​ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ ក្នុង​ខែតុលា ឆ្នាំ​២០២០ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន បានកើត​ឡើង​។ ក្នុងនោះ ព្រឹត្តិការណ៍ សំខាន់​ជាងគេ គឺ​ការធ្វើ​កូដកម្ម មិន​ចេញ​ប្រមូល​សំរាម របស់​បុគ្គលិក​កម្មក​រ​ស៊ីន​ទ្រី គ្រោះទឹកជំនន់ វាយប្រហារ​នៅ​ខេត្ត​ជាច្រើន ពិសេស​នៅ​ភាគ​ពាយ័ព្យ ជាប់​ព្រំដែន​ថៃ ព្រមទាំង​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច ២​ថ្ងៃ នៅ​កម្ពុជា ដោយមាន​ទាំង​ការចុះ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន ជាដើម​។​

១-​ការធ្វើ​កូដកម្ម មិន​ចេញ​ប្រមូល​សំរាម របស់​បុគ្គលិក​កម្មក​រ​ស៊ីន​ទ្រី​៖

​កាលពី​ថ្ងៃទី​២ ខែតុលា បុគ្គលិក​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី បានធ្វើ​កូដកម្ម ផ្អាក​ប្រមូល​សំរាម ដោយ​ទាមទារ ឲ្យ​ក្រុមហ៊ុន បំពេញ​តាម​លក្ខខណ្ឌ មួយចំនួន ដូចជា ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍ មួយចំនួន​។ ការចរចា​ដោះស្រាយ មិន​ត្រូវរ៉ូវ​គ្នា ហើយ​កាលពី​ថ្ងៃទី​៥ ខែតុលា រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ជ្រើសរើស កម្មករ​ជាច្រើន​នាក់ ដើម្បី​បំពេញការងារ ជា​អ្នកប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ​។ កាលណោះ វិបត្តិ​សំរាម បានកើត​ឡើងជា​ថ្មី ជាច្រើន​ថ្ងៃ នៅ​ភ្នំពេញ​។​

​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែតុលា ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ បាន​យាង​ទៅកាន់​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិនិត្យ និង​ព្យាបាល ព្រះរាជសុខភាព​។ ព្រះរាជវង្សានុវង្ស និង​ឥស្សរជន ថ្នាក់ដឹកនាំ​ជាតិ ជាច្រើនរូប បាន​យាង និង​អញ្ជើញ​ថ្វាយ ព្រះរាជដំណើរ ព្រះអង្គ​ទាំង​ទ្វេ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

២-​ខេត្ត​ជាប់​ព្រំដែន​ថៃ រងគ្រោះ ដោយ​ទឹកជំនន់ បង្កដោយ​ទឹកភ្លៀង​៖

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ក្នុង​ដើមខែ​តុលា ស្រុក​មួយចំនួន ក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង រងគ្រោះ​ដោយ​ទឹកជំនន់ បង្កឡើង​ដោយ​ទឹកភ្លៀង​។ អភិបាលខេត្ត អាជ្ញាធរ​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ ពិសេស​កងទ័ព បាន​ចុះ​អន្តរាគមន៍ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដើម្បី​បញ្ចៀស​ការខូចខាត ធ្ងន់ធ្ងរ​ពី​គ្រោះធម្មជាតិ​នេះ​។

​ចាប់តាំងពី​យប់ រំលងអធ្រាត្រ ថ្ងៃទី​៨ ឈានចូល​ថ្ងៃទី​៩ តុលា ជំនន់​ទឹកភ្លៀង ធ្វើឱ្យ​តំបន់​មួយចំនួន នៅ​ស្រុក​វាលវែង ស្រុក​កណ្តៀង រួមទាំង​ក្រុង​ពោធិ៍សាត់ រង​ការ​ជន់​លិចលង់​។ ស្ទឹង​ពោធិ៍សាត់ ទឹក​ឡើង​លើស ពី​កម្រិត​ឱ្យ​ប្រុងប្រយ័ត្ន​។

​ចំណែក​នៅ​ខេត្តបាត់ដំបង ជំនន់​ទឹកភ្លៀង ក៏បាន​លិច​ស្រុក មួយចំនួន រួមមាន ស្រុក​សំឡូត រុក្ខ​គិរី មោងឫស្សី និង​ស្រុក​សំពៅ​លូន​។ អាជ្ញាធរ បាន​បើកទ្វារ​ទឹក បង្ហូរ​ចូលក្នុង​ស្ទឹង​សង្កែ ដែល​ធ្វើឱ្យ​កម្ពស់​ទឹក​ក្នុង​ស្ទឹង កើនឡើង រីឯ​ទំនប់​អាងទឹក​បាសាក់ ស្ថិតនៅ​ឃុំ​ព្រែកជីក និង​ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ត្រូវបាន​ជំនន់​ទឹកភ្លៀង ហូរ​បុក​ផ្តាច់ យ៉ាងគំហុក កាលពី​យប់​ថ្ងៃទី​៩ ឈានចូល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ បណ្តាល​ឲ្យ​លិចលង់ ភូមិឋាន​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដំណាំ​ដាំ​ដុះ ក្នុងភូមិ​សាស្ត្រ ខាងលើនេះ និង​ផ្នែក​ទំនាប នៅ​ខាងក្រោម​។​

