ដោយៈ​រី លក្ខិណា បុគ្គលិក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នំំ​ពេញៈខ្ញុំ​ឈ្មោះ វ៉ាន់ វឿន ភេទ​ប្រុស មាន​អាយុ​៦១​ឆ្នាំ​។ ខ្ញុំ​គឺជា​ជនជាតិភាគតិច​ជង​ខ្នងភ្នំ​។ ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​វាលវែង ឃុំ​ត្រ​ពង​ពង្ស ស្រុក​ភ្នំក្រវាញ ដែល​បច្ចុប្បន្ន​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ សព្វថ្ងៃ​ខ្ញុំ​រស់នៅ​ភូមិ​ព្រែក ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ ប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ ហ សារ៉ាន់​។ ខ្ញុំ​មានកូន​ចំនួន​បួន​នាក់​(​ប្រុស​ចំនួន​ពីរ​នាក់ និង​ស្រី​ចំនួន​ពីរ​នាក់​)​។ ឪពុក​របស់ខ្ញុំ​ឈ្មោះ សុខ វ៉ាន់ និង​ម្តាយ​ឈ្មោះ ច្រាញ់ សុខ​។​

វ៉ាន់ វឿន អាយុ៦១ឆ្នាំ នៅក្រោមផ្ទះរបស់គាត់ស្ថិតនៅភូមិព្រែក ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(រូបថតមជ្ឈមណ្ឌលឯកសារកម្ពុជា)

​កាលពី​ខ្ញុំ​នៅ​តូច​ចាស់ៗ​នៅក្នុង​ភូមិ​បាន​ដំណាល​មក​ថា នៅ​សម័យ​អាណានិគមនិយម​បារាំង មាន​ព្រានព្រៃ​មកពី​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ​បាន​ដើរ​បរបាញ់​សត្វ និង​ស្វែងរក​ខ្លឹមចន្ទន៍​គ្រឹ​ស្នា​នៅ​ក្នុងព្រៃ​រហូតមកដល់​ភូមិ​វាលវែង និង​តំបន់​អូរ​សោម​។ ព្រានព្រៃ​ទាំងនោះ​បាន​ចូល​ព្រៃ​ម្តងៗ​មាន​រយៈពេល​ប្រាំ​ទៅ​ប្រាំ​មួយខែ​ហើយ​មាន​ព្រានព្រៃ​មួយចំនួន​បាន​ជួប​កូនក្រមុំ​ជនជាតិ​ជង​ខ្នងភ្នំ​នៅ​ភូមិ​វាលវែង ក៏បាន​ស្រឡាញ់គ្នា និង​បាន​រៀបការ​ជា​ប្តី​ប្រពន្ធ​ទៀតផង​។ មុននឹង​រៀបការ​ឪពុកម្ដាយ​ខាង​ស្រី​បង្គាប់​ឲ្យ​សង់ផ្ទះ​ឈើ ប្រក់​ស្លឹក​សោម ចង​ជាមួយ​វ​ល្លិ៍ ឬ​ផ្ដៅ​។

​កាលពី​ជំនាន់​ដើម​ជនជាតិ​ជង​ខ្នងភ្នំ​បាន​ប្រក​បរបរ​ធ្វើ​ចម្ការ គឺ​ដាំ​ស្រូវ​វិលជុំ​។ ជនជាតិ​ជង​ខ្នងភ្នំ​រស់នៅ​ភូមិ​វាលវែង​និង​តំបន់​អូរ​សោម​មាន ជំនឿ​លើ​ព្រះពុទ្ធសាសនា និង​បាន​ទៅ​វត្ត​ថ្វាយបង្គំ​ព្រះ​ស​ង្ឈ​ដូច​បងប្អូន​ខ្មែរ​ទូទៅ​ដែរ​។​បងប្អូន​ជនជាតិ​ជង​ខ្នងភ្នំ​ក៏បាន​គោរព​និង​មាន​ជំនឿ លើ​អារក្សអ្នកតា​ថែមទៀត​។

