ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈនៅថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយការគាំទ្រពីយូនីសេហ្វ បានប្រកាសចាប់ផ្ដើមអនុវត្តយុទ្ធនាការសម្រាប់ការចូលរៀនវិញនៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឱ្យកុមារកម្ពុជាចូលរៀនវិញ ហើយនៅតែបន្តអនុវត្តឥរិយាបថសុវត្ថិភាព ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩។
យុទ្ធនាថ្មីសម្រាប់ការចូលរៀនវិញៈ”ការពារខ្លួនឥឡូវនេះកុំចាំស្អែក”(រូបថតក្រសួងអប់រំ)
ខណៈដែលឆ្នាំសិក្សាថ្មីបានចាប់ផ្ដើម ហើយជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមក្នុងសកលលោកនៅឡើយយុទ្ធនាការថ្មីនេះ មានសារសំខាន់ក្នុងការធានាឱ្យបរិស្ថានសាលារៀនមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ យុទ្ធនាការក៏មានគោលបំណងផ្សព្វផ្សាយព័ត៌មានដល់គ្រួសារ និងកុមារ ដែលការរៀនសូត្ររបស់ខ្លួនត្រូវបានរំខានដោយជំងឺឆ្លងនេះ ដោយលើកទឹកចិត្តឱ្យពួកគេផ្ដល់អាទិភាពដល់ការរៀនសូត្រ បើទោះជាត្រូវជួបនឹងការលំបាកយ៉ាងណាក៏ដោយ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វយុទ្ធនាការនេះធ្វើឡើងក្រោមប្រធានបទ “ការពារខ្លួនឥឡូវនេះ កុំចាំស្អែក” ដោយពង្រឹងការអនុវត្តឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ ក៏ដូចជាផ្សព្វផ្សាយសារជាច្រើនដទៃទៀត ដើម្បីឱ្យសាលារៀនមានបរិស្ថានសុវត្ថិភាព សុខភាពល្អ និងការអភិវឌ្ឍសម្រាប់កុមារ។ សារអប់រំទាំងនេះ នឹងត្រូវបានផលិតជាវីដេអូ ផ្ទាំងរូបភាព ស្ប៉តវិទ្យុ និងសារជាអក្សរ ជាមួយភាពច្នៃប្រឌិត សម្រាប់ផ្សព្វផ្សាយទៅទូទាំងប្រទេស។ សម្ភារផ្សព្វផ្សាយក៏មានបោះពុម្ពជាខិត្តប័ណ្ណ និងជាប្រភេទល្បែងកម្សាន្តជាដើម សម្រាប់ឱ្យកុមារយកទៅផ្ទះវិញ ដើម្បីឱ្យសារអប់រំអាចជ្រួតជ្រាបទៅដល់គ្រួសារ និងសហគមន៍។ លើសពីនេះក៏មានការផលិត សៀវភៅណែនាំជារូបភាពសម្រាប់គ្រូ និងនាយកសាលា អំពីគោលការណ៍ណែនាំស្ដីពីសុវត្ថិភាព ព្រមទាំងបញ្ជីត្រួតពិនិត្យនិងដំបូន្មាន សំខាន់ៗសម្រាប់ចែកជូនសាលារៀនជាង១៦.៥០០០សាលាដើម្បីឱ្យលោកគ្រូអ្នកគ្រូអាចចាប់ផ្ដើមត្រៀមខ្លួនពេញលេញសម្រាប់ឆ្នាំសិក្សាថ្មី។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “អាទិភាពរបស់យើងក្នុងអំឡុងពេលមានជំងឺឆ្លងរាលត្បាតជាសកលកូវីដ-១៩ គឺការពារសុវត្ថិភាពកុមារ រួមទាំងប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើបានទាំងអស់ ដើម្បីជួយឱ្យពួកគេនៅតែបន្តទទួលបានការអប់រំ។ យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាចំនួនករណីឆ្លងជំងឺនេះឱ្យនៅតិចបំផុត បើធៀបនឹងប្រទេសដទៃទៀតនៅក្នុងពិភពលោក ហើយស្របពេលជាមួយគ្នា ធានាឱ្យមានការរៀនសូត្រពីចម្ងាយសម្រាប់សិស្សានុសិស្សគ្រប់រូប និងបើកដំណើរការសាលារៀនឡើងវិញឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។
