ប្រែសម្រួលៈវាសនា/ប៉េកាំង៖អាជ្ញាធរបានអះអាងកាលពីថ្ងៃចន្ទទី១១មករាថា អ្នកវិទ្យាសាស្ត្រ១០នាក់មកពីអង្គការសុខភាពពិភពលោក(WHO)នឹងមកដល់ចិនចាប់ពីថ្ងៃព្រហស្បតិ៍ដើម្បីស៊ើបអង្កេតរកប្រភពផ្ទុះជំងឺកូវីដ១៩ នៅពេលជាង១ឆ្នាំក្រោយជំងឺឆ្លងសកលនេះបានចាប់ផ្តើមនិងចំពេលមានការចោទប្រកាន់ថា រដ្ឋាភិបាលក្រុងប៉េកាំងងព្យាយាមរារាំងការស៊ើបអង្កេតនេះ។
បេសកកម្មរង់ចាំដ៏យូរនេះ មានសារសំខាន់ខាងនយោបាយខ្លាំងចំពេលវីរុសកូរ៉ូណាបាននិងកំពុងបំផ្លិចបំផ្លាញពិភពលោក នាំអោយស្លាប់មនុស្សជិត២លាននាក់និងរុញសេដ្ឋកិច្ចពិភពលោកអោយជាប់គាំង។
ក្រុមWHO នឹងធ្វើការស៊ើបអង្កេតរួមគ្នាជាមួយអ្នកវិទ្យាសាស្ត្រចិនអំពីប្រភពកូវីដ១៩ នេះបើតាមការបញ្ជាក់របស់ស្នងការសុខាភិបាលជាតិចិន។
សូមបញ្ជាក់ថា ការបដិសេធមិនអោយអ្នកវិទ្យាសាស្ត្រទាំងនេះចូលនៅនាទីចុងក្រោយកាលពីពេលមុនេះក្នុងខែមករានេះ នាំអោយមានការរិះគន់ដ៏កម្រមានពីប្រធានអង្គការWHO។អគ្គនាយកអង្គការនេះលោក តេដ្រូស អាតហាណូម ហ្គេប្រេយេស៊ូស បាននិយាយថា លោក«ខកចិត្តណាស់» ដោយសារចិនមិនព្រមអោយពួកគេចូល។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសចិនបានហៅវាជាការយល់ច្រឡំ។
ពួកអ្នកជំនាញការ WHOទាំងនេះត្រូវរំពឹងថានឹងទៅកាន់ទីក្រុងវូហាន ទីក្រុងដែលវីរុសកូរ៉ូណានេះត្រូវបានគេដឹងជាទូទៅថាត្រូវបានរកឃើញនៅទីនេះ កាលពីចុងឆ្នាំ២០១៩។
អាម៉េរិកនិងអូស្ត្រាលី បានដឹកនាំការអំពាវនាវរបស់អន្តរជាតិអោយមានការស៊ើបអង្កេឯករាជ្យមួយលើប្រភពនៃការផ្ទុះចេញវីរុសនេះដោយបង្កើតសម្ពាធជាខ្លាំងលើចិនប៉េកាំង។មេដឹកនាំអាម៉េរិកថែមទាំងបានចោទប្រកាន់ថា វីរុសនេះចេញពីកន្លែងពិសោធន៍វីរុសមួយនៅវូហាន តែមន្ត្រីចិនបាននិយាយថា ការតាមដាននៃប្រភពដើមនៃវីរុសនេះជា«បញ្ហាវិទ្យាសាស្ត្រ»មួយនិងថែមទាំងលើកឡើងអំពីលទ្ធភាពកកើតវីរុសនេះដំបូងនៅក្រៅប្រទេសចិន៕
អ្នកស្រុកតម្រៀបជួររង់ចាំពិនិត្យរកវីរុសកូរ៉ូណា ក្នុងក្រុងប៉េកាំងកាលពីថ្ងៃ១១មករា នៅពេលការឆ្លងថ្មីកំពុងកើនឡើងនៅក្នុងទីក្រុងជិតៗនោះ