​ដោយឡែក នៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១០ តុលា ឆ្នាំ​២០២០ ស្ថានភាព​ទឹក នៅ​តំបន់​មួយចំនួន នៅក្នុង​ក្រុង ក៏​ជន់​ឡើង ដោយ​តំបន់​ខ្លះ ទឹក​ហូរ​លើផ្លូវ ដោយសារ​តំបន់​ខ្លះ មាន​លូ​មុខទឹក​តូច ហូរ​មិនទាន់​។

៣-​រដ្ឋមន្ត្រីការបរទេស​ចិន បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​៖

​កាលពី​ថ្ងៃទី​១១ ខែតុលា រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​អញ្ជើញ​មក បំពេញ​ទស្សនកិច្ច ២​ថ្ងៃ នៅ​កម្ពុជា​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែតុលា លោក វ៉ាង យី បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​កិច្ចប្រជុំ ពិភាក្សា​ការងារ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក វ៉ាង យី បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ចុះហត្ថលេខា រវាង​កម្ពុជា និង​ចិន លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី និង​លិខិត​ប្ដូរ​សារសំខាន់ៗ ផ្សេងទៀត​។

​នៅក្នុង​កិច្ចព្រមព្រៀង និង​លិខិត​ប្ដូរ​សារ ដែល​ចុះហត្ថលេខា​នេះ ក៏មាន​ជំនួយឥតសំណង និង​ឥណទាន មានការ​ប្រាក់​ទាប ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ដល់​កម្ពុជា ចំនួន ៩៥៩ លាន​យ័ន ស្មើនឹង​ប្រមាណ ១៤០ លាន​ដុល្លារ សហរដ្ឋអាមេរិក​។

៤-​ជំនន់​ទឹកភ្លៀង បន្ត​វាយប្រហារ​រហូតដល់ ១៧ ខេត្ត​រាជធានី​៖

​គិត​មកដល់​ថ្ងៃ​ចន្ទ ទី​១២ តុលា ជំនន់​ទឹកភ្លៀង បាន​ជន់​លិច នៅ ១៧​រាជធានី​ខេត្ត ហើយ​ក្នុងនោះ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​។ គ្រោះមហន្តរាយធម្មជាតិ​នេះ គិត​ត្រឹមតែ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ១០​ម៉ឺន​នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ១០​នាក់ បាន​បាត់​បង់ជីវិត​។

​គិត​ត្រឹម​រសៀល​ថ្ងៃទី​១៣ ខែតុលា ទឹកជំនន់ បង្កដោយ​ទឹកភ្លៀង តាម​ស្ទឹង​ព្រែក​ត្នោត បាន​ជន់​លិច​តំបន់​មួយ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ភ្លាមៗ ប្រជាពលរដ្ឋ​ចំនួន ៧៧១ គ្រួសារ នៅ​ខណ្ឌដង្កោ បាន​រង​ផលប៉ះពាល់ ដោយសារ​ទឹកជំនន់ ស្ទឹង​ព្រែក​ត្នោត​។​

​វិធានការ​ចំពោះ មុខ​ស្ថានភាព​ជន់​លិច​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បញ្ជា​ឲ្យ​ចាក់ដី ទប់​តាម​សណ្ដរ ស្ទឹង​ព្រែក​ត្នោត ជា​បណ្ដោះអាសន្ន​សិន និង​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ស្ទឹង​ព្រែក​ត្នោត ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​ទឹកស្ទឹង​ព្រែក​ត្នោត កាន់តែ​ហក់​ឡើង​ខ្ពស់ ពីមួយ​នាទី ទៅមួយ​នាទី មិនទាន់​ថយចុះ​ឡើយ​។

​ចាប់តាំងពី​យប់ ថ្ងៃទី​១៣ ខែតុលា ប្រតិបត្តិការ​ចុះជួយ​សង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌដង្កោ ដែល​ទទួលរង នូវ​ការលិចលង់ ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត មកកាន់​ទីទួល​មាន​សុវត្ថិភាព នៅតែ​បន្ត​។ សង្កាត់​ចំនួន​៥ នៅ​ខណ្ឌដង្កោ រួមមាន សង្កាត់​ព្រែកកំពឹស សង្កាត់​រលួស សង្កាត់​សាក់​សំពៅ សង្កាត់​គង​ន​យ និង​សង្កាត់​ស្ពានថ្ម ត្រូវបាន​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត វាយប្រហារ​។

