ដោយ: សុផានីតា / កោះកុង: លោកស្រីអភិបាលខេត្តកោះកុង នៅថ្ងៃទី១១ ខែមករា ២០២១នេះ បានណែនាំដល់គណៈគ្រប់គ្រងសាលារៀនទាំងរដ្ឋ និងឯកជន ត្រូវបានយកចិត្តទុកខ្ពស់លើវិធានការទប់ស្កាត់ជំងឺកូវីដ១៩អោយបានល្អ ស្របកម្ពុជាបើកបវេនកាលឆ្នាំសិក្សាថ្មី។
មិនខុសពីសាររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងពិធីបើកបវេនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅតែទាមទារឱ្យមន្ទីរអប់រំ យុវជន និងកីឡា នាយក អ្នកគ្រូលោកគ្រូនៅតាមបណ្តាសាលារៀនទាំងអស់ក្នុងខេត្ត តម្រូវឱ្យវាស់កំដៅ ម៉ាស់ លាងដៃនឹងអាល់កុល ឬសាប៊ូ ព្រមទាំងអង្គុយរៀនសូត្ររក្សាគម្លាតពីយ៉ាង១ម៉ែត្រដែរ។
ការដែលលោកស្រីអភិបាលខេត្ត ចង់ឱ្យបន្តចូលរួមលើកកម្ពស់សុខសុវត្ថិភាពនៅតាមសាលារៀនបែបនេះ ក៏ព្រោះតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩មិនទាន់ផុតរលុតសាបសូន្យនៅឡើយទេមិនថា នៅប្រទេសកម្ពុជា និងលើពិភពលោក។
ទន្ទឹមនោះដែរ លោកស្រី មិថុនា ភូថង ស្នើដល់ឱ្យលោកគ្រូ អ្នកគ្រូ ជាពិសេសសិស្សានុសិស្ស បង្កើនការពង្រឹងសមត្ថភាពយល់ដឹងពីបរិបទក្នុងវិស័យអប់រំដោយបន្តរៀនសូត្រតាមរយៈប្រព័ន្ធឌីជីថល ដើម្បីជាឱកាសទទួលចំណេះដឹងថ្មីៗ និងឱកាសការងារល្អៗ។
ដោយឡែកលោក ង៉ែត ឡឹង ប្រធានមន្ទិរអប់រំ យុវជន និងកីឡាខេត្តកោះកុង អះអាងថា មន្ទីរបានពន្យល់ែណនាំដល់នាយក លោកគ្រូ និងអ្នកគ្រូ រួចរាល់អស់ពីការអនុវត្តវិធានការអនាម័យសុខភាពនៅតាមសាលារៀននីមួយៗ តាមស្មារតីនៃបញ្ជារបស់សម្តេចតេជោ ក្រសួងអប់រំ និងលោកជំទាវអភិបាលខេត្តកោះកុង។
លោកប្រធានមន្ទីរអប់រំ កន្លងទៅ ក៏ដូចជាបច្ចុប្បន្ន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមួូយចំនួនធំ បានចូលរួមបណ្តុះបណ្តាល និងទទួលបានការសិក្សានៃបរិបទថ្មីអំពីមេរៀនតាមប្រព័ន្ធអេឡិចត្រូនិចលើទូរស័ព្ទ និងតាមទូរទស្សន៍ទទក២។ ប៉ុន្តែមានបញ្ហាប្រឈមផងដែរ ជីវភាពរស់នៅមួយចំនួននៅតាមស្រុកក្រីក្រពុំមានលទ្ធភាពប្រើប្រាស់ស្មាតហ្វូន អីុនធឺណែតរអាក់រអួលជាដើម។
ឆ្នាំ២០២០នេះ សិស្សដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំនួន១.៣៩៣នាក់ ស្រី៧០៩នាក់ រីឯសិស្សានុសិស្សដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងស្វ័យរិនមានចំនួនជិត១០០០នាក់ ស្រី៤៦០នាក់ បានជាប់ជាស្ថាពរ ដោយយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យ១០០%តែម្តង៕