លោកបានបន្តទៀតថា “ឥលូវនេះ ឆ្នាំសិក្សាថ្មីបានចាប់ផ្ដើម ហើយយើងចង់បញ្ជាក់ពីសាររបស់យើងឱ្យបានច្បាស់ថាយើងចង់ឱ្យកុមារវិលត្រឡប់ចូលសាលារៀនវិញ និងចង់ឱ្យពួកគេដឹងថា យើងទាំងអស់គ្នាប្រឹងប្រែងធ្វើការងារយ៉ាងច្រើន ដើម្បីការពារពួកគេពីការឆ្លងមេរោគនេះ។ ពួកគេក៏ចាំបាច់ត្រូវបំពេញតួនាទីរបស់ខ្លួន ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំដែលផ្សព្វផ្សាយក្នុងយុទ្ធនាការនេះ”។
យុទ្ធនាថ្មីសម្រាប់ការចូលរៀនវិញៈ”ការពារខ្លួនឥឡូវនេះកុំចាំស្អែក”(រូបថតក្រសួងអប់រំ)
យុទ្ធនាការនេះទទួលបានថវិកាគាំទ្រពីសហភាពអឺរ៉ុបនិងភាពជាដៃគូសកលសម្រាប់ការអប់រំ(GPE)។យុទ្ធនាការនឹងត្រូវអនុវត្តដោយផ្អែកលើជោគជ័យ ដែលទទួលបានពីយុទ្ធនាការដែលក្រសួងនិងយូនីសេហ្វបានអនុវត្តកាលពីខែកញ្ញាឆ្នាំ២០២០កន្លងមកក្នុងគោលបំណង ប្រកាសបើកដំណើរការសាលារៀនឡើងវិញ ក្រោយពីបានបិទទ្វារអស់រយៈពេល ៦ខែមក។
លោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបង្កបញ្ហាប្រឈមចម្បងៗជាច្រើនដល់វិស័យអប់រំ ដោយបង្កើតជាការបញ្ហាលំបាកធ្ងន់ធ្ងរដល់សិស្ស និងគ្រួសារពួកគេ។ ខណៈដែលការរៀនសូត្រតាមអនទ្បាញ ត្រូវបានដាក់ឱ្យអនុវត្តក្រោមកិច្ចដឹកនាំដ៏រឹងមាំរបស់ក្រសួងអប់រំ យុវជន និងកីទ្បា វានៅតែមិនអាចជំនួសឱ្យការបង្រៀននៅក្នុងថ្នាក់បានទ្បើយ ហើយក៏មិនមានសិស្សគ្រប់គ្នាអាចប្រើប្រាស់វាបានទាំងអស់នោះដែរ។ ដូច្នេះកុមារគ្រប់រូប គួរត្រូវបានជំរុញឱ្យត្រលប់ចូលរៀនវិញ ជាមួយនឹងអារម្មណ៍មានសុវត្ថិភាព។ ហេតុដូចនេះ ខ្ញុំសូមស្នើដល់អ្នកគ្រប់គ្នា ទាំងនាយិកា នាយកសាលា អ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ ឱ្យអនុវត្តវិធីការពារខ្លួនចាំបាច់នានា ដើម្បីធានាថាសាលារៀនមានបរិស្ថានសុវត្ថិភាពសម្រាប់គ្រប់គ្នា។
លោកស្រីឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវការកោតសរសើរចំពោះភាពជាដៃគូដ៏រឹងមាំ រវាងសហភាពអឺរ៉ុប និងកម្ពុជានៅក្នុងវិស័យអប់រំ ដែលបានចាប់ផ្តើមកាលពីជាង១៥ឆ្នាំមុន ដោយបានចូលរួមចំណែកក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំជាតិ ក្នុងគោលបំណងធានាថាកុមារកម្ពុជាគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព។ លោកស្របានបញ្ចប់មតិរបស់ខ្លួនថា “ការអប់រំគឺជា សិទ្ធិជាមូលដ្ឋាន និងចាំបាច់ ដើម្បីធានាឱ្យមាននូវអនាគតដ៏រុងរឿងសម្រាប់ប្រទេស និងប្រជាពលរដ្ឋខ្លួន។”
យុទ្ធនាថ្មីសម្រាប់ការចូលរៀនវិញៈ”ការពារខ្លួនឥឡូវនេះកុំចាំស្អែក”(រូបថតក្រសួងអប់រំ)
