ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាននិយាយកាលពីថ្ងៃសៅរ៍ថា លោក ម៉ៃ ផេន នឹងចូលរួមពិធីសម្ពោធកាន់តំណែងរបស់លោក ចូ បៃដិន នាពេលខាងមុខនេះខណៈដែលអនុប្រធានាធិបតីរូបនេះបានក្លាយជាមនុស្សស្មោះត្រង់បំផុតចុងក្រោយម្នាក់ដែលបោះបង់ចោលប្រធានាធិបតីដូណាល់ ត្រាំ ដែលកាន់តែឯកោទៅៗ។
ទំនាក់ទំនងរវាងលោកត្រាំនិងលោកផេន ដែលជាអ្នកការពារជំហរយ៉ាងមុតមាំរបស់ប្រធានាធិបតី បានបែកបាក់មួយរំពេចកាលពីថ្ងៃពុធសប្តាហ៍មុននៅពេលដែលលោកអនុប្រធានាធិបតីប្រកាសជាផ្លូវការអំពីជ័យជម្នះរបស់លោកបៃដិននៅក្នុងការបោះឆ្នោតខែវិច្ឆិកា។
ហ្វូងបាតុករស្តាំនិយមបានសម្រុកចូលវិមានកាពីតូលអាម៉េរិកនៅថ្ងៃដដែលក្នុងការប៉ុនប៉ងបញ្ឈប់សភាពីការបញ្ជាក់ជ័យជម្នះរបស់លោកបៃដិននៅក្នុងកុបកម្ម ដែលគេស្តីបន្ទោសទៅលើលោកត្រាំ ដែលបណ្តាលឱ្យមនុស្សស្លាប់ ៥ នាក់។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើនកាលពីថ្ងៃសៅរ៍បានដកស្រង់សម្តីក្រុមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ដោយនិយាយថា លោកផេនដែលត្រូវបង្ខំចិត្តជ្រកកោនក្រោមលេណដ្ឋានពីអ្នកលុកលុយក្នុងអំឡុងពេលកុបកម្ម បានសម្រេចចិត្តចូលរួមពិធីសម្ពោធកាន់តំណែងរបស់លោកបៃដិននៅថ្ងៃទី ២០ ខែមករា។
ប្រធានាធិបតីជាប់ឆ្នោតចូ បៃដិនបាននិយាយថា លោកផេននឹងត្រូវស្វាគមន៍នៅពិធីស្បថកាន់តំណែងរបស់លោក៕
លោកផេនឥឡូវក៏កំពុងរងសម្ពាធអោយបណ្តេញត្រាំចេញពីតំណែងមុនកាលកំណត់ផងដែរ