៥-​ខួប​គម្រប់ ៨​ឆ្នាំ នៃ​ការយាង​សោយ​ទិវង្គត របស់​អតីតព្រះមហាក្សត្រ​៖

​កាលពី​ថ្ងៃទី​១៥ ខែតុលា ក្នុងឱកាស​គម្រប់​ខួប ៨ ឆ្នាំ នៃ​ការយាង​សោយ​ទិវង្គត របស់​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ប្រជាពលរដ្ឋ​ខ្មែរ បាន​បួងសួង​ដល់ ដួង​ព្រះ​វិញ្ញាណក្ខន្ធ របស់​ព្រះអង្គ និង​វត្ថុ​ស័ក្តិ​សិទ្ធ នៅក្នុង​លោក តាម​ជួយ​ឃុំគ្រង បីបាច់​ថែរក្សា​ប្រទេស​កម្ពុជា ឲ្យ​រួច​ចាក​ផុតពី​ទុក្ខលំបាក នៃ​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង​។ ក្រៅពីនេះ ប្រជាពលរដ្ឋ ក៏​ជំរុញ លើកទឹកចិត្ត​ឲ្យ​អាជ្ញាធរ ចុះជួយ​ដោះស្រាយ​អ្នករងគ្រោះ តាម​លទ្ធភាព ដែល​អាចធ្វើ​ទៅបាន ដើម្បី​រំដោះ​ទឹក​ចេញពី​ខ្នង​ផ្ទះ របស់​ពួកគាត់​ផងដែរ​។

៦-​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ជួប​អ្នករងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខណ្ឌដង្កោ ទាំងយប់​៖

​ក្នុងអំឡុងពេល ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ នៅ​ខណ្ឌដង្កោ ក្នុង​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១៥ ខែតុលា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ដាក់ចេញ​នូវ​បទបញ្ជា អោយ​អាជ្ញាធរ និង​កងកម្លាំង​គ្រប់​ប្រភេទ នៅ​ទូទាំងប្រទេស ត្រូវ​ជួយសង្គ្រោះ អាយុជីវិត​ប្រជាពលរដ្ឋ ជា​អាទិភាព​ពី​ជំនន់​ទឹកភ្លៀង ដោយ​ជម្លៀស មកកាន់​ទីទួល​មាន​សុ​វត្តិភាព ផ្តល់​អាហារ និង​ការថែទាំ​សុខភាព​។ ក្នុងនោះ អាជ្ញាធរ​សមត្ថកិច្ច ក៏ត្រូវ​ជួយ​ស្តារ​ការ​ខួច​ខាត របស់​ពលរដ្ឋ​ឡើងវិញ ក្រោយ​ទឹកជំនន់​ផងដែរ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ជឿជាក់ថា កម្ពុជា នឹង​ជំនះបាន​ការលំបាក​លើក​នេះ តាមរយៈ​កម្លាំង​សាមគ្គី ដោយ​រួមគ្នា ដៃ​ម្ខាង​ប្រយុទ្ធ​នឹង​កូ​វីត​១៩ និង​ជំនន់​ទឹកភ្លៀង ហើយ​ដៃ​ម្ខាង​ទៀត រួមគ្នា ស្តារ​ប្រទេស​ឡើងវិញ ពី​វិបត្តិ​ចំពោះមុខ​ទាំងពីរ​នេះ​។​

៧-​ទឹកជំនន់ សម្លាប់​មនុស្ស ៤៤​នាក់ រងគ្រោះ​ជិត ៦០​ម៉ឺន​នាក់ នៅ ២០​ខេត្ត​រាជធានី​៖

​កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បានប្រកាសថា ជំនន់​ទឹកភ្លៀង ទោះបីជា​បាន​ថមថយ ស្រក​ចុះ​ជា​បណ្តើរៗ ហើយ​ក្តី ប៉ុន្តែ​ចំនួន​អ្នករងគ្រោះ បាន​បន្ត​កើនឡើង​។ ក្នុងនោះ មកដល់​ល្ងាច​ថ្ងៃទី​២៧ ខែតុលា ចំនួន​អ្នកស្លាប់ ដោយ​ជំនន់​ទឹកភ្លៀង បាន​កើន​ឡើងដល់ ៤៤​នាក់ រីឯ​ប្រជាជន​រងគ្រោះ ឡើងដល់​ជិត ៦០​ម៉ឺន​នាក់ នៅក្នុង ២០ រាជធានី ខេត្ត ស្មើ ១២១ ក្រុង​ស្រុក​ខណ្ឌ រួមមាន​៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​៕/V​