​បងប្អូន​ជនជាតិ​ជង​ខ្នងភ្នំ​នៅ​ភូមិ​វាលវែង​និង​តំបន់​អូរ​សោម​ទៅ​ផ្សារ​ទិញ​សម្ភារ​ម្តងៗ​គឺ​ត្រូវ​ដើរ​ថ្មើរជើង​រយៈពេល​មួយ​សប្តាហ៍​ទើប​ដល់​ផ្សារ​ក្រវាញ​។ អ្នកភូមិ​ខ្លះ​ដែលមាន​ដំរី ក៏បាន​ជិះ​ដំរី​។ នៅពេលណា​ដែល​បរបាញ់​សត្វព្រៃ​បាន ជនជាតិ​ជង​ខ្នងភ្នំ​មិនបាន​លក់ដូរ​ទេ​គឺ​កាប់​ចែក គ្នា​ហូប​។​ចំពោះ​ខ្លឹម​ច័ន្ទ​គ្រឹ​ស្នា​ដែល​រកបាន​ជនជាតិភាគតិច​ជង​ខ្នងភ្នំ​បាន​យកទៅលក់​នៅ​ប្រទេស​ថៃ​និង​ទិញ​អំបិល​ត្រឡប់​យកមក​ផ្ទះ​វិញ​។ អំបិល​គឺមាន​សារសំខាន់​ណាស់ ពីព្រោះ​ត្រូវ​ទុក​ហូប​នៅ​រដូវវស្សា​ពេល​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​ទឹក​ជន់​មិនអាច​ធ្វើដំណើរ​បាន​។ នៅពេល​ឈឺ​ថ្កាត់​មិនមាន​មន្ទីរពេទ្យ​ទេ គឺ​ជនជាតិភាគតិច​ជង​ខ្នងភ្នំ​ព្យាបាល​តាមរបៀប​ផ្សំ​ថ្នាំបុរាណ​។ នៅពេល​ខ្ញុំ​ឈឺ គ្រុនញាក់ ចាស់ៗ​នៅ​ភូមិ​ហៅថា គ្រុន​អណ្ដើក​។ ម្ដាយ​ខ្ញុំ​បាន​យក​សំបក​ដើមថ្កូវ និង​ស្លឹកម្លូ​ទុំ​ដែល​ជ្រុះ​មក​ដុត​កម្លោច​រួច​យកមក​ត្រាំ​ទឹក​ឲ្យ​ខ្ញុំ​ផឹក​។ ពេលខ្លះ​ខ្ញុំ​បានជា​សះស្បើយ​ពី​ជំងឺ​។​

​កាលពី​តូច​ខ្ញុំ​រៀនសូត្រ​បាន​តិច​ប៉ុណ្ណោះ គឺ​នៅមុន​ឆ្នាំ​១៩៧០ ខ្ញុំ​បាន​រៀន​ជាមួយ​លោកគ្រូ​ឈ្មោះ សំ បាន​រយៈពេល​ប្រាំ​មួយខែ​។ លោកគ្រូ​សំ​ត្រូវបាន​ខ្មែរក្រហម​សម្លាប់ នៅពេល​គាត់​ធ្វើដំណើរ​ទៅ​ស្រុក​ភ្នំក្រវាញ​។ ខ្មែរក្រហម​ចោទថា លោកគ្រូ សំ គឺជា សេ​.​អ៊ី​.​អា ពីព្រោះ​ពេលធ្វើ​ដំណើរ​គាត់​ចូលចិត្ត​ដាក់​សៀវភៅ​ប៊ិក​ជាប់​នឹង​ខ្លួន​។​ក្រោយមក​ខ្ញុំ​បាន​ទៅ​រស់នៅ​ជាមួយ​ឪពុកចិញ្ចឹម​។​ឪពុកចិញ្ចឹម​បាន​ឲ្យ​ខ្ញុំ​បួស និង​រៀនអក្សរ​បាលី​។ ខ្ញុំ​អាច​អាន និង​សរសេរ​អក្សរ​បាន​ចាប់តាំងពី​ពេលនោះ​។

​នៅពេល​មាន​រដ្ឋប្រហារ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជាច្រើន​ហោះ​ឆ្វែល​លើ​ភូមិ​។​ពេលនោះ​ខ្ញុំ​នៅ​ក្មេង មិនបាន​ដឹងថា​អាច​នឹង​កើតមាន​គ្រោះថ្នាក់​ទេ​គឺ​ខ្ញុំ​នៅ​លេង​សប្បាយ​ជាមួយ​ក្មេងៗ​នៅក្នុង​ភូមិ​។​ចាស់ៗ​នៅក្នុង​ភូមិ​តែងតែ​ហាមឃាត់​មិន​ឲ្យ​ខ្ញុំ​ចេញមក​ខាងក្រៅ គឺ​ឲ្យ​ខ្ញុំ​ចូលទៅ​ពួន​នៅក្នុង​ព្រៃ​រហូត​ដល់ពេល​សភាពការណ៍​ស្ងប់ស្ងាត់​ទើប​ចាស់ៗ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូលមក​ក្នុងភូមិ​វិញ​។​

​នៅ​ឆ្នាំ​១៩៧៤ យោធា​ខ្មែរក្រហម​បានជ្រើសរើស​កម្លាំង​យុវជន យុវនារី​ក្នុងភូមិ​ឲ្យ​ទៅ​នៅក្នុង​កងចល័ត និង​ធ្វើ​ការងារ​លើកភ្លឺស្រែ និង​ច្រូតស្រូវ​ពេល​រដូវ​ប្រមូល​ផល​។​ពេលនោះ​ខ្ញុំ​នៅ​តូច​នៅឡើយ​ដូច្នេះ​ខ្មែរក្រហម​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ឃ្វាលក្របី​។​បន្ទាប់មក​នៅ​រដូវប្រាំង​ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​លើក​ទំនប់​នៅ​ការដ្ឋាន និង​លើក​ផ្លូវ​ចាប់ពី​ភូមិរ​វៀង​រហូតដល់​ស្រុក​ពាម​ព្រួស​។ ឈ្មោះ យាម រឹម គឺជា​ប្រធាន​កង និង​ដឹកនាំ​កងចល័ត​របស់ខ្ញុំ​។​

​នៅពេល​ខ្មែរក្រហម​ទទួល​ជ័យជម្នះ នៅ​ទី​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ ភូមិ​វាលវែង​ស្ថិតនៅក្នុង​ស្រុក​ពាម​ព្រួស តំបន់​៦ ភូមិភាគ​ពាយ័ព្យ​។ មន្ទីរ​ស្រុក​ពាម​ព្រួស​ស្ថិតនៅ​ក្នុងភូមិ​ទួល​ក្រួស ដែល​សព្វថ្ងៃ​ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ចំណែក​មន្ទីរ​តំបន់​៦ ស្ថិតនៅ​ក្នុងភូមិ​រវៀង ស្រុក​លាច ដែល​សព្វថ្ងៃ​ស្ថិតនៅ​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើ​ការងារ​នៅក្នុង​កងចល័ត​រហូត​ដល់​ឆ្នាំ​១៩៧៦​។

​ថ្ងៃមួយ​ខ្ញុំ​មាន​ជំងឺ​និង​ត្រូវបាន​បញ្ជូន​ដេកពេទ្យ​នៅ​មន្ទីរពេទ្យ​ស្រុក​ពាម​ព្រួស​។​សំណាងល្អ​ខ្ញុំ​បាន​ជួប​ម្ដាយមីង​ខ្ញុំ​ធ្វើការ​នៅ​មន្ទីរពេទ្យ​នោះ​។ គាត់​កាន់​ខាង​សេដ្ឋកិច្ច​ដោយ​ទទួលខុសត្រូវ​ខាង​ឃ្លាំង​ថ្នាំ​និង​ឃ្លាំង​អង្ករ​។​បន្ទាប់ពី​ខ្ញុំ​បានជា​សះស្បើយ​ម្ដាយមីង​របស់ខ្ញុំ​មិន​ឲ្យ​ខ្ញុំ​ត្រឡប់មក​អង្គភាព​កងចល័ត​វិញ​ទេ គឺ​គាត់​ឲ្យ​ខ្ញុំ​នៅ​ធ្វើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ពាម​ព្រូស​ខាង​ផ្នែក​សេដ្ឋកិច្ច​ឃ្លាំង​ថ្នាំពេទ្យ​ជាមួយ​គាត់​។ នៅពេលនោះ​មាន​អ្នកជំងឺ​គ្រុនចាញ់​ច្រើនណាស់​។ ខ្ញុំ​ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ដើរ​ចាប់​មូស​ដែកគោល​នៅពេល​យប់​។ អង្គការ​បាន​ចាត់តាំង​ឲ្យ​ចាប់​មូស​ដែកគោល ដើម្បី​យកមក​ពិសោធន៍​សម្រាប់​ផលិត​ថ្នាំ​គ្រុនចាញ់​។
​ខណៈពេលដែល​ខ្ញុំ​ធ្វើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ពាម​ព្រូស ធ្លាប់​បានឃើញ​អ្នកជំងឺ​ហើម​ច្រើន ពីព្រោះ​អ្នកជំងឺ​ទាំងនោះ​ខ្វះ​ជីវជាតិ និង​អាហារ​។​ពេល​ប្រជាជនមាន​ជំងឺ​ហើម​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គ្រូពេទ្យ​ខ្មែរក្រហម​បានផ្តល់​ថ្នាំ​អាចម៍​ទន្សាយ​ឲ្យ​អ្នកជំងឺ​ទាំងនោះ​លេប​។ ប្រធាន​មន្ទីរពេទ្យ​ស្រុក​ពេលនោះ​មានឈ្មោះ នារី​ស៊ីម ចំណែក​គណៈ​ស្រុក​ពាម​ព្រួស​ឈ្មោះ តា​កើន​។

​នៅ​ឆ្នាំ​១៩៧៧​ប្រជាជន​ដែល​រស់នៅ​ភូមិ​វាលវែង​ត្រូវបាន​ជម្លៀស​មក​នៅ​ស្រុក​លាច​ទាំងអស់​។​ភូមិ​វាលវែង​និង​តំបន់​អូរ​សោម​មិនមាន​ប្រជាជន​រស់នៅ​ទេ គឺ​មានតែ​យោធា​ខ្មែរក្រហម​បោះទីតាំង​ប៉ុណ្ណោះ​។​ចំណែក​ស្រុក​ពាម​ព្រួស​និង​តំបន់​៦​ត្រូវបាន​ខ្មែរក្រហម​រំលាយចោល​។ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ផ្លាស់​ឲ្យ​ទៅធ្វើជា​ពេទ្យ​កងទ័ព​ប្រចាំការ​នៅ​ព្រំដែន​ខ្មែរ​-​ថៃ​ដែលមាន​ឈ្មោះ​លឿម​គឺជា​ប្រធាន​ពេទ្យ​យោធា​តំបន់​ពោធិ៍សាត់​។ ពេលនោះ​អង្គភាព​ពេទ្យ​របស់ខ្ញុំ​ប្រចាំការ​នៅ​ម្តុំ​ថ្មដា​ធំ​និង​នៅ​ស្ទឹង​មេទឹក​។​ខ្ញុំ​ធ្វើការ​នៅ​អង្គភាព​ពេទ្យ​យោធា​រហូតដល់​កងទ័ព​វៀតណាម​វាយ​ចូលមក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩​។ បន្ទាប់មក​ខ្ញុំ​ត្រឡប់មក​ភូមិ​ព្រែក​ស្រុក​លាច ដើម្បី​ស្វែងរក​ម្ដាយ​និង​ក្រុមគ្រួសារ​របស់ខ្ញុំ​។ ក្រោយមក​ខ្ញុំ​បាន​រៀបការ​និង​បន្ត​រស់នៅ​ភូមិ​ព្រែក ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ រហូតដល់​សព្វថ្ងៃ​៕​សរន​