រដ្ឋបាលខេត្តប៉ៃលិន រម្លឹកដល់មន្ត្រី ត្រូវចុះជួយពលរដ្ឋ គ្រប់សកម្មភាព ឲ្យបានលឿន តាមចលនារបស់កាកបាទក្រហម

ដោយៈ ភ្នំខៀវ/ប៉ៃលិនៈ រដ្ឋបាលខេត្តប៉ៃលិន បានក្រើនរម្លឹកដល់ មន្ត្រីទទួលបន្ទុក ត្រូវចុះពិនិត្យមើល និងជួយសង្គ្រោះ ប្រជាពលរដ្ឋ​ គ្រប់សកម្មភាព ឲ្យបានលឿន តាមគោលការណ៍ទាំង ៧ នៃចលនារបស់កាកបាទក្រហម។

ក្នុងឱកាសផ្តល់អំណោយមនុសធម៌ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានលើកឡើងថាៈ កន្លងមក សាខាកាកបាទក្រហម កម្ពុជា ខេត្តប៉ៃលិន បានជំរុញគ្រប់សកម្មភាព លើការងារមនុស្សធម៌ ក្នុងការចុះអន្តរាគមន៍ សង្គ្រោះបងប្អូនប្រជាពលរដ្ឋ គ្រប់ទិសទី បានយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែចំពោះមុខនេះទៀត មន្ត្រីទទួលបន្ទុកទាំងអស់ ត្រូវជំរុញយកចិត្តទុកដាក់ខ្ពស់ បន្ថែមទៀត ឲ្យកាន់តែរហ័ស និងទាន់ពេលវេលា ដោយប្រកាន់ខ្ជាប់នូវ គោលការណ៍គ្រឹះ ទាំង ៧ ប្រការ របស់ចលនាកាក បាទក្រហមកម្ពុជា ដើម្បីឆ្លើយតបនូវ តម្រូវការដ៏ចាំបាច់ របស់ពលរដ្ឋជនរងគ្រោះ និងជនងាយរងគ្រោះ ដូចជា ប្រជាពលរដ្ឋ ប៉ះពាល់ដោយជំងឺកូវីដ-១៩ ជាដើម ពួកគាត់សុទ្ធសឹងតែ ជាអ្នករងគ្រោះ និងត្រូវការជំនួយសង្គ្រោះជាបន្ទាន់ ដូចជាសម្ភារៈ គ្រឿងឧបភោគបរិភោគ ឬថវិកាជាដើម។

លោកស្រី បាន ស្រីមុំ ក៏បានលើកពីប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខជាច្រើនទៀត ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូដល់ ប្រជាជនរងគ្រោះ និងឧបទ្ទវហេតុផ្សេងៗ ទូទាំងប្រទេស ថែមទាំងមិនមានការរើសអើង ឬប្រកាន់ជាតិសាសន៍ និន្នាការនយោបាយ ណាមួយឡើយ ពិសេសបានប្រកាន់ខ្ជាប់ នូវជំហររឹងមាំ មិនបណ្តោយឱ្យពលរដ្ឋ ណាម្នាក់ ស្លាប់ដោយមិនបានដឹង និងមិនបានជួយ ដោះស្រាយនោះទេ មិនថា ពលរដ្ឋ ជួបគ្រោះភ័យ ដោយខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ មានជីវភាពខ្វះខាត គ្រួសារជនពិកា កុមារកំព្រា អ្នករស់នៅជាមួយ មេរោគអេដស៍ ចាស់ជរាគ្មានទីពឹង ឬគ្រួសារសព ជួបការខ្វះខាតជាដើម។

ប្រជាពលរដ្ឋទីទ័លក្រ និងប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក្នុងខេត្តប៉ៃលិន ដែលទទួលបានជំនួយសង្គ្រោះបន្ទាន់ នៅពេលនេះ សរុបរួមមានចំនួន ២០០ គ្រួសារ។ ក្នុងមួយគ្រួសារៗ ទទួលបាន: អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកក្រូច ផ្អក និងឃីតមានកន្ទេល មុង ភួយ និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ ដោយឡែកគ្រួសារពិការចំនួន ១៧នាក់ផ្សេងទៀតទទួលបានថវិកាឧបត្ថម្ភចំនួន ៥០.០០០ រៀល បន្ថែមពីលោក អ៊ី ឈាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តប៉ៃលិន៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular