ដោយ: បូកគោ / កំពត: ទោះបីឆ្នាំនេះការប្រមូលផលស្រូវនៅទូទាំងប្រទេសមានលក្ខណៈល្អប្រសើរហើយអាច នាំចេញទៅលក់ក្រៅប្រទេសបានតម្លៃសមរម្យក្តី អាជ្ញាធរមូលដ្ឋានត្រូវជំរុញប្រជាកសិករឱ្យបង្កើនការ ដាំដុះដំណាំ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារដើម្បីប្រែក្លាយជីវភាពបានកាន់តែធូរធារបន្ថែមទៀត។ នេះជាប្រសាសន៍ផ្តាំផ្ញើរបស់ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា សាខាខេត្តកំពត ក្នុងឱកាសចែកអំណោយមនុស្សធម៌ដល់ពលរដ្ឋខ្វះខាត១០០គ្រួសារ មកពីស្រុកដងទង់ និងស្រុកកំពង់ត្រាច កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅបរិវេណវិទ្យាល័យព្រះបិតាជាតិស្រុកកំពង់ត្រាច។
លោក ជាវ តាយ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនពឹងផ្អែកលើការដាំដុះដំណាំ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញលើកទឹកចិត្តក្នុងវិស័យកសិកម្ម ។ ផ្នែកនេះក៏ជាផែនការកម្មវិធីរបស់ជំនាញដើម្បីធានាបាននូវសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកអភិបាលខេត្តបានបនញ្ជាក់ថា ជាក់ស្ដែងស្ថិត ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីត១៩ ដែលសេដ្ឋកិច្ចទូទាំងពិភពលោករងផលប៉ះពាល់ធ្ងន់ធ្ងរនោះ តាមរយៈការជំរុញលើកទឹកចិត្តផ្នែកដាំដុះដំណាំ និងចិញ្ចឹមសត្វនេះ កម្ពុជានៅមិនទាន់មានពលរដ្ឋណាម្នាក់ស្លាប់ដោយសារខ្វះអាហារឡើយ។ ម្ល៉ោះហើយ អំណោយដែល ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះគ្រាន់តែជាការរួមចំណែករំលែកក្តីលំបាកខ្វះខាតមួយរយៈខ្លីប៉ុណ្ណោះ។ បញ្ហាសំខាន់បងប្អូនត្រូវបន្តយកចិត្តទុកដាក់ដាំដុះដំណាំ ចិញ្ចឹមសត្វរួមផ្សំដើម្បីធានា និងបង្កើនជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាមួយនេះផងដែរ លោកជាវ តាយបានអំពាវនាវ និងលើកទឹកចិត្តថាពលរដ្ឋគ្រប់រូបត្រូវបន្តអនុវត្តវិធានអនាម័យ រស់នៅស្អាត ផឹកស្អាត ហូបស្អាតជាប្រចាំ។ លើសពីនោះត្រូវអនុវត្តវិធានសុវត្ថិភាពសង្គមដោយរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កុំឱ្យឆ្លងចូលសហគមន៍។ បើមិនមានការចាំបាច់ណាមួយទេសូមកុំចូលរួមក្នុងកម្មវិធីនានាដែលមានមនុស្សច្រើនព្រោះជំងឺនេះមិនទាន់ផុតរលត់ពីពិភពលោកនៅឡើយទេ៕