ដោយ: ប.ខុន / ភ្នំពេញ: ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងផែនការរបស់ខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០២០-២០២១ មានចំនួន២២.០០០ហិកតាទេ តែជាក់ស្តែងគិត ដល់ត្រឹមថ្ងៃទី១១ខែមករា អនុវត្តបានដល់៤៨.០០០ហិកតាហើយ ការដាំដុះនៅតែមានបន្តធ្វើឱ្យអ្នកគ្រប់គ្រងទឹក សម្តែងការព្រួយបារម្ភពីបញ្ហាខ្វះទឹកសម្រាប់ផ្គត់ផ្គង់ដល់ដំណាំស្រូវនៅពេលចុងដៃ។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១១ខែមករាឆ្នាំ២០២១ថា ផែនការធ្វើស្រូវប្រាំងនៅទូទាំងខេត្តបន្ទាយមានជ័យសម្រាប់ឆ្នាំ២០២០- ២០២១ ត្រូវបានដាក់ចេ ញឱ្យអនុវត្តចំនួន២២.០០០ហិកតា តែជាក់ស្តែងត្រឹមថ្ងៃទី១១ខែមករានេះ អនុវត្តបានដល់ប្រមាណជា៤៨.០០០ហិកតាហើយ។ ស្រុកមង្គលបុរីនៅក្នុងផែនការ តែ ៩.០០០ហិកតាទេ តែជាក់ស្តែងអនុវត្តបានដល់២៧.០០០ហិកតាហើយ នៅតែបន្តដាំដុះលើផ្ទៃដីទើបប្រមូលផលស្រូវវស្សារួច។
ប្រធានមន្ទីរធនធានទឹករបស់ខេត្តខាងលើនិយាយឱ្យដឹងទៀតថា ការដាំដុះស្រូវប្រាំងលើសផែនការយ៉ាងច្រើនបែបនេះ អាចនឹងធ្វើឱ្យមានបញ្ហាប្រឈមការខ្វះទឹកនៅចុងដៃ ចំពោះតំបន់ដែលនៅឆ្ងាយពីប្រព័ន្ធស្រោចស្រព។ បើធ្វើត្រឹមតែ ចំនួនដែលបានធ្វើរួចអាចមានទឹកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ តែបើនៅតែបន្ត គឺមិនធានាទេទោះបីជាពេលនេះ នៅក្នុងអាងត្រពាំងថ្មនៅសល់ទឹកដល់១៤០លាន និងមានទឹកបញ្ជូនមកពីខេត្តឧត្តរមានជ័យ ដើម្បីជួយអន្តរាគមន៍យ៉ាងណាក៏ដោយ។
លោក យឹម ប៊ុនរ៉ុម បាននិយាយឱ្យដឹងទៀតថា នៅពេលនេះមន្ទីរបានសុំទឹកពីខេត្តឧត្តរមានជ័យមកស្រោចស្រពដល់ដំណាំស្រូវ ដែលមានពាក់ព័ន្ធជាមួយនឹងប្រឡាយមកពីអាងទឹកស្រែងផ្ទាល់ និងទឹកក្នុងអាងត្រពាំងថ្ម ក៏បានបញ្ចេញដែរ ដើម្បីបម្រើដល់ការដាំដុះរបស់ប្រជាកសិករ។ អាងត្រពាំងថ្មនៅសល់ទឹកដល់ ១៤០លានម៉ែត្រ ដោយសារនៅចុងរដូវវស្សាកន្លងទៅមិនបានបញ្ចេញប្រើ និងនៅពេលនេះក៏មិនទាន់ត្រូវបាននាំបញ្ចូលថែមដែរ។ ផែនការដាំដុះដែលដាក់ចេញ ដោយរដ្ឋបាលខេត្ត គឺយោងទៅតាមស្ថានភាពទឹកដែលមាន និងបានធ្វើការផ្សព្វផ្សាយច្រើនទៅដល់ប្រជាកសិករ ដើម្បីកុំឱ្យធ្វើលើសពីការកំណត់៕