ដោយៈតារារិទ្ធ/ភ្នំពេញ៖លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានថ្លែងឱ្យដឹងថាឆ្នាំសិក្សាថ្មីឆ្នាំ២០២០- ២០២១ នេះមានសិស្សានុសិស្សជិត៤ លាននាក់បានចូលសិក្សានៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជន។ ក្នុងនោះសិស្សថ្នាក់មត្តេយ្យនិងចំណេះដឹងទូទៅមានប្រមាណ ៣.៥ លាននាក់ ។ដោយឡែកថ្នាក់ឧត្តមសិក្សាមានប្រមាណ ២១ម៉ឺននាក់ ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងឱ្យដឹងបែបនេះក្នុងឱកាសអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មីដែលធ្វើឡើងនៅព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២១នេះ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ខេត្តកំពង់ចាម ។
លោករដ្ឋមន្ត្រីក្រសួងអប់រំបានឱ្យដឹងផងដែរថាបច្ចុប្បន្នមានគ្រឹះស្ថានមត្តេយ្យសិក្សានិងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងរដ្ឋនិងឯកជនមានប្រមាណ ១៨,០០០ កន្លែង ។ ក្នុងនោះមត្តេយ្យសិក្សាសហគមន៍ ៣,០០០ កន្លែងគ្រឹះស្ថានសិក្សាចំណេះទូទៅរបស់រដ្ឋ១៣,៥០០ កន្លែងនិងគ្រឹះស្ថានសិក្សាឯកជន១,៥០០កន្លែង។គ្រឹះស្ថានឧត្តមសិក្សា ទូទាំងប្រទេសមាន ១២៥ កន្លែងក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ៤៨ និងឯកជន ៧៧ ។
នៅក្នុងការថ្លែងបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានជំរុញឱ្យគ្រឹះស្ថានសិក្សារដ្ឋទាំងអស់បន្តយកចិត្តទុកដាក់លើ ការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សាតាមរយៈការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ(SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩និងគោល ការណ៍ប្រតិបត្តិស្តង់ដារ(SOP)ស្ដីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និង កីឡាសកម្ម ភាពសិល្បៈនិងសេវាអាហារដ្ឋាននៅតាមគ្រឹះស្ថានសិក្សា រដ្ឋនិងឯកជនក្នុងបរិបទជំងឺកូវីដ-១៩ ។ ស្តង់ដាSOPគឺ ជាសំណុំនៃការណែនាំជាជំហានៗដែលត្រូវបានចងក្រងដោយក្រសួងអប់រំដើម្បីជួយឲ្យគ្រឹះស្ថានសិក្សាធ្វើប្រតិបត្តិការដើម្បីសម្រេចបាននូវប្រសិទ្ធភាពនិងគុណភាពបង្កាការឆ្លងកូវីដ១៩ ។
លោករដ្ឋមន្ត្រីអប់រំបានបញ្ជាក់ទៀតថាដើម្បីធានាបានការអប់រំមួយល្អប្រសើរក្នុងបរិបទកូវីដ១៩នេះក្រសួងបានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តកម្មវិធីសិក្សាបង្រួញនិងកា លវិភាគសិក្សាសម្រាប់មត្តេយ្យសិក្សា មត្តេយ្យសិក្សាសហគមន៍ បឋមសិក្សា និង មធ្យមសិក្សារដ្ឋ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដោយផ្តោតលើរៀបចំសិស្សក្នុងថ្នាក់ ការបែងចែកកម្មវិធីសិក្សានិងមេរៀនសិក្សានិងការអនុវត្តកម្មវិធីសិក្សាបង្រួញ។
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់សិស្សានុសិស្សដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និង ជាថ្ងៃត្រឡប់មកកាន់ សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្ស និស្សិត បន្ទាប់ពីបានឆ្លងកាត់និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងមកនេះទោះបីក្នុងរូបភាពខុសៗគ្នាយ៉ាងណាក៏ដោយ ។ ថ្វីត្បិតឆ្នាំនេះព្រះរាជាណាចក្រកម្ពុជាក៏ដូចជាពិភព លោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងកូវីដ-១៩ យ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជានៅតែប្រារព្ធពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ដ៏មានសារៈ សំខាន់នេះក្រោមទស្សនាទានថ្មីគឺគន្លងជីវិតថ្មីក្នុងវិស័យអប់រំ ។ ចំពោះវិស្សមកាលក្នុងឆ្នាំសិក្សាថ្មីនេះត្រូវបានកំ ណត់ចំនួន ២ ដងក្នុង ១ ឆ្នាំគឺវិស្សមកាលតូចចាប់ពីថ្ងៃទី ៦ ដល់ ១៩ ខែមេសា និងមហាវិស្សមកាលចាប់ពីថ្ងៃទី ១ដល់ទី ៣០ខែវិច្ឆិកា ឆ្នាំ ២០២១។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជននិងកីឡាកាលពីសប្តាហ៍មុន ៕