ដោយ:រ៉ាម៉ន/ភ្នំពេញ:ចូលមកដល់ឆ្នាំ២០២១នេះបញ្ហាសន្តិសុខនៅតែជាប្រធានបទក្ដៅដដែល។ការរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនិងការទប់ស្កាត់ការបំពងសំឡេងរំខាននានានៅតាមទីសាធារណៈត្រូវបានលើកឡើងក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០១២នេះ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពីលោកឧត្ដមសេនីយ៍ ស ថេតស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។នេះជាកិច្ចប្រជុំលើកដំបូលរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំនោះលោកឃួង ស្រេងបានលើកឡើងថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជាបញ្ហាមួយដែលអាជ្ញាធររាជធានីភ្នំពេញអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទត្រូវតែយកចិត្តទុកដាក់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ។លោកបានជំរុញញឱ្យអាជ្ញាធរខណ្ឌទាំង១៤បន្តការចុះតាមបុរីនានានៅក្នុងរាជធានីភ្នំពេញដោយចងក្រងជាកម្លាំងហើយបើមានបញ្ហាដែលដោះស្រាយបានគឺត្រូវដោះស្រាយភ្លាមជូនប្រជាពលរដ្ឋហើយបើបញ្ហាដែលមិនអាចដោះ ស្រាយបានត្រូវរាយការណ៍ជូនមកថ្នាក់រាជធានីភ្នំពេញ ដើម្បីឲ្យថ្នាក់រាជធានីបន្តដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបន្តទៀត។
ពាក់ព័ន្ធនឹងម៉ូតូធំៗដែលបង្កសំឡេងរំខាន ក៏ដូចជាម៉ូតូដែលកែច្នៃស៊ឺម៉ាំង រំខានដល់ប្រជាពលរដ្ឋលោកឃួងស្រេងក៏បានលើក ឡើងថាការទប់ស្កាត់ម៉ូតូបំពងសំឡេងរំខាននេះអាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឃាត់ម៉ូតូបានចំនួន៦០គ្រឿងហើយក្នុងចំនួននេះលោកអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យមន្ទីរពាក់ព័ន្ធពិសេសគឺមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងមន្ទីរបរិស្ថានរាជធានីភ្នំពេញត្រូវចុះផ្ទាល់ទៅដល់ទីតាំងដែលបានឃាត់ទុកនៅរសៀលថ្ងៃនេះដើម្បីធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនិងការប៉ះពាល់ទៅលើបរិស្ថានមុននឹងប្រគល់ឲ្យម្ចាស់ម៉ូតូវិញ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបញ្ជាក់ថា ម៉ូតូដែលមានសំឡេងបំពងខុសលក្ខណៈបច្ចេកទេសគឺនៅរក្សាទុកដដែល ដោយរង់ចាំការណែនាំពីក្រសួងមហាផ្ទៃ៕.mara