​ប្រទេស​កំពុង​រង​ការវាយប្រហារ​ដោយ​ជំងឺ​រាតត្បាត​ខ្លាំង​ឡើង សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​មាន​ការបែកបាក់​គ្នា​ក្នុងប្រទេស “​ការលាលែង​ពី​តំណែង​គឺជា​លទ្ធផល​ល្អ​បំផុត​”​។​

​លោកធូ​មេ​និយាយថា ចាប់តាំងពី​ចាញ់​ការបោះឆ្នោត​ថ្ងៃទី ៣ ខែវិច្ឆិកា​មក លោក​ត្រាំ​បាន “​ធ្លាក់​ចូល​ក្នុង​កម្រិត​ឆ្កួត​មួ​យ​និង​ចូលរួម​ក្នុង​សកម្មភាព​ដែល​ពិតជា​មិន​គួរ​ឱ្យ​ជឿ​និង​មិន​អាច​លើកលែង​បាន​”​។​

​ក្រុម​ប្រជាធិបតេយ្យ​បាន​និយាយថា សមាជិក​សភា​ប្រមាណ ២០០ នាក់​របស់​ពួកគេ​បាន​តម្រង់​ជួរ​ដើម្បី​គាំទ្រ​ការចោទប្រកាន់ ដោយ​ការបោះឆ្នោត​នៅក្នុង​សភា​អាច​ធ្វើ​ទៅ​បាន​នៅ​ដើម​សប្តាហ៍​នេះ​ប៉ុន្តែ​​ការកាត់ទោស​នៅក្នុង​ព្រឹទ្ធសភា​អាច​ពន្យារពេល​រាប់​ខែ​ដើម្បី​ជួយ​លោកបៃ​ដិន​ដោះស្រាយ​បញ្ហា​បន្ទាន់​រប​ស់​ប្រទេស​នេះ​សិន​។​

​លោកស្រី លី​សា ម៉ួកូ​វស្គី មក​ពី​រដ្ឋ​អា​ឡា​ស្កា​គឺជា​ព្រឹទ្ធ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដំបូងបង្អស់ ដែល​ជំរុញ​ឱ្យ​លោក​ត្រាំ​លាឈប់​ពី​តំណែង ដោយ​និយាយថា “​ខ្ញុំ​ចង់ឱ្យ​គាត់​ចុះចេញ​”​។ ​សមាជិកសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ដទៃ​ទៀត​រួមមាន​លោក អា​ដាំ ឃី​ន​ហ្ស៊ី​ង​ជើ កាលពី​ថ្ងៃអាទិត្យ ក៏​បាន​បន្ទរ​តាម​ការអំពាវនាវ​ឱ្យ​ចុះ​ចេញ​ដែរ​។​

​ក្នុងពេល​ជាមួយគ្នា​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​និង​អាជ្ញាធរ​ផ្សេង​ទៀត​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​អ្នកគាំទ្រ​លោក​ត្រាំ​ដែល​បាន​លុកលុយ​ដោយ​ហិង្សា​នៅ​វិមាន​កា​ពី​តូ​ល​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​ការ​​អះអាង​មិន​ពិត​ម្តង​ហើយ​ម្តង​ទៀត​របស់​ត្រាំ​ថា​គាត់​ចាញ់​លោកបៃ​ដិន ដោយសារ​តែ​ការបោះឆ្នោត​មាន​ការលួចបន្លំ​។ មនុស្ស​រាប់​សិប​នាក់​ត្រូវបាន​ចាប់ខ្លួន​រួចហើយ​៕

​លោក​ត្រាំ​ប្រឈម​ការអំពាវនាវ​ឱ្យ​លាលែង​ពី​តំណែង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular