ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នៅថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២១នេះគ្រឹះស្ថានសិក្សាសាធារណៈ ទូទាំងប្រទេស បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២០-២០២១ ដែលជាថ្ងៃនៃការរៀបចំខ្លួនអបអរសាទរថ្ងៃផ្ដើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបគ្រប់អាយុសិក្សា និងជាថ្ងៃដែលប្អូនៗសិស្សានុសិស្ស និស្សិតបន្តចូលរៀននៅកម្រិតថ្នាក់ខ្ពស់បន្តទៀតនៅទូទាំងប្រទេស។
ក្នុងថ្ងៃនេះដែរមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស នៅតាមសាលារៀងៗ ខ្លួន។
ក្រសួងអប់រំបានឱ្យដឹងក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនក្នុងថ្ងៃបើកបវេសកាលថ្មីនេះដែរថា”បរិបទថ្មី ដើម្បីធានាដំណើរការគ្រឹះស្ថានដោយមានប្រសិទ្ធភាព និងសុវត្ថិភាពក្នុងបរិបទកូវីដ-១៩ គ្រឹះស្ថានសិក្សាទាំងអស់អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា SOP ដែលសំណុំនៃការណែនាំជាជំហានៗ ដើម្បីជួយឲ្យគ្រឹះស្ថានសិក្សាធ្វើប្រតិបត្តិការសម្រេចបាននូវប្រសិទ្ធភាព និងគុណភាពបង្កាការឆ្លងកូវីដ១៩”។
ក្នុងសារលិខិតបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១នាថ្ងៃនេះដែរ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា វិស័យអប់រំ និងសុខាភិបាលជាអាទិភាពទី១ ដោយស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ និងសិស្សានុសិស្ស ត្រូវអនុវត្តវិធានការសុវត្ថិភាពសុខភាពអនាម័យ តាមអភិក្រម ៣ការពារ ៣កុំ ក្នុងបរិបទកូវិដ-១៩ ត្រូវរៀបចំ និងអនុវត្ត ទស្សនាទាន គន្លងជីវិតថ្មីក្នុងវិស័យអប់រំ បន្តជំរុញការអប់រំឌីជីថល និងអនុវត្តវិធីសាស្ត្រការអប់រំតាមបែបចម្រុះចាំបាច់ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល ក្នុងសតវត្សទី២១។
ជាមួយគ្នាននេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងនូវអំណរគុណចំពោះបងប្អូនជនរួមជាតិ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលតែងតែបានរួមចំណែក កសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រ និងផ្ដល់នូវកិច្ចសហការល្អតទៅទៀត រីឯយុវជន យុវនារី និស្សិត សិស្សានុសិស្ស ទាំងអស់ សូមបន្តខិតខំរៀនសូត្រ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងធ្វើការសិក្សាស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គមជាតិ និងប្រទេសជាតិទាំងមូល។
ក្នុងថ្ងៃនេះដែរលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១នេះ មានសិស្សសិក្សាជិត ៤លាននាក់។ ក្នុងនោះសិស្សថ្នាក់មត្តេយ្យ និងចំណេះដឹងទូទៅទាំងរដ្ឋ និងឯកជន មានប្រមាណ ៣លាន ៥សែននាក់ សិស្សស្រីមានប្រមាណ ៤៩ភាគរយ។ ដោយឡែកថ្នាក់ឧត្តមសិក្សាទាំងរដ្ឋ និងឯកជន មានប្រមាណ ២១ម៉ឺននាក់ និស្សិតស្រីប្រមាណ ៤៦ភាគរយ។
លោកលោករដ្ឋមន្ត្រីបានបន្តឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា មានគ្រឹះស្ថានមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និងឯកជនមានប្រមាណ ១៨,០០០។ ក្នុងនោះមត្តេយ្យសិក្សាសហគមន៍ ៣ពាន់កន្លែង គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១៣,៥០០ និងគ្រឹះស្ថានសិក្សាឯកជន ១,៥០០។ គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមានចំនួន ១២៥ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៤៨ និងឯកជន ៧៧។ និស្សិតកំពុងសិក្សានៅឧត្តមសិក្សាមានប្រមាណ ២១ម៉ឺន និស្សិតស្រីប្រមាណ ៤៦ភាគរយ៕