លោកស្រី អាលីស អលប្រ៊ៃធ៍ នាយិកាប្រតិបត្តិនៃភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) បានមានប្រសាសន៍ថា៖ “ជំងឺរាតត្បាតបាននឹងកំពុងបង្កការលំបាកយ៉ាងខ្លាំងដល់កុមារក្នុងការនៅបន្តការរៀនសូត្រ។ស្របពេលដែលការសិក្សាពីចម្ងាយត្រូវបានផ្តល់ឱ្យសិស្សសម្រាប់បន្តការរៀនសូត្រ វានៅតែមិនមែនជាមធ្យោបាយជំនួសឱ្យការប្រាស្រ័យទាក់ទងគ្នារវាងសិស្សនិងគ្រូនៅក្នុងថ្នាក់ រៀនទ្បើយ។ ការគាំទ្ររបស់ភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបើកដំណើរការ សាលារៀនទ្បើងវិញប្រកបដោយសុវត្ថិភាពដើម្បីឱ្យកុមារអាចការពារខ្លួនបានពីការឆ្លងជំងឺកូវីដ-១៩នៅពេលពួកគេត្រឡប់ចូលរៀន វិញនៅសាលា។”
យុទ្ធនាការនេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយទៅដល់អ្នកគ្រូ លោកគ្រូ ឪពុកម្ដាយ និងអាណាព្យាបាល ក៏ដូចជាកុមារ និងយុវជន។ រាល់សម្ភារផ្សព្វផ្សាយសុទ្ធតែមានលក្ខណៈបរិយាបន្ន ដោយមានការបកប្រែជាភាសាជនជាតិដើមភាគតិចចំនួនបួនភាសា។ ការផ្សព្វផ្សាយ នឹងត្រូវធ្វើទ្បើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាតាមរយៈការផ្ញើសារឱ្យចំមនុស្សគោលដៅដូចជាប្រើកម្មវិធី Whatsapp Telegram និង Facebook Messenger ជាដើម។ យូនីសេហ្វ នឹងផ្ដល់សម្ភារផ្សព្វផ្សាយទាំងនេះទៅដល់ដៃគូ ដែលកំពុងបំពេញការងារក្នុងវិស័យអប់រំនៅកម្ពុជា ដើម្បីឱ្យដៃគូអាចយកទៅប្រើប្រាស់ និងកែសម្រួលទៅតាមភាពសមស្រប ដើម្បីធានាឱ្យមានការទទួលសម្រេចបានលទ្ធផលជាអតិបរមានៅទូទាំងប្រទេស។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “កុមារកម្ពុជា ទទួលរងនូវការរំខានធ្ងន់ធ្ងរចំពោះការអប់រំរបស់ពួកគេកាលពីឆ្នាំមុន ហើយពួកគេជាច្រើននាក់បានខកខានពុំបានរៀនសូត្រនោះឡើយ។ ខណៈពេលយើងឈានមកដល់ឆ្នាំ២០២១ និងកំពុងគិតគូរជាថ្មីអំពីពិភពលោកក្រោយមានជំងឺរាតត្បាត វាជាការសំខាន់ណាស់ដែលយើងត្រូវធ្វើការងាររួមគ្នា ដើម្បីឱ្យសាលារៀនមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន និងត្រូវបញ្ចៀសកុំឱ្យមានវិបត្តិការអប់រំ។ យើងជឿជាក់ថា យុទ្ធនាការប្រកបដោយភាពច្នៃប្រឌិតនេះ នឹងភ្ជាប់ទំនាក់ទំនងរវាងកុមារ គ្រួសារ និងគ្រូបង្រៀនព្រមទាំងបង្កើនទំនុកចិត្តលើសុវត្ថិភាពនៅក្នុង សាលារៀន និងគូសបញ្ជាក់ជាថ្មីពីគុណតម្លៃនៃការអប់រំ សម្រាប់កុមារកម្ពុជាគ្រប់រូប”។
យុទ្ធនាការនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Melon Rouge Agency ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ។ រាល់សម្ភារផ្សព្វផ្សាយដែលប្រើប្រាស់ក្នុងយុទ្ធនាការនេះ អាចរកបានតាមរយៈបណ្តាញសង្គម ក្រសួងអប់រំ យុវជន និងកីទ្បា និងវេបសាយយូនីសេហ្វកម្ពុជា៕សរន
យុទ្ធនាថ្មីសម្រាប់ការចូលរៀនវិញៈ”ការពារខ្លួនឥឡូវនេះកុំចាំស្អែក”(រូបថតក្រសួងអប់រំ)
យុទ្ធនាថ្មីសម្រាប់ការចូលរៀនវិញៈ”ការពារខ្លួនឥឡូវនេះកុំចាំស្អែក”(រូបថតក្រសួងអប់រំ)
យុទ្ធនាថ្មីសម្រាប់ការចូលរៀនវិញៈ”ការពារខ្លួនឥឡូវនេះកុំចាំស្អែក”(រូបថតក្រសួងអប់រំ)
យុទ្ធនាថ្មីសម្រាប់ការចូលរៀនវិញៈ”ការពារខ្លួនឥឡូវនេះកុំចាំស្អែក”(រូបថតក្រសួងអប